ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ឡេ មិញខាយ (H.E Mr Le Minh Khai) អគ្គអធិការ (រដ្ឋមន្ត្រី) នៃ អគ្គលេខាដ្ឋានអធិការកិច្ចរដ្ឋាភិបាលវៀតណាម នៃ សាធារណរដ្ឋ សង្គមនិយមវៀតណាម លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ទំនាក់ ទំនង ជាមួយ រដ្ឋសភា -ព្រឹទ្ធសភា និងអធិការកិច្ច នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃក្រសួង ទំនាក់ ទំនង ជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនឹងទៅបំពេញទស្សនកិច្ចផ្លួវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានឲ្យដឹងថា៖ ក្នុងដំណើរទស្សនកិច្ចនេះមានគោលបំណងអនុវត្ត អនុស្សារណៈយោគយល់ ដែលស្ថាប័នគ្រប់គ្រង វិស័យអធិការកិច្ច នៃប្រទេសទាំងពីរ បានចុះហត្ថលេខាតាំងពីឆ្នាំ ២០០៥ កន្លងមក និង ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ និង ផ្លាស់ប្តូរបទពិសោធន៍ លើការងារអធិការកិច្ច ការដោះស្រាយបណ្តឹងតវ៉ា បណ្តឹងបរិហារ និងការទប់ស្កាត់អំពើពុករលួយ។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ទៀតថា៖ ក្នុងអំឡុងពេលទស្សនកិច្ចនេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នឹងចូលជួបសំដែងការគួរសម ជាមួយនាយករដ្ឋមន្រ្តីវៀតណាម និងជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម ឡេ មិញខាយ អគ្គអធិការ នៃអគ្គលេខាការដ្ឋាន អធិការកិច្ចរដ្ឋាភិបាលវៀតណាម ។ ក្រៅពីនេះគណៈប្រតិភូក្រសួង នឹង ធ្វើទស្សនកិច្ច ដកស្រង់បទពិសោធន៍នៅទីក្រុងហាណូយ ទីក្រុងដាណាំង (Da Nang) និង ក្រុងហូជីមិញ (Ho Chi Minh)។
សូមបញ្ជាក់ថា៖ ប្រតិភូអមដំណើរលោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន នាពេលនេះរួមមាន ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ ឯកឧត្តម សុត គីមសាន អនុរដ្ឋលេខាធិការ ឯកឧត្តម ប៉ែន ច័ន្ធសុខរិន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការទូទៅ ឯកឧត្តម ឈួរ រស្មីឬទ្ធិ ប្រតិភូ រាជរដ្ឋាភិបាល ទទួល បន្ទុកអគ្គនាយកដ្ឋានអធិការកិច្ច ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីជំនាញក្រសួងមួយចំនួនទៀត ៕