ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីក្រុមហ៊ុនMinebeaMitsumi


ថ្ងៃចន្ទ ០១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេស រដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីក្រុមហ៊ុន MinebeaMitsumi ដឹកនាំដោយលោក YOSHIHISA KAINUMA នាយកប្រតិបត្តិរបស់ក្រុមហ៊ុន។

លោក YOSHIHISA KAINUMA បានជម្រាបជូនឯកឧត្តមរដ្ឋលេខាធិការអំពីវិសាលភាពនៃប្រតិបត្តិ ការអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងប្រទេសជប៉ុនទាក់ទងនឹងការវិនិយោគលើគម្រោងភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាត(Smart LED) និងមានបំណងចង់វិនិយោគលើវិស័យនេះនៅក្នុងប្រទេសកម្ពុជា។ លោក បានសម្តែងនូវសុឆន្ទៈក្នុងការសហប្រតិបត្តិការជាមួយក្រសួងសាធារណការ និង ដឹកជញ្ជូន ដើម្បីចូលរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ចំពោះក្រុមហ៊ុនជប៉ុន ដែលមានបំណងចង់វិនិយោគលើគម្រោងភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាត និងបានសម្តែងការគាំទ្រ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីស្វាគមន៍ និងជួយសម្រួលដល់ក្រុមហ៊ុនដែលមានបំណងមកវិនិយោគនៅកម្ពុជាផងដែរ ៕