ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។ ការបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃនេះ មានការផ្សាយផ្ទាល់តាមប្រព័ន្ធផ្សព្វផ្សាយផងដែរ។

យោងតាមការបញ្ជាក់របស់លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃនេះ ពិភាក្សាលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖

១៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។
២៖ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។
៣៖ បញ្ហាផ្សេងៗ៖ សេចក្តីប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ស្តីពីការដាក់ឱ្យអនុវត្ត «យុទ្ធសាស្រ្តស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រង ការវិនិយោគសាធារណៈ២០១៩-២០២៥» និង «យុទ្ធសាស្រ្តស្តីពីការគ្រប់គ្រងបំណុលសាធារណៈ២០១៩-២០២៣»។

បើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពេលចែកសញ្ញាបត្រជូននិស្សិតកាលពីថ្ងៃទី២២ ខែតុលា កន្លងទៅ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃសុក្រនេះ សម្តេចនឹងសម្រេចពីការងារគ្រប់គ្រង និងប្រមូលសំរាមក្នុងរាជធានីភ្នំពេញផងដែរ៕