មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ការធ្វើបដិសណ្ឋារកិច្ច និងការធានាសន្តិសុខសុវត្ថិភាព ជូនភ្ញៀវទេសចរ ជាការរួមចំណែកលើកស្ទួយវិស័យទេសចរណ៍របស់កម្ពុជាកាន់តែខ្លាំងឡើង


(តាកែវ)៖ ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី «បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព» នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ការធ្វើបដិសណ្ឋារកិច្ច និងការធានាសន្តិសុខសុវត្ថិភាព ជូនភ្ញៀវទេសចរ មានសារៈសំខាន់ណាស់សម្រាប់វិស័យទេសចរណ៍។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការធ្វើបដិសណ្ឋារកិច្ចនិងការធានាសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរគឺមានសារៈសំខាន់ណាស់សម្រាប់វិស័យទេសចរណ៍។ នៅពេលដែលភ្ញៀវទេសចរ មានការពេញចិត្តចំពោះចំណុចពីរនេះ ពួកគេនឹងមកទស្សនាប្រទេសយើងជាថ្មីម្តងទៀត (Repeat Tourists) ឬយ៉ាងហោចណាស់ក៏ពួកគាត់ ជួយផ្សព្វផ្សាយនិយាយល្អពីប្រទេសរបស់យើង ដល់ទេសចរដទៃទៀត ដែលមិនទាន់បានមកកម្ពុជា»។

លោក ហោ សារុន បានថ្លែងបន្តថា វិស័យទេសចរណ៍នៅកម្ពុជាត្រូវបានចាត់ទុកជា «មាសបៃតង» ដែលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការបង្កើតនិងបង្កើនឱកាសការងារ ការបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ រួមចំណែកយ៉ាងសកម្មក្នុងការអភិរក្សបេតិកភ័ណ្ឌវប្បធម៌ និងធនធានធម្មជាតិ ជាពិសេសរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន។

លោកបន្ថែមថា ជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល គឺប្រែក្លាយកម្ពុជាគោលដៅទេសចរណ៍ ស្អាត និងបៃតង Clean and Green Tourist Destination ផ្តល់សេវាប្រកបដោយគុណភាព និងភាពកក់ក្តៅដល់ភ្ញៀវទេសចរ។ ក្រៅពីសក្តានុពលនៃទេសចរណ៍វប្បធម៌នៅតំបន់សៀមរាបអង្គរ និងតំបន់ជុំវិញ រាជធានីភ្នំពេញ និងតំបន់ជុំវិញ កម្ពុជាមានតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើពិភពលោកផងដែរ។

លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា «នៅឆ្នាំ២០១៨កន្លងទៅ យើងសម្រេចបានកំណើនក្នុងអត្រាប្រមាណ ១១% ជាមួយនឹងការមកដល់នៃទេសចរអន្តរជាតិជាង ៦.២លាននាក់ និងនាំប្រាក់ចំណូលប្រមាណ ៤.៣៥៦លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។ នៅឆ្នាំ២០១៩ កម្ពុជារំពឹងថានឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ៦.៧លាននាក់ ជាក់ស្តែងក្នុងរយៈពេល០៨ខែដើមឆ្នាំនេះ កម្ពុជាទទួលភ្ញៀវទេសចរបាន ៤.៣៦០.៣៩៧នាក់ កើន១០,៤% ហើយនៅឆ្នាំ២០២០នឹងទទួលបានប្រមាណជាង៧លាននាក់ ដោយនាំមកនូវចំណូលប្រមាណ៥ប៊ីលានដុល្លារអាមេរិក បង្កើតឱកាសការងារបានប្រមាណជិត១លាននាក់ និងនៅឆ្នាំ២០៣០ អាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ នាំមកនូវចំណូលប្រមាណ ១០ប៊ីលានដុល្លាអាមេរិក បង្កើតឱកាសការងារប្រមាណជិត ២លាននាក់»។

បើតាមលោក ហោ សារុន ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ដូចថ្លែងខាងលើ ជាយុទ្ធសាស្ត្រគឺត្រូវធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ តាមរយៈការបង្កើតឱ្យមានផលិតផលទេសចរណ៍ថ្មីៗ និងប្រកបដោយភាពវ័យឆ្លាត ស្អាត បៃតង និងរក្សាសុខសុវត្ថិភាពទេសចរឲ្យបានល្អប្រសើរ។ អ្វីដែលមិនអាចមើលរំលងដែរនោះ គឺការចូលរួមរបស់មន្ទីរពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច ក្នុងការធ្វើបដិសណ្ឋារកិច្ចទទួលភ្ញៀវទេសចរ និងការធានាបាននូវសុខសុវត្ថិភាពជូនភ្ញៀវទេសចរ។

លោកបានឲ្យដឹងទៀតថា ការសម្រួលការធ្វើដំណើរជាយុទ្ធសាស្ត្រគន្លឹះមួយដ៏សំខាន់ ក្នុងការជំរុញភ្ញៀវទេសចរឲ្យមកទស្សនាកម្ពុជាបានច្រើន និងជាការកាត់បន្ថយរបាំងនៃការធ្វើដំណើរដែលមិនចាំបាច់។ ក្នុងគោលបំណងដើម្បីសម្រួលការធ្វើដំណើរ និងកាត់បន្ថយរបាំងមិនចាំបាច់ដល់ភ្ញៀវទេសចរចូលមកទស្សនាកម្ពុជា ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងមហាផ្ទៃ (អគ្គនាយកដ្ឋានអន្តោប្រវេសន៍) ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា) ក្នុងការសម្រួលបែបបទនៃការធ្វើដំណើរមួយចំនួនដូចជា ចំពោះសាលាកបត្រចូល ចេញ និងបែបបទស្នើសុំទិដ្ឋាការពេលមកដល់ត្រូវបានបញ្ចូលគ្នាតែមួយសន្លឹកដោយមានភាសាខ្មែរ ចិននិងអង់គ្លេស។ ភ្ញៀវទេសចរបំពេញបែបបទចូលតែម្តងគត់ ហើយពេលត្រឡប់ចេញទៅវិញមិនតម្រូវឲ្យបំពេញបែបបទទៀតទេ និងមិនត្រូវការរូបថតឡើយ ហើយចំពោះពលរដ្ឋខ្មែរដែលធ្វើដំណើរចេញ និងចូលប្រទេសដែលកាន់លិខិតឆ្លងដែន អេឡេចត្រូនិចខ្មែរ (E-Passport) មិនតម្រូវឲ្យបំពេញបែបបទទេ។

លោក ហោ សារុន គូសបញ្ជាក់ថា ចំពោះភ្ញៀវទេសចរ ដែលបើកបរដោយខ្លួនឯងមានបំណងចូលមកទស្សនាកម្ពុជា ដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួននាំចូលបណ្តោះអាសន្ន និងចេញទៅវិញតាមច្រកទ្វារព្រំដែនអន្តរជាតិនានាទូទាំងប្រទេស អាចបំពេញប្រតិវេទន៍គយសង្ខប សម្រាប់មធ្យោបាយធ្វើដំណើរចូល-ចេញបណ្តោះអាសន្ន របស់ភ្ញៀវទេសចរជាមួយ មន្ត្រីគយនៅតាមច្រកទ្វារតែម្តង ដោយមិនចាំបាច់បង់ប្រាក់និមុត្តិធានានិងថ្លៃធានារ៉ាប់រងឡើយ៕