ចាប់ខ្លួនអតីតប្រធានប្រតិបត្តិ CNRP ស្រុកចុងកាល់ ក្រោយកៀរគរកម្លាំង ចូលរួមរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលជាមួយទណ្ឌិត សម រង្ស៉ី


(ឧត្តរមានជ័យ)៖ កម្លាំងនគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះ បានឃាត់ លោក ធឹង សំបាន អតីតប្រធានប្រតិបត្តិ និង ជាអតីតសមាជិកក្រុមប្រឹក្សាស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ក្រោយបុគ្គលនេះ បានកៀរគរកម្លាំងដើម្បីចូលរួមជាមួយរដ្ឋប្រហាររបស់ទណ្ឌិត សម រង្ស៉ី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។

លោក ធឹង សំបាន ត្រូវបានព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តឧត្តរមានជ័យ ចេញដីកាបង្គាប់ឱ្យចូលខ្លួន កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងបទ រួមគំនិតក្បត់ ដែលបទនេះប្រឈមនឹងការជាប់ពន្ធនាគារពី០៥ឆ្នាំ រហូតដល់១០ឆ្នាំ។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី បានប្រកាសវិលចូល ប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងគោលបំណងធ្វើរដ្ឋប្រហារខុសច្បាប់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ក្រោយប្រកាសវិលចូលប្រទេស លោកបានអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាលទៅចុះចូលជាមួយខ្លួន ដោយប្រកាសថានឹងផ្តល់ថវិកាលើកទឹកចិត្តដល់ពួកគេ មិនតែប៉ុណ្ណោះ មេដឹកនាំក្រុមឧទ្ទាមថែមទាំងអំពាវនាវប្រឆាំងរដ្ឋធម្មនុញ្ញដោយ បង្គាប់ឱ្យព្រះមហាក្សត្រដាក់រាជ្យ ដើម្បីរំលាយរបបរាជានិយមថែមទៀតផង។

មួយរយៈក្រោយនេះ កម្លាំងសមត្ថកិច្ចចាប់ខ្លួនអ្នកពាក់ព័ន្ធការធ្វើរដ្ឋប្រហារ និងអ្នកទៅទទួលផែនការពីទណ្ឌិត សម រង្ស៉ី ជាបន្ដបន្ទាប់ក្រោយពេលពួកគេធ្វើសកម្មភាព ដែលសង្ស័យថា ចូលរួមជាមួយទណ្ឌិត សម រង្ស៉ី។ ប៉ុន្ដែក៏មានសកម្មជនមួយចំនួន នៅពេលដឹងខ្លួនខុសក៏បានចូលសារភាពទោសកំហុស នៅចំពោះមុខសមត្ថកិច្ចជាបន្ដបន្ទាប់ដូចគ្នាផងដែរ ហើយក៏បានប្រកាសថា ពួកគេនឹងមិនបន្ដសកម្មភាពនេះទៀតឡើយ៕