ប្រធាន​អង្គភាព​អ្នកនាំពាក្យ​ណែនាំ​ឱ្យ​មន្ត្រី​អ្នកនាំពាក្យ​ចេះ​ពន្យល់​ និង​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ


ភ្នំពេញ ៖ ​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​លើកឡើងថា ​មន្ត្រី​អ្នកនាំពាក្យ​គ្រប់​ស្ថាប័នរដ្ឋ​ទាំងអស់​មាន​តួនាទី​ពន្យល់​ពលរដ្ឋ​ដើម្បី​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ក្នុង​ការធានា​ការ​អភិវឌ្ឍ​និង​ស្ថិរភាព​នយោបាយ​របស់​កម្ពុជា​។

ឯកឧត្តម ផៃ ស៊ី​ផាន ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ថ្ងៃទី​២១ ​ខែតុលា​នេះ ណែ​នាំ​ឱ្យ​មន្ត្រី​អ្នកនាំពាក្យ​របស់​ស្ថាប័នរដ្ឋ​ទាំងអស់​ត្រូវ​ចេះ​ពន្យល់​និង​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ​ហើយ​ត្រូវ​ចេះ​ពន្យល់​ពលរដ្ឋ​ឱ្យ​បាន​យល់​ក៏ដូចជា​បន្សាប​នូវ​ឥទ្ធិពល​នៃ​ព័ត៌មាន​ក្លែងក្លាយ​។

ការណែនាំ​របស់​ប្រធាន​អង្គភាព​នេះ​គឺធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្តីពី​អភិបាលកិច្ច​ល្អ​នៅក្នុង​បរិបទ​រំហូរ​ព័ត៌មាន​នា​យុគសម័យ​បច្ចេកវិទ្យា​ឌីជីថល​ដែល​មាន​អ្នកនាំពាក្យ​មក​ស្ថាប័ន​ក្រសួង និង​តាម​មន្ទីរ​នានា​នៅ​ទូទាំង​ប្រទេស​ប្រមាណ​ជិត​២០០​នាក់​។

ឯកឧត្តម ផៃ ស៊ី​ផាន បាន​បន្តថា ការវិវត្តន៍​បច្ចេកវិទ្យា​ក្នុង​វិស័យ​ព័ត៌មាន និង​ការ​អនុវត្ត​តាម​កិច្ច​កំណែទម្រង់រដ្ឋបាល​មាន​ភាព​រីកចម្រើន​គួរ​ឱ្យកត់សម្គាល់​យ៉ាង​ខ្លាំង​ទាំង​គុណភាព ​និង​ប្រសិទ្ធភាព ហើយ​ព័ត៌មាន​ចម្រុះ និង​សំបូរបែប​ជាមួយនឹង​និន្នាការ បានធ្វើឱ្យ​អ្នកប្រើប្រាស់​ត្រូវតែ​សមត្ថភាព ក្នុង​ការធ្វើ​អត្តសញ្ញាណ​កម្ម​ដើម្បី​ជ្រើសរើស​និង​ប្រើប្រាស់​ជា​ប្រយោជន៍​របស់ខ្លួន​។

ឯកឧត្តម​ បាន​គូសបញ្ជាក់ថា តួលេខ​ជា​ផ្លូវការ​អ្នកប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​មាន​ចំនួន​ជាង​២០​លាន​ស៊ីម​កាត និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​សរុប​ជាង​១១​លាន​នាក់ ​ ដូច្នេះ​ មន្ត្រី​អ្នកនាំពាក្យ​ទាំងអស់​ត្រូវ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ច្បាស់​ពី​ស​ភាព ការណ៍ និង​កិច្ចការ​ផ្សេងៗ​របស់​រាជរដ្ឋាភិបាល ដែល​ទាមទារ​ឱ្យ​អ្នកនាំពាក្យ​ធ្វើការ​យ៉ាងសកម្ម ទៀងទាត់ និង​ប្រសិទ្ធភាព​ក្នុងការ​ឆ្លើយឆ្លង​ជាមួយ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជា​មធ្យម​យ៉ាងហោចណាស់​ជាង​១០​លា​នាក់​។

​អ្នកនាំពាក្យ​រូបនេះ​ បាន​លើកយក​ពី​ការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៩ ​សរុប​ជាង​៨​លាន​នាក់ គឺជា​វេទិកា​សាធារណៈ​ដ៏​ធំ​មួយ ​ហើយ​ជា​ឱកាស​របស់​មន្ត្រី​ព័ត៌មាន​ទទួលបន្ទុក​ក្នុង​ការ​ឆ្លើយ​ឆ្លង​ជាប្រចាំ​ព្រោះថា​“​ព័ត៌មាន​ជា​ដំណឹង ​ជាការ​យល់ដឹង និង​ជា​ការ​ចូលរួម ក្នុង​យុគសម័យ​ឌីជីថល​ក្នុង​សម័យ​តេ​ជោ​៕