អគ្គនាយកអាជ្ញាធរជាតិអប្សរាចុះពិនិត្យមើលទីតាំងរៀបចំផ្លូវទស្សនាប្រាសាទបាយ័នថ្មី


នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយអគ្គនាយក ឯកឧត្តម ហង់ ពៅ តំណាងលេខាធិការដ្ឋានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ក្រុមការងារJASA រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ បានចុះពិនិត្យមើលទីតាំងរៀបចំផ្លូវទស្សនាប្រាសាទ បាយ័នថ្មីនៅពេលដែលការជួសជុលតួប៉មមួយចំនួននៅជាន់ទី៣កាន់តែខិតជិតមកដល់។

វង់ទស្សនានេះនឹងត្រូវរៀបចំ ឡើងដោយក្រុមការងារនៃនាយកដ្ឋានជំនាញពាក់ព័ន្ធមួយចំនួននៃអាជ្ញាធរជាតិអប្សរា ព្រមទាំងយកផែនទីវង់ទស្សនានេះដាក់ពិនិត្យឆ្លងយោបល់របស់អ្នកជំនាញរបស់គណៈកម្មាធិការអាយសីុសីុ-អង្គរនាពេលខាងមុខ។

គួរបញ្ជាក់ថា គម្រោងជួសជុលតួប៉មមួយចំនួននៅជាន់ទី៣នៃប្រាសាទបាយ័នត្រូវបានគណៈ កម្មាធិការអាយស៊ីស៊ី-អង្គរអនុម័តឯកភាពឲ្យជួសជុលក្នុងកិច្ចប្រជុំនាពេលកន្លងមក និងផ្នែកខ្លះនៃប្រាសាទបាយ័នត្រូវបិទដើម្បីដំណើរការជួសជុលអភិរក្ស។ ប៉ុន្តែដោយមូលហេតុ ប្រាសាទបាយ័នជាប្រាសាទដែលភ្ញៀវទេសចរចាំបាច់ត្រូវទស្សនាខានមិនបាន អាជ្ញាធរជាតិអប្សរាមានការចាំបាច់ត្រូវធ្វើការសិក្សាអំពីផែនទីហានិភ័យ និងរៀបចំវង់ទស្សនាថ្មីមួយដែលអនុញ្ញាតឲ្យភ្ញៀវអាចទស្សនាប្រាសាទ បាយ័នផង និងសកម្មភាពជួសជុលអភិរក្សតួប៉មប្រាសាទអាចប្រព្រឹត្តទៅដោយរលូនផង៕