ខេត្តប៉ៃលិនប្រារព្ធទិវា មនុស្សចាស់កម្ពុជា និងជាទិវាមនុស្សចាស់អន្តរជាតិ ខួបអនុស្សាវរីយ៍ លើកទី២១


ប៉ៃលិន៖ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ខេត្តប៉ៃលិន បានប្រារព្ធទិវា មនុស្សចាស់កម្ពុជា និងជាទិវាមនុស្សចាស់អន្តរជាតិ ខួប អនុស្សាវរីយ៍ លើកទី២១ ក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុលអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហែម ឬទ្ធី អភិបាលរងខេត្ត និងប្រធាន-អនុប្រធានមន្ទីរអង្គភាពកងកំលាំងគ្រប់លំដាប់ថ្នាក់ ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។

បើតាមរបាយការណ៍របស់លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តប៉ៃលិន បានឱ្យដឹងថា៖ នៅក្នុងឆ្នាំ២០១៩ ខេត្តប៉ៃលិន មានមនុស្សចាស់ចាប់ពីអាយុ៦១ឆ្នាំឡើងសរុបមាន ចំនួន ៤៧១៨នាក់ ស្រី ២៣៤១នាក់ ក្នុងនោះជនចាស់ជរាគ្មានទីពឹងចំនួន ១០៦នាក់។

ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍ឱ្យដឹងថា៖ ការប្រារព្ធទិវា មនុស្សចាស់កម្ពុជា និងជាទិវាមនុស្សចាស់អន្តរជាតិ គឺក្នុងគោលបំណងរំលឹកគុណូបការៈរបស់មនុស្សវ័យចាស់ បុព្វការីជន ជីដូនជីតា ឱពុកម្តាយ អ៊ុ ពូ មីង ដែលបានកសាង និងបន្សល់ទុកកេរមរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយ ក្នុងន័យលើកកម្ពស់កិច្ចគាំពារ និងលើកស្ទួយ សុខមាល ភាពរបស់វ័យ ចាស់ អោយកាន់តែប្រសើរឡើង និងបង្ហាញអោយ ឃើញពីតួនាទី ដ៍សំខាន់ របស់ មនុស្ស វ័យចាស់ បុព្វការីជនដែលបានបង្កើតធនធានដ៍មានសារប្រយោជន៍ ព្រមទាំងផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍យ៉ាងច្រើន ឥតគណនាសម្រាប់ មនុស្សជំនាន់ ក្រោយ ជាពិសេសមនុស្សចាស់បានរួមចំណែកអភិវឌ្ឍន៍គ្រួសារ សហគមន៍ អប់រំមនុស្ស ជំនាន់ ក្រោយ អំពីទំនៀមទំលាប់ ប្រពៃណីជាតិ សាសនា ការអភិវឌ្ឍនភូមិ ឃុំ សង្កាត់ កសាង ហេដ្ឋា រចនា សម្ព័ននានាដូចជាផ្លូវ ស្ពាន សាលារៀន មន្ទីពេទ្យ វត្តអារាម ជាដើម។ ឯកឧត្តអភិបាលខេត្ត ក៍បានជំរុញដល់មន្ទីរ ស្ថាប័ន និងអង្គការដៃគូនានា ធ្វើយ៉ាងណាជួយបង្កលក្ខណៈងាយស្រួលដល់សមាគមមនុស្សចាស់ និងជួយជំរុញសកម្មភាពបង្កើតសមាគមមនុស្សចាស់នៅក្នុងមូលដ្ឋាន ដើម្បីបង្កើនស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមក។

សូមបញ្ជាក់ថា៖ នៅក្នុងឱកាសប្រារព្វទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ នេះដែរ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ក៍បានចែកអំណោយជាអង្ករចំនួន ៣៥០០គីឡូក្រាម ថវិកាចំនួន ៤២០០០០០រៀល ដល់ មនុស្សចាស់ចំនួន ១៤០នាក់ មកពីឃុំ/សង្កាត់ទាំង០៨ ក្នុងខេត្តប៉ៃលិន ដែលក្នុង ម្នាក់ៗ ទទួលបានអង្ករ ចំនួន ២៥ គីឡូក្រាម និងថវិកា ចំនួន ៣ម៉ឺនរៀលផងដែរ។