សិក្ខាសាលាពិគ្រោះយោបល់ស្តី«ភាពចាំបាច់នៃការផ្លាស់ប្តូរជាយុទ្ធសាស្ត្រក្នុងកិច្ចសហប្រតិបតិ្តការលើវិស័យបរិស្ថាន»


ក្រសួងបរិស្ថាន នៅថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅ ទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារសហប្រតិបត្តិការ ផែនការ និងថវិកា ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតី និងដឹកនាំក្នុងអង្គសិក្ខាសាលាពិគ្រោះយោបល់ស្តី«ភាពចាំបាច់នៃការផ្លាស់ប្តូរជាយុទ្ធសាស្ត្រក្នុងកិច្ចសហប្រតិបតិ្តការលើវិស័យបរិស្ថាន» ។ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងជាប្រធានលេខាធិការដ្ឋានក្រុមការងារសហប្រតិបត្តិការ ផែនការ និងថវិកា ក្រសួងបរិស្ថាន បានឱដឹងថា វេទិកានាពេលនេះ រៀបចំឡើង ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំង២៥ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងវិស័យឯកជន ជាច្រើននាក់ ក្នុងគោលបំណង៖
១- បង្ហាញអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន ដែលបានអនុវត្តកន្លងមកជាមួយដៃគូពាក់ព័ន្ធ និង
២- ពិភាក្សាស្វែងរកនូវយន្តការសម្របសម្រួលសមស្របមួយ ដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន។

ក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថានមានទស្សវិស័យលើកកម្ពស់ការគ្រប់គ្រងបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដែលបេសកកម្មនេះ ត្រូវបានគូសបញ្ជាក់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលពី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (២០១៩-២០២៣)ក៏ដូចជាក្របខណ្ឌយុទ្ធសាស្ត្រ និងផែនការសកម្មភាពក្នុងវិស័យបរិស្ថាន និងវិស័យពាក់ព័ន្ធ។

ឯកឧត្តម បានបន្ថែមថា នៅក្នុងអាណត្តិទី៦នេះ ក្រសួងបរិស្ថានបាននិងកំពុងបន្តការធ្វើទំនើបកម្មស្ថាប័នកែសម្រួលរបៀបរបបការងារ រដ្ឋបាលទំនើប និងការគ្រប់គ្រងហិរញ្ញវត្ថុ ធ្វើប្រតិភូកម្មអំណាចនិងផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពង្រឹងសមត្ថភាពមន្ត្រីរាជការ ឧទ្យានុរក្ស ទាំងបរិមាណ និងគុណភាពកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់ជីវភាពនិងសុខុមាលភាពមន្រ្តីរាជការ។ តាមរយៈការធ្វើទំនើបកម្មស្ថាប័នការធ្វើកំណែទម្រង់មុខងារអភិរក្ស និងមុខងារអភិវឌ្ឍន៍ ពិសេសគឺការផ្ទេរនូវសម្បទានដីសេដ្ឋកិច្ចចំនួន៧៣គម្រោងទៅឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាអ្នកគ្រប់គ្រង និងការផ្ទេរផ្ទៃដីព្រៃការពារ ព្រៃអភិរក្សចំនួន១៨កន្លែងមកឱ្យក្រសួងបរិស្ថាន ជាអ្នកគ្រប់គ្រង និងការរៀបចំបង្កើតតំបន់ការពារធម្មជាតិថ្មីៗជាបន្តបន្ទាប់ ជាលទ្ធផលរាជរដ្ឋាភិបាលបានពង្រីកតំបន់ការពារធម្មជាតិ ៥៣ កន្លែង (រួមមាន ឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់ការពារទេសភាព ឧទ្យានជាតិសមុទ្រ តំបន់បេតិកភណ្ឌធម្មជាតិ តំបន់រ៉ាមសារ ។ល។) និងរបៀងអភិរក្សជីវៈចម្រុះចំនួន០៣ កន្លែង ដែលមានផ្ទៃដីសរុបប្រមាណ ៧,២ លានហិកតា ត្រូវជា៤១% នៃផ្ទៃដីទូទាំងប្រទេស។

ឯកឧត្តម រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា កិច្ចការនេះតម្រូវឱ្យមានការចូលរួម និងកិច្ចសហប្រត្តិការពីដៃគូអភិវឌ្ឍន៍ វិស័យឯកជន ក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធ ជាពិសេសគឺសហគមន៍មូលដ្ឋាន សម្រាប់ការទាញយកនូវផលប្រយោជន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព និងធានាបាននូវការអភិរក្សជីវៈចម្រុះ។

ជាមួយគ្នានេះដែរ ឯកឧត្តម សៅ សុភាព បានលើកទឹកចិត្តដល់អ្នកចូលរួមពិភាក្សា និងផ្តល់ធាតុចូលឱ្យបានកាន់តែច្រើន ជាពិសេសអំពីយន្តការសម្របសម្រួល និងកិច្ចសន្ទនាសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការ បញ្ហាប្រឈម ដំណោះស្រាយ ក៏ដូចជាការចូលរួមគាំទ្រដល់កម្មវិធី ឬគម្រោងនានាពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដើម្បីឈានទៅសម្រេចបាននូវគោលដៅ និងគោលបំណងជាយុទ្ធសាស្ត្រ លើវិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព។