ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា មន្ត្រីអ្នកនាំពាក្យគ្រប់ស្ថាប័នរដ្ឋទាំងអស់មានតួនាទីពន្យល់ពលរដ្ឋដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ ក្នុងការធានាការអភិវឌ្ឍនិងស្ថិរភាពនយោបាយរបស់កម្ពុជា។
ឯកឧត្តម ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២១ ខែតុលានេះ ណែនាំឱ្យមន្ត្រីអ្នកនាំពាក្យរបស់ស្ថាប័នរដ្ឋទាំងអស់ត្រូវចេះពន្យល់និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ ហើយត្រូវចេះពន្យល់ពលរដ្ឋឱ្យបានយល់ក៏ដូចជាបន្សាបនូវឥទ្ធិពលនៃព័ត៌មានក្លែងក្លាយ។
ការណែនាំរបស់ប្រធានអង្គភាពនេះគឺធ្វើឡើងក្នុងសិក្ខាសាលាស្តីពីអភិបាលកិច្ចល្អនៅក្នុងបរិបទរំហូរព័ត៌មាននាយុគសម័យបច្ចេកវិទ្យាឌីជីថលដែលមានអ្នកនាំពាក្យមកស្ថាប័នក្រសួង និងតាមមន្ទីរនានានៅទូទាំងប្រទេសប្រមាណជិត២០០នាក់។
ឯកឧត្តម ផៃ ស៊ីផាន បានបន្តថា ការវិវត្តន៍បច្ចេកវិទ្យាក្នុងវិស័យព័ត៌មាន និងការអនុវត្តតាមកិច្ចកំណែទម្រង់រដ្ឋបាលមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់យ៉ាងខ្លាំងទាំងគុណភាព និងប្រសិទ្ធភាព ហើយព័ត៌មានចម្រុះ និងសំបូរបែបជាមួយនឹងនិន្នាការ បានធ្វើឱ្យអ្នកប្រើប្រាស់ត្រូវតែសមត្ថភាព ក្នុងការធ្វើអត្តសញ្ញាណកម្មដើម្បីជ្រើសរើសនិងប្រើប្រាស់ជាប្រយោជន៍របស់ខ្លួន។
ឯកឧត្តម បានគូសបញ្ជាក់ថា តួលេខជាផ្លូវការអ្នកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទមានចំនួនជាង២០លានស៊ីមកាត និងអ្នកប្រើប្រាស់បណ្តាញសង្គមសរុបជាង១១លាននាក់ ដូច្នេះ មន្ត្រីអ្នកនាំពាក្យទាំងអស់ត្រូវណែនាំដល់ប្រជាពលរដ្ឋឱ្យបានច្បាស់ពីសភាព ការណ៍ និងកិច្ចការផ្សេងៗរបស់រាជរដ្ឋាភិបាល ដែលទាមទារឱ្យអ្នកនាំពាក្យធ្វើការយ៉ាងសកម្ម ទៀងទាត់ និងប្រសិទ្ធភាពក្នុងការឆ្លើយឆ្លងជាមួយអ្នកប្រើប្រាស់បណ្តាញសង្គមជាមធ្យមយ៉ាងហោចណាស់ជាង១០លានាក់។
អ្នកនាំពាក្យរូបនេះ បានលើកយកពីការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ សរុបជាង៨លាននាក់ គឺជាវេទិកាសាធារណៈដ៏ធំមួយ ហើយជាឱកាសរបស់មន្ត្រីព័ត៌មានទទួលបន្ទុកក្នុងការឆ្លើយឆ្លងជាប្រចាំព្រោះថា“ព័ត៌មានជាដំណឹង ជាការយល់ដឹង និងជាការចូលរួម ក្នុងយុគសម័យឌីជីថលក្នុងសម័យតេជោ៕