ឯកឧត្តម ឥត សារ៉ាត់ ក្រើនរំលឹកពលរដ្ឋកុំជឿតាមការឃោសនារបស់ក្រុមជនក្បត់ជាតិ ដែលមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់


(សៀមរាប)៖ ឯកឧត្តម ឥត សារ៉ាត់ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានក្រុង និងខេត្តសៀមរាប បានប្រាប់ឱ្យសមាជិកគណបក្សទាំងអស់ អំពាវនាវបន្តឱ្យពលរដ្ឋ ដែលលង់ជឿតាមនយោបាយបោកប្រាស់ របស់ជនក្បត់ជាតិ ត្រូវភ្ញាក់ខ្លួនចូលមកសារភាព និងបានណែនាំឱ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា មូលដ្ឋានគ្រប់សង្កាត់ក្នុងក្រុង និងខេត្តសៀមរាបទាំងអស់ រៀបចំជួបជុំគ្នានៅតាមភូមិ សង្កាត់ និងទីវត្តអារាមទូទាំងក្រុង និងខេត្ត ដើម្បីចូលរួមពិសាអំបុកសាមគ្គី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ។

ឯកឧត្តម ឥត សារ៉ាត់ ថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែកញ្ញា និងទិសដៅសំរាប់ខែបន្តឆ្នាំ២០១៩ និងផ្សព្វផ្សាយដល់សមាជិក សមាជិកា គណបក្សប្រជាជនមូលដ្ឋានភូមិ សង្កាត់ ទូទាំងក្រុង និងខេត្តសៀមរាប ស្តីពីវិធានការចាំបាច់សម្រាប់ សភាពការណ៍បច្ចុប្បន្ន ការរីកចម្រើន បញ្ហាប្រឈម និងវិធានការចាំបាច់នានា ដើម្បីធានាដោយធ្វើយ៉ាងណាថែរក្សាឲ្យបាននូវ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិបន្ត នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា មូលដ្ឋានក្រុង និងខេត្តសៀមរាប។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម ឥត សារ៉ាត់ បានលើកឡើងនូវសភាពការចុងក្រោយមួយចំនួន ពិសេសពាក់ព័ន្ធនឹងការបង្កចលាចល ក្នុងចលនា ចេតនាចង់ ធ្វើឱ្យកម្ពុជា ធ្លាក់ក្នុងភ្លើងសង្គ្រាម ជាថ្មីម្តងទៀត តាមរយៈនយោបាយបោកប្រាស់ ញុះញង់ លាបពណ៌របស់ជនក្បត់ជាតិ សម រង្ស៉ី និងបក្សពួក។ ផ្ទុយទៅវិញបើនៅតែបន្តសកម្មភាព ទោះចូលរួមគាំទ្រដោយប្រយោល ឬចូលរួមសកម្មភាពពិតនោះ ច្បាស់ណាស់គុកនៅព្រៃស ឬត្រពាំងផ្លុង និងនៅគ្រប់ខេត្ត រាជធានី នឹងរង់ចាំទទួលដូចជនក្បត់ជាតិ សម រង្ស៉ី ជាក់ជាមិនខាន ឲ្យតែហ៊ានឈានជើងជាន់ចូលមកទឹកដីកម្ពុជា។

ឯកឧត្តម ឥត សារ៉ាត់ បានបញ្ជាក់ជូនដល់សមាជិក សមាជិកាបក្ស និងប្រជាពលរដ្ឋ ក្នុងក្រុងសៀមរាប យ៉ាងច្បាស់ថា សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទាំងអស់ក្នុងក្រុងសៀមរាប សូមជឿលើការដឹកនាំប្រទេស របស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ហើយសូមកុំជឿលើការឃោសនា បោកប្រាស់ណាមួយ ដែលនាំឲ្យប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយ។

ឯកឧត្តម ឥត សារ៉ាត់ បានបញ្ជាក់ថា «សម្ដីដែល សម រង្ស៊ី និយាយប្រាប់គេឯងនៅក្រៅប្រទេស ថានឹងមកចូលស្រុកខ្មែរ ក្នុងឆ្នាំ២០១៩ និងថ្ងៃ៩ ខែវិច្ឆិកា ម្ដងហើយម្ដងទៀត លើកចុះលើកឡើង ថ្ងៃនេះថ្ងៃនោះ ដោយមូលហេតុនេះមូលហេតុនោះ គឺជាការបោកប្រាស់ ហើយក៏ជាការធ្វើប្រជាពិថុត ដើម្បីស្ទង់មតិអ្នកគាំទ្រ ឱ្យក្រុមជ្រុលនិយមជឿផ្កាប់មុខ ដែលដើរតាមខ្លួន មានសង្ឃឹមមកលើការឃោសនា បោកប្រាស់របស់ខ្លួនតែប៉ុណ្ណោះ ។ ដែលធាតុពិត សម រង្ស៊ី ខ្លួនឯង មិនហ៊ានទាំងចូលស្រុកខ្មែរផងទេ»

ឯកឧត្តម ឥត សារ៉ាត់ ជំនួសមុខឲ្យសម្តេចប្រធាន សម្តេចអនុប្រធាន និងសម្តេចប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចប្រធានក្រុមការងារថ្នាក់កណ្ដាល របស់គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តសៀមរាប បានសំដែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះសមិទ្ធិផលទាំងឡាយ ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់គណៈបក្សប្រជាជនកម្ពុជា និងការខិតខំរបស់សមាជិក សមាជិកាបក្សទាំងអស់ ដែលក្នុងរយៈពេលកន្លងមកនេះ បានខិតខំយកអស់ពីកម្លាំងកាយចិត្ត ក្នុងការកសាងសមិទ្ធផលជាច្រើន សម្រាប់បម្រើឱ្យសង្គមជាតិ ពិសេសបានយកចិត្តទុកដាក់ ពង្រឹងប្រៀបការពារជាតិ ការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អ។

ឯកឧត្តម ឥត សារ៉ាត់ ក៏បានក្រើនរំលឹកដល់លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិក ក្រុមការងារថ្នាក់កណ្ដាលចុះជួយសង្កាត់ទាំង ១២ របស់ក្រុងសៀមរាប និងសមាជិកក្រុមការងារទាំងអស់ ឲ្យបន្តស្នាដៃដ៏ល្អនេះបន្តទៀត ពិសេសត្រូវពង្រឹងសុវត្ថិភាព ក្នុងមូលដ្ឋានភូមិ ឃុំ មានសុវត្ថិភាព ដោយបំបាត់ឲ្យអស់នូវក្រុមជនទំនើង ការជួញដូរគ្រឿងញៀន បទល្មើសព្រៃឈើ និងភាពអណាធិបតេយ្យនានា ដែលកើតមានឡើងក្នុងមូលដ្ឋាន ដែលខ្លួនទទួលខុសត្រូវជាមួយគ្នានេះដែរ មន្ត្រីដែលជាសមាជិកបក្សទាំងអស់ ក៏ត្រូវប្រព្រឹត្តិតែអំពើល្អ សុច្ចរិត ចេះជួយគ្នាក្នុងគ្រាលំបាក ហើយក៏ត្រូវមានចិត្តស្មោះត្រង់ចំពោះបក្ស ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន ដោយត្រូវចេះជួយប្រជាជន ដោះស្រាយរាល់ទុក្ខលំបាកជូនប្រជាជន គ្រប់កាលៈទេសៈ៕