ឯកឧត្តម ឡៅ ទិព្វសីហា និងឯកឧត្តម គួច ចំរើន បានធ្វើការកោះប្រជុំជាមួយក្រុមហ៊ុនផលិតបេតុងទាំង១៧ទីតាំងដែលកំពុងធ្វើអាជីវកម្មនៅក្នុងខេត្តព្រះសីហនុ


នៅព្រឹកថ្ងៃសៅរ៍​ ១៣រោច​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី​២៦​ ខែតុលា​ ឆ្នាំ​២០១៩​ នៅសាលាខេត្តព្រះសីហនុ​ ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការកោះប្រជុំជាមួយក្រុមហ៊ុនផលិតបេតុងទាំង១៧ទីតាំងដែលកំពុងធ្វើអាជីវកម្មនៅក្នុងខេត្តព្រះសីហនុ ដើម្បីឱ្យធ្វើការត្រួតពិនិត្យគុណភាពបេតុងរបស់ខ្លួន ដោយត្រូវបង្កើតឱ្យមានរចនាសម្ព័ន្ធពិសោធន៍បេតុងរបស់ខ្លួនមុននឹងដឹកជញ្ជូនទៅកាន់ការដ្ឋានសំណង់ ពិសេសបណ្តាក្រុមហ៊ុនបេតុងត្រូវតែធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់គ្រឿងចក្រផលិតបេតុងរបស់ខ្លួនពីស្ថាប័នទទួលស្គាល់ដោយរាជរដ្ឋាភិបាល ដែលជាកក្តាដើម្បីស្តារមុខមាត់ក្រុមហ៊ុនផលិតបេតុងនៅខេត្តព្រះសីហនុឡើងវិញ។ ជាមួយនេះផងដែរឯកឧត្តមក៏បានណែនាំដល់បណ្តាក្រុមហ៊ុនឱ្យជួយគិតគូរពីសុវត្ថិភាព សណ្តាប់ធ្នាប់ចរាចរណ៍ពេលដឹកជញ្ជូនបេតុង ដោយត្រូវពង្រឹងគុណភាព និងការទទួលខុសត្រូវរបស់អ្នកបើកបរឡានបេតុងផងដែរ។