ឯកឧត្តម ផៃ ស៉ីផាន បានថ្លែងថា ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស កម្ពុជាគ្មានអ្វីក្រៅពីអបអរសាទរ និងថ្លែងអំណរគុណដល់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ


(ភ្នំពេញ)៖ ឯកឧត្តម ផៃ ស៉ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា យល់ឃើញថា មានក្រុមអ្នកនយោបាយមួយចំនួន កំពុងនិយាយពង្វាងខ្លឹមសារ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣តុលា ឲ្យក្លាយទៅជារឿងផ្សេងមួយទៀត ចាកឆ្ងាយពីអត្ថន័យដើមទៅវិញ។

ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ គឺជាខួប២៨ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០១៩)។ នេះគឺជាកិច្ចព្រមព្រៀងមួយ ត្រូវបានលើកឡើងខុសៗគ្នា ពីភាគីមន្ត្រីរាជរដ្ឋាភិបាល និងក្រុមអ្នកនយោបាយមួយចំនួន រហូតដល់ក្រុមអ្នកនយោបាយខ្លះបានឡើងថា អន្តរជាតិនៅតែមានសិទ្ធិឈឺឆ្អាល និងចូលខ្លួនឈឺឆ្អាលបញ្ហានយោបាយនៅកម្ពុជា។

បើតាមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មកដល់ពេលនេះ កម្ពុជាមានរដ្ឋធម្មនុញ្ញផ្ទាល់ខ្លួន ហើយកម្ពុជាគឺជាម្ចាស់នៃជោគវាសនារបស់ខ្លួនឯងផ្ទាល់ និងមានអធិបតេយ្យ ក៏ដូចជាឯករាជ្យភាពពេញលេញផងដែរ។ ក្នុងន័យនេះ លោកបានសំណូមពរ ដល់ក្រុមអ្នកនយោបាយទាំងនោះ កុំយកកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ទៅពង្វាងរឿងរបស់កម្ពុជា ឲ្យក្លាយទៅជារឿងរបស់បរទេស។

ឯកឧត្តម ផៃ ស៉ីផាន បានថ្លែងថា ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស កម្ពុជាគ្មានអ្វីក្រៅពីអបអរសាទរ និងថ្លែងអំណរគុណដល់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលបានប្រមែប្រមូលកម្លាំងទាំងធនធាន ទាំងកម្លាំងនយោបាយ ក្នុងការបណ្តេញបរទេសចាកចេញពីកម្ពុជា និងបណ្តេញឥទ្ធិពលបរទេស ទុកឲ្យកម្ពុជារៀបចំកម្ពុជាខ្លួនឯង ក្នុងការបង្កើតបាននូវរដ្ឋធម្មនុញ្ញ ដែលជាសេចក្តីប៉ងប្រាថ្នា និងឯកភាពជាតិ ហើយពង្រឹងការទទួលខុសត្រូវផ្ទាល់របស់ខ្លួនឯងផ្ទាល់។ លោកបញ្ជាក់ថា «ជោគវាសនាកម្ពុជាមិនស្ថិតនៅលើបរទេសទេ»

ឯកឧត្តម ផៃ ស៉ីផាន បានបញ្ជាក់បន្ថែមថា «នៅក្នុងមាត្រា២ ក៏បានចង្អុលបង្ហាញច្បាស់ថា រដ្ឋធម្មនុញ្ញត្រូវធ្វើយ៉ាងម៉េចឲ្យឆ្លើយច្បាស់ពីអត្ថន័យ នៃបំណងព្រមព្រៀងសន្តិភាព ពីភាគីជម្លោះប្រដាប់អាវុធ មិនមែនជាសន្ធិសញ្ញាជាមួយបរទេសទេ គឺយើងបានឯកភាពគ្នាជាមួយក្រុម ដែលមានអាវុធយុទ្ធភណ្ឌឈ្លោះប្រកែកគ្នា ក្នុងន័យនយោបាយ។ ដូច្នេះ នេះគឺជានយោបាយកម្ពុជា និងកម្ពុជា រីឯបរទេសមានភារកិច្ចឈរតែចំណុច២ គឺការស្តារឡើងវិញ និងការអភិវឌ្ឍ»

ឯកឧត្តមបានបន្តទៀតថា ឥឡូវនេះកម្ពុជា បានឈានចូលដល់ការអភិវឌ្ឍប្រទេស រួចស្រេចទៅហើយ។ ការអភិវឌ្ឍនេះ គឺជាការអនុវត្តដោយសារខ្លួនឯង ហើយអ្វីៗដែលជាខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាព ភាគីជម្លោះប្រដាប់អាវុធរបស់កម្ពុជានោះ ក៏បានក្លាយជាខ្លឹមសារឆ្លងទៅរករដ្ឋធម្មនុញ្ញ។

ឯកឧត្តមបន្ថែមថា នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពនោះ ក៏បានចង្អុលបង្ហាញច្បាស់ណាស់ថា នៅពេលកម្ពុជាមានរដ្ឋធម្មនុញ្ញ អ្វីដែលជាមធ្យោបាយ ឬកម្លាំងគ្រប់គ្រងក្នុងការបោះឆ្នោត ការគ្រប់គ្រងរដ្ឋរបស់កម្ពុជា គឺធ្លាក់មកលើកម្ពុជា។

ឯកឧត្តមបញ្ជាក់ថា «កម្ពុជា ជារដ្ឋឯករាជ្យ ជារដ្ឋមួយមានលទ្ធភាពគ្រប់គ្រាន់ អង្គុយនៅអង្គការសហប្រជាជាតិ តាំងពីយើងមានរដ្ឋធម្មនុញ្ញ។ ដូច្នេះ អ្វីដែលគេកំពុងពង្វាង រឿងកម្ពុជាឲ្យក្លាយជារឿងរបស់អន្តរជាតិ របស់ប្រទេសដទៃទៀត មិនអាចទៅរួចទេ»។

ឯកឧត្តម ផៃ ស៉ីផាន ចាត់ទុកថា អ្នកដែលមានបំណងចង់សើរើ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺស្មើនឹងមានបំណងផ្តួលរដ្ឋធម្មនុញ្ញកម្ពុជា និងចង់ផ្តួលរបបរបស់កម្ពុជា។

ឯកឧត្តមបន្តថា «ដូច្នេះអ្វីដែលយើងនាំគ្នាប្រឹងប្រែងធ្វើ គឺយើងអនុវត្តនូវរដ្ឋធម្មនុញ្ញរបស់យើង ហើយអ្នកមានគំនិតយកបរទេសចេញមក គឺមិនឆ្លើយតបទៅអ្វី ដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួយកម្ពុជា នៅពេលនោះទេ»

ឯកឧត្តមរំលឹកថា កាលនោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចេញសេចក្តីសម្រេច ដែលបង្គាប់បញ្ជាឲ្យរាល់ប្រទេសទាំងអស់ ឲ្យដកខ្លួនថយចេញពីការពាក់ព័ន្ធ រឿងនយោបាយរបស់កម្ពុជា ឈប់ផ្តល់អាវុធយុទ្ធភណ្ឌដល់កម្ពុជា ឲ្យបន្តការឈ្លោះទាស់ទែងគ្នា។ កាតព្វកិច្ចក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានចង្អុលបង្ហាញច្បាស់ថា បរទេសក្រៅពីកម្ពុជា ត្រូវតែដកខ្លួនចេញពីកម្ពុជា គោរពនូវអធិបតេយ្យភាពរបស់កម្ពុជា និងឯករាជ្យរបស់កម្ពុជា។

ឯកឧត្តមថ្លែងថា រដ្ឋធម្មនុញ្ញរបស់កម្ពុជាត្រូវបានរៀបចំរួចស្រេច របបដឹកនាំក៏កម្ពុជាបានរៀបចំរួចស្រេច។ នោះហើយ គឺជាអធិបតេយ្យភាពរបស់កម្ពុជា ហើយដែល ឧត្តមស្នងការអង្គការសហប្រជាជាតិ ឧត្តមក្រុមប្រឹក្សាជាតិកម្ពុជា (SNC) បានរំលាយខ្លួនពេលដែលកម្ពុជាមានរដ្ឋធម្មនុញ្ញ។

បើតាមឯកឧត្តម ផៃ ស៉ីផាន, SNC គ្រាន់តែតាងតំណាងឲ្យអធិបតេយ្យ និងតំណាងឲ្យឯករាជ្យរបស់កម្ពុជា ឬប្រជាជាតិរបស់កម្ពុជា ជាបណ្តោះអាសន្ន។ នៅពេលកម្ពុជាមានរដ្ឋធម្មនុញ្ញគឺ SNC ត្រូវបានរំលាយចោល ហើយបរទេសក៏ត្រូវចាកចេញអស់ដែរ។

ឯកឧត្តមអះអាងថា «ឥឡូវនេះ ចូលដល់ការអភិវឌ្ឍមួយ នៅក្នុងដៃរបស់កម្ពុជា ហើយកម្ពុជាខ្លួនឯងអ្នកទទួលខុសត្រូវ លើជោគវាសនារបស់ខ្លួនឯងប៉ុណ្ណោះ»