កិច្ចប្រជុំលើកទី២ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគី


(អង់ការ៉ា តួកគី)៖ ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋតួកគី បានរៀបចំកិច្ចប្រជុំលើកទី២ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគី នៅថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងអង់ការ៉ា។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ធ្វើជាសហប្រធានជាមួយឯកឧត្តម បេគៀរ ប៉ាកដឺមៀលី (Bekir Pakdemirli) រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ នៃសាធារណរដ្ឋតួកគី។

ជាកិច្ចចាប់ផ្តើម នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ពេជ ឫទ្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្រ្តីជាន់ខ្ពស់ជាតំណាងបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃព្រះរាជាណាចក្រ កម្ពុជា បានជួបប្រជុំពិភាក្សាផ្នែកបច្ចេកទេសជាមួយភាគីតួកគី លើរបៀបវារះនានារបស់កិច្ចប្រជុំ និងជាពិសេស ដើម្បីពិនិត្យលើសេចក្តីនៃកំណត់ហេតុរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគី ដែលពាក់ព័ន្ធនឹងវិស័យសំខាន់ៗដូចជា៖ ពាណិជ្ជកម្ម សេដ្ឋកិច្ច ឧស្សាហកម្ម កសិកម្ម សុខាភិបាល អប់រំ ទេសចរណ៍ ដឹកជញ្ជូន អាកាសចរស៊ីវិល និង វិនិយោគ ។

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្តម បេគៀរ ប៉ាកដឺមៀលី (Bekir Pakdemirli) រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ តួកគី។ ក្នុងជំនួបកិច្ចពិភាក្សានេះ ភាគីទាំងពីរបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យសក្តានុពលពាក់ព័ន្ធដទៃទៀត ក្នុងគោលបំណងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យឈានដល់ ១.០០០ លានដុល្លារអាមេរិកនាពេលពេលអនាគត និងបម្រើផលប្រយោជន៍ទៅវិញទៅមក ពោលគឺចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាតួកគី មានចំនួនប្រមាណ ៥១០ លានដុល្លារអាមេរិកប៉ុណ្ណោះ។ ក្នុងនោះកម្ពុជា នាំចេញទៅតួកគីមានទឹកប្រាក់ ៤៣៧.៨៤ លានដុល្លារអាមេរិក និងនាំចូលពីតួកគីមានទឹកប្រាក់ជាង ៧២.១៦ លានដុល្លារអាមេរិក។ ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់តួកគី អំពីទំនិញដែលមានសក្តានុពលក្នុងការនាំចេញទៅកាន់ប្រទេសតួកគី រួមាន៖ សំលៀកបំពាក់ កង់ ស្វាយ មៀន កៅស៊ូ ដំឡូងមី ពោត ម្រេច និងអង្ករ ។ល។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីកសិកម្ម និងរុក្ខាប្រមាញ់ បានមានប្រសាសន៍ថា តួកគីមានតម្រូវការចំពោះផលិតផល កៅស៊ូ និងអង្ករ និងស្វាគមន៍ចំពោះប្រទេសកម្ពុជាដែលមានបំណងនាំចេញនូវផលិតផលកសិកម្មទាំងនោះទៅកាន់ប្រទេសតួកគី ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុរួមនៃកិច្ចប្រជុំលើកទី២ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគី ដោយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយឯកឧត្តម បេគៀរ ប៉ាកដឺមៀលី (Bekir Pakdemirli) រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ ក្រោមបរិយាកាសដ៏ស្និទស្នាល និងរីករាយ ហើយភាគីទាំងពីរបានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំលើកទី ៣ នៃនៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគី ដែលនឹងប្រារព្ធធ្វើនៅព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ២០២១ ខាងមុខ។