(បាត់ដំបង)៖ អ្នកនាំពាក្យ នៃសាលាដំបូងខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ ស្តីពី ការសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទឈ្មោះ អ៊ុត ជឿន ភេទប្រុស អាយុ ៤៦ឆ្នាំ អតីតប្រធានប្រតិបត្តិ អតីតគណបក្សសង្គ្រោះជាតិ ស្រុកមោងឬស្សី ពីបទ រួមគំនិតក្បត់ យោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។
ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបងបានចេញដីកាឃុំខ្លួនជនត្រូវចោទឈ្មោះ អ៊ុត ជឿន បន្ទាន់ពីរកឃើញថានេះ បានធ្វើសកម្មភាពកៀរគរ និងបំផុសបំផុលឲ្យប្រជាពលរដ្ឋក្នុងស្រុកមោងឬស្សី រាប់រយ រាប់ពាន់នាក់ ចូលរួមធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលក្នុងផែនការវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី មេក្រុមឧទ្ទាមក្រៅច្បាប់នៅបរទេស និងបក្ខពួក នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។
ជនត្រូវចោទឈ្មោះ អ៊ុត ជឿន បានផ្តល់បទសម្ភាសដល់វិទ្យុ អាស៊ីសេរី ដែលជាប្រព័ន្ធផ្សព្វផ្សាយបម្រើឲ្យមហិច្ឆតារបស់ក្រុមឧទ្ទាម សម រង្ស៊ី កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ អំពីការប្តេជ្ញាចិត្តចូលរួមទទួលឧក្រិដ្ឋជន សម រង្ស៊ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីមកធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា៕