ឯកឧត្ដម គន់ គីម នាំយកពូជស្រូវសែនក្រអូបជាង ១១០តោន ទៅផ្តល់ជូនប្រជាកសិករ នៅស្រុកចំនួនពីរ ក្នុងខេត្តក្រចេះ


ឯកឧត្ដមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកពូជស្រូវសែនក្រអូបចំនួន ១១០តោន ១៧៥គីឡូក្រាម ទៅផ្តល់ជូនបងប្អូនប្រជាកសិករចំនួន ១.៦០២គ្រួសារ នៅស្រុកចំនួនពីរ ក្នុងខេត្តក្រចេះកាលពីថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័កព.ស. ២៥ ៦៣ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ។

ការផ្តល់ពូជស្រូវសែនក្រអូបដល់ប្រជាកសិករចំនួនពីរស្រុកនាពេលនេះ គឺស្រុកឆ្លូងមានចំនួន ៧ឃុំ គឺឃុំពង្រ ឃុំឆ្លូង ឃុំព្រែកសាម៉ាន់ ឃុំខ្សាច់អណ្តែត ឃុំហាន់ជ័យ ឃុំកញ្ជរ និងឃុំដំរីផុង ដែលមានប្រជាកសិករសរុបចំនួន ៧១៥គ្រួសារ ផ្តល់ពូជស្រូវចំនួន ៤៤តោន និង៩៧៥ គីឡូក្រាម សម្រាប់ស្តារឡើងវិញផ្ទៃដីស្រូវដែលខូចខាតដោយទឹកជំនន់ចំនួន ៤៦០ហិកតា និងមួយផ្នែកទៀតដឹកនាំដោយលោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ ចុះទៅស្រុកព្រែកប្រសព្វ មានចំនួន ២ឃុំ គឺឃុំសោប និងឃុំជ្រោយបន្ទាយ ដែលមានប្រជាកសិករចំនួន ៧២១គ្រួសារ ផ្តល់ជូនពូជស្រូវសែនក្រអូបចំនួន ៦៥តោន និង២០០គីឡូក្រាមសម្រាប់ ស្តារឡើងវិញនូវផ្ទៃដីស្រូវដែលខូចខាតដោយទឹកជំនន់ទន្លេមេគង្គចំនួន ៨៨១ហិកតា។

ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តែងតែបានគិតគូរពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនដែលបានទទួលរងគ្រោះក្នុងពេលទឹកជំនន់និងក្រោយ ទឹកជំនន់ដោយមិនទុកឱ្យបងប្អូនណាម្នាក់ស្លាប់ដោយអត់បាយនោះទេ ។

ឯកឧត្ដមមានប្រសាសន៍បន្តថា បងប្អូនប្រជាកសិករ មានលទ្ធភាពក្នុងការស្តារឡើងវិញនូវផ្ទៃដីស្រូវវស្សាដែលខូចខាតដោយទឹកជំនន់ និងមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ធ្វើកសិកម្មឡើងវិញ ប៉ុន្តែបងប្អូនមានការខ្វះខាតពូជស្រូវ ទើបរាជរដ្ឋាភិបាលសម្រេចផ្តល់នូវពូជស្រូវជូននាពេលនេះ ។ ឯកឧត្តម ក៏បានជំរុញឱ្យបងប្អូនប្រជាកសិករទាំងអស់ត្រូវខិតខំបង្កបង្កើនផលឱ្យទាន់រដូវកាល ពិសេសក្រោយទឹកសម្រក និងត្រូវធ្វើការថែបំប៉នស្រូវរបស់ខ្លួនឱ្យបានល្អប្រសើរ ។ ឯកឧត្ដមបានផ្តល់អនុសាសន៍ថា ក្រៅពីការធ្វើស្រែ បងប្អូនត្រូវដាំដំណាំរួមផ្សំគ្រប់ប្រភេទ និងចិញ្ចឹមសត្វផងដែរ ។ ក្នុងឱកាសនោះដែរឯកឧត្ដមបានជំរុញឱ្យអាជ្ញាធរគ្រប់ថ្នាក់ទាំងអស់ត្រូវបន្តការងាររបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ៕