ប្រធានាធិបតីហុងគ្រី នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងប្រទេសកម្ពុជា នៅចុងខែនេះ


លោក Janos Ader ប្រធានាធិបតីហុងគ្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងប្រទេសកម្ពុជា នាចុងខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមខ្លឹមសារ នៃជំនួបរវាង លោកប្រធានាធិបតីហុងគ្រី ជាមួយសម្តេចតេជោ ហ៊ុន សែន នៅប្រទេសហុងគ្រី នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។

ការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធានាធិបតីហុងគ្រី មកកាន់ប្រទេសកម្ពុជា ធ្វើឡើងតាមការអញ្ជើញរបស់ ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ នេះបើតាម ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

ឯកឧត្តមបានអះអាងថា ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នារសៀលនោះប្រធានាធិបតីហុងគ្រី អរគុណនូវការអញ្ជើញរបស់ ព្រះមហាក្សត្រកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសកម្ពុជា ហើយលោកប្រធានាធិបតី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងប្រទេសកម្ពុជា នៅចុងខែតុលា ខាងមុខនេះ។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងហុងគ្រី។ សម្តេចបានមានប្រសាសន៍ថា ព្រះមហាក្សត្រកម្ពុជា ទ្រង់រង់ចាំទទួលនូវដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតី ទៅកាន់ប្រទេសកម្ពុជា នៅពេលខាងមុខនេះ។

ក្រៅពីចូលរួមកិច្ចប្រជុំផ្លូវការ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញលោកប្រធានាធិបតីហុងគ្រី ទស្សនាអង្គវត្ត របស់ប្រទេសកម្ពុជាផងដែរ។

សម្តេចបានថ្លែងអំណរគុណដល់ប្រធានាធិបតីហុងគ្រី ហើយរង់ចាំទទួលស្វាគមន៍លោកប្រធានាធិបតី មកកាន់ប្រទេសកម្ពុជា នៅពេលខាងមុខនេះ៕