ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ ជំរុញឱ្យរដ្ឋបាលខេត្តកំពត សិក្សារៀបចំផែនការមេ និងកំណត់ផែនទីអភិវឌ្ឍន៍តំបន់ទេសចរណ៍ នៅព្រែកកំពត


(កំពត)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានកត់សម្គាល់ប្រកបដោយភាពជឿជាក់ថា តំបន់ទេសចរណ៍ ក៏ដូចជារមណីយដ្ឋានទេសចរណ៍ធម្មជាតិនានា ដែលមាននៅតាមព្រែកកំពត ឬព្រែកកំពង់បាយ នៃស្រុកទឹកឈូ ខេត្តកំពត គឺពិតជាមេដែកថ្មីដ៏សំខាន់មួយ​ ក្នុងការទាក់ទាញកំណើនភ្ញៀវទេសចរ ឱ្យមកទស្សនាខេត្តកំពត ខណៈខេត្តនេះក៏មានភ្នំបូកគោ និងរមណីយដ្ឋានមួយចំនួនទៀត ជាមេដែកទាក់ទាញភ្ញៀវទេសចរដ៏សំខាន់ទៀតដែរ។

 ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឱ្យអាជ្ញាធរខេត្តកំពត ត្រូវសិក្សារៀបចំឱ្យបាននូវផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍នៅតំបន់ព្រែកកំពតនេះ ពិសេសត្រូវធ្វើឱ្យបានលឿនបំផុត ដើម្បីឱ្យទាន់សភាពការណ៍បច្ចុប្បន្ន ដែលភ្ញៀវទេសចរក្នុងខេត្តនេះកំពុងមានការកើនឡើង។

ការលើកឡើងយ៉ាងដូច្នេះរបស់ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងឱកាស ឯកឧត្តម និង ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រៀម រៀបចំពិធីបុណ្យសមុទ្រលើកទី៨ នៅសាលាខេត្តកំពត នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩។
នាថ្ងៃម្សិលមិញ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានដឹកនាំក្រុមមន្ត្រីនៃក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តកំពត ចុះត្រួតពិនិត្យដោយផ្ទាល់ នៅតាមរមណីយដ្ឋានទេសចរណ៍នានា នៅតាមព្រែកកំពត ឬព្រែកកំពង់បាយនោះផងដែរ។

 ឯកឧត្តមបានលើកឡើងពីវិធានការភ្លាមៗនៅចំពោះមុខ គឺត្រូវទប់ច្រាំងនៅកន្លែងមួយចំនួន នៃដងព្រែកកំពង់បាយ ដើម្បីរក្សាច្រាំងព្រែកឱ្យបានយូរអង្វែង រាំងទប់អោយបានការបូមខ្សាច់ដែអាចធ្វើអោយប៉ះពាល់ដល់តំបន់នេះ ពីព្រោះកន្លែងខ្លះ ដូចជាផ្លូវធ្វើដំណើរនៅជិតមាត់ព្រែក និង ផែទូកកាណូតទេសចរណ៍តូចៗ ប្រើសិនបើដាច់ច្រាំង គឺដូចជាបាត់ផ្លូវធ្វើដំណើរ និងមិនអាចធ្វើសកម្មភាពទេសចរណ៍បាន។

ម្យ៉ាងទៀត តំបន់ទេសចរណ៍នៅព្រែកកំពង់បាយនេះ មិនត្រូវឱ្យមានការកាប់ទន្ទ្រានព្រៃឈើនានា ដូចជាដើមចាក យកធ្វើដីចម្ការតទៅទៀតឡើយ ព្រោះធនធានធម្មជាតិទាំងនោះ ក៏ជាកត្តាចាំបាច់ក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ ម្យ៉ាងទៀត ត្រូវរក្សាស្ថិរភាពទឹក និងភាពស្អាតនៅក្នុងព្រែកឱ្យបានជាប់ជានិច្ច។

 ឯកឧត្តមបានបន្តថា ប្រព័ន្ធផ្សព្វផ្សាយត្រូវជួយផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ពិសេសត្រូវផលិតជាវីដេអូស្ព័តអំពីតំបន់ទេសចរណ៍ទាំងនោះឱ្យកាន់តែខ្លាំងក្លា ដើម្បីឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានដឹងពីសក្ដានុពលនៃតំបន់នេះឱ្យបានសុះសាយបន្ថែមទៀត។

នៅពេលភ្ញៀវទេសចរមកទស្សនាច្រើនឡើងហើយ រមណីយដ្ឋាននីមួយៗត្រូវចុះពង្រឹងគុណភាពសេវាកម្ម និងត្រូ្វបង្កើនការទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរ កុំដំឡើងថ្លៃហួសហេតុពេក កុំលក់ទំនិញអន់គុណភាព ត្រូវបានបង្កើនសេវាស្នាក់នៅបន្ថែមទៀត ពិសេសត្រូវពង្រឹងអនាម័យចំណីអាហារ បញ្ហាសំរាម បរិស្ថាន សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងកុំបង្ហូរទឹកកខ្វក់ចូលក្នុងព្រែក។

 ឯកឧត្តមបានលើកឡើងពីបញ្ហាកកស្ទុះនៅពេលបុណ្យទានម្ដងៗ ដែលមានចំនួនភ្ញៀវទេសចរយ៉ាងច្រើនមកទស្សនាខេត្តកំពតនេះ ដោយ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានគាំទ្រឱ្យ ឯកឧត្តមអភិបាលខេត្តស្នើសុំរាជរដ្ឋាភិបាលកសាងស្ពានថ្មីមួយទៀត នៅអមជាមួយស្ពានបច្ចុប្បន្ន ដើម្បីកាត់បន្ថយបញ្ហាកកស្ទុះចរាចរណ៍ដូចមុនៗ។

បើតាមលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា រយៈពេល៩ខែ ក្នុងឆ្នាំ២០១៩នេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរសរុប ១,៣១៣,៩២២នាក់ កើនឡើង ១៧.៤៨% ក្នុងនោះភ្ញៀវជាតិមានចំនួន ១,១៥៩,៩៩០នាក់ កើនឡើង ១៧.៥២% និងភ្ញៀវអន្តរជាតិមានចំនួន ១៥៣,៩៣២នាក់ កើនឡើង ១៧.១៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨៕