(ភ្នំពេញ)៖ រឿងរ៉ាវឈឺចាប់អូសបន្លាយរ៉ាំរ៉ៃ ដោយសារភ្លើងសង្គ្រាមអស់ជាច្រើនទសវត្សរ៍ រហូតដល់ទីបំផុតរុញច្រានប្រទេសឲ្យធ្លាក់ចូល ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ពិតជាបានធ្វើឲ្យខ្មែរគ្រប់គ្នាឈឺចាប់គ្រប់គ្រាន់ណាស់ទៅហើយ។ ទម្រាំតែស្តារប្រទេសឡើងវិញបានដូចសព្វថ្ងៃ គេត្រូវការពេលស្ទើរតែកន្លះសតវត្សរ៍ ឬពាក់កណ្តាលជីវិតមនុស្ស ដោយឆ្លងកាត់ព្យុះភ្លៀងរាប់មិនអស់។
រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនត្រឹមតែយកជីវិតធ្វើដើមទុន ដើម្បីនាំប្រទេសចេញពីរបបវាលពិឃាតប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបាននាំមកឲ្យប្រទេសដ៏កំសត់មួយនេះ នូវសុខសន្តិភាពយ៉ាងពេញលេញ ដែលកម្រកើតមាននៅកម្ពុជា ក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នាំចុងក្រោយ។ ដូច្នេះ តើរដ្ឋាភិបាលគួរតែទុកឲ្យមនុស្សមួយក្តាប់តូច បន្តអុកឡុកសភាពការណ៍ប្រទេសជាតិ ដោយប៉ុនប៉ងធ្វើរដ្ឋប្រហារបង្ហូរឈាមខ្មែរ ដូចពីអតីតកាលទៀត ឬយ៉ាងណា?
ខ្ញុំសុំការយោគយល់អធ្យាស្រ័យ ពីមេដឹកនាំបក្សបក្សកាន់អំណាច ដែលខ្ញុំនិយាយការពិតដោយត្រង់ៗ ក្នុងទស្សនៈវិភាគនេះ ទោះបីជាខ្ញុំដឹងច្បាស់ថា «ពាក្យពិតរែងស្លែង» ក៏ដោយចុះពីព្រោះខ្ញុំយល់ឃើញថា ខ្មែរយើងបានចំណាយពេលវេលាឥតប្រយោជន៍ច្រើនពេកណាស់ទៅហើយ ក្នុងជម្លោះនយោបាយ ហើយជានយោបាយបែបបំផ្លិចបំផ្លាញដដែលៗ នាំឲ្យខូចប្រយោជន៍ជាតិយ៉ាងធ្ងន់ធ្ងរ។ នយោបាយដែលលោក សម រង្ស៊ី និងគូកនបាននិងកំពុងតែធ្វើនេះ គឺមិនគួរត្រូវអនុញ្ញាតឲ្យកើតមានលើទឹកដីដ៏កំសត់នេះ តទៅទៀតទាល់តែសោះ។
សម្រាប់ខ្ញុំ ៩ វិច្ឆិកា ដែលលោក សម រង្ស៊ី និងគូកនគាត់ បានប្រកាសកំណត់យកជាថ្ងៃវិលចូលស្រុកវិញ គួរតែក្លាយជាថ្ងៃជម្រះបញ្ជីជាមួយក្រុមលោក សម រង្ស៊ី តែម្តងទៅ ដើម្បីជៀសវាងកុំឲ្យក្រុមនេះ នៅបន្តធ្វើព្យុះភ្លៀងរំខានដល់រដ្ឋាភិបាល និងពលរដ្ឋខ្មែរឥតឈប់ឈរយ៉ាង ដូច្នេះតទៅទៀត ពីព្រោះខ្មែរត្រូវការពួតដៃគ្នាដើម្បីកសាងសេដ្ឋកិច្ចរបស់ខ្លួន ឲ្យបានរឹងមាំសម្រាប់អនាគតនៃកូនចៅយើងជំនាន់ក្រោយ។ ខ្ញុំយល់ថា ការប្រកាសកន្លងមករបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ «អ្នកក្លាហានឲ្យចូលស្រុក» វិញ ដែលសំដៅទៅលើលោក សម រង្ស៊ី ដើម្បីអាចចាត់វិធានការតាមផ្លូវច្បាប់មិនត្រឹមតែជាវិធីដ៏ល្អបំផុត ដើម្បីជម្រះបញ្ជីខ្មៅនេះ ចេញពីកម្ពុជាតាមយុទ្ធសាស្ត្រ «ចាប់ឆ្កែចចកញាត់ទ្រុង ប្រសើរជាងទុកឲ្យវារស់នៅក្នុងព្រៃ» ប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជាការប្រកាសដែលចេញពីទឹកចិត្ត និងបំណងពិតៗរបស់ សម្តេច ហ៊ុន សែន និងមេដឹកនាំគណបក្សប្រជាជន ដែលចង់ឲ្យ សម រង្ស៊ី វិលចូលស្រុកវិញនៅថ្ងៃ៩ វិច្ឆិកា ឬមុនថ្ងៃ៩វិច្ឆិកាទៀតផង។
ហេតុអ្វីបានជាខ្ញុំហ៊ានអះអាងយល់យ៉ាងដូច្នេះ? សម្រាប់ក្រសែភ្នែករបស់ខ្ញុំ ទាំងសម្តេច ហ៊ុន សែន និងអ្នកដឹកនាំដទៃទៀតមិនថាជាស៊ីវិល ឬកងកំលាំងប្រដាប់អាវុធនោះទេ សុទ្ធតែមានជំហរ និងទស្សនៈយល់ឃើញដូចគ្នាថា៖
ទី១៖ បច្ចុប្បន្ននេះគឺជាឱកាសមាសដ៏ល្អបំផុត ដើម្បីរៀបចំឲ្យអ្នកជំនាន់ថ្មីបន្តកិច្ចការដឹកនាំប្រទេសជាតិ ប៉ុន្តែ វាជា «ការរៀបបន្តវេន» គឺមិនមែនជាការបន្តទំនាស់នោះឡើយ ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺបច្ចុប្បន្ន រដ្ឋាភិបាលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងកាន់អំណាចទាំងស្រុង១០០% ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ និងទាំងកំលាំងសេដ្ឋកិច្ច។ ស្ថានការណ៍បច្ចុប្បន្ន ខុសគ្នាស្រឡះបើធៀបទៅនឹងឆ្នាំ១៩៧៩ ដែលគណបក្សប្រជាជនកម្ពុជា កសាងប្រទេសពីបាតដៃទទេសុទ្ធសាធ និងក្នុងស្ថានភាពដ៏លំបាកលំបិនបំផុត ប៉ុន្តែរដ្ឋាភិបាលគណបក្សប្រជាជន នៅតែអាចពុះពារជំនះធ្វើបាន និងឈានឡើងបានដល់កំរឹតខ្ពស់ដូចសព្វថ្ងៃ។ ចុះទម្រាំស្ថានភាពដ៏មហាសែនអំណោយផលដូចបច្ចុប្បន្ននេះ តើមានអ្វីគួរឲ្យព្រួយបារម្ភ? គឺ ប្រាកដជាគ្មានទាល់តែសោះ ពោលគឺពិតជាឱកាសមាសពិតៗ សម្រាប់រដ្ឋាភិបាល។
ទី២៖ គណបក្សប្រជាជនរឹងមាំខ្លាំង ក៏ដោយសារតែមានសាមគ្គី និងឯកភាពផ្ទៃក្នុងរឹងមាំ និងមិនដែលបាត់ម្ចាស់ការម្តងណាឡើយ តាំងពីដើមរហូតដល់បច្ចុប្បន្ន ជាពិសេសពេលបក្សនេះ ត្រូវប្រឈមដោះស្រាយបញ្ហាគ្រោះថ្នាក់ដល់ជាតិម្តងៗ។ យុទ្ធមិត្តរបស់គណបក្សប្រជាជន ដែលបានរួមដំណើរជាមួយគ្នា ស្មាកៀកស្មាគ្នា ដើម្បីរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហមកាលពីឆ្នាំ១៩៧៩ ពេលនេះក៏មានវ័យកាន់តែចាស់ ហើយយុទ្ធមិត្តមួយចំនួន ក៏មានសុខភាពទ្រុឌទ្រោម ខណៈដែលមួយចំនួនទៀត ក៏បានទទួលអនិច្ចកម្មទៅហើយ។ ដូច្នេះ មេដឹកនាំបក្សកាន់អំណាច ប្រាកដជាចង់ឃើញកូនចៅជំនាន់ក្រោយ បន្តរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍដោយគ្មានអ្នកណាមកបំផ្លាញសមិទ្ធផលដ៏កម្រ ដែលខ្លួនខំលះបង់គ្រប់បែបយ៉ាង និងកសាងយ៉ាងលំបាកនោះឲ្យរលាយសាបសូន្យ ទៅវិញបានឡើយ។
ទី៣៖ ពេលនេះគឺជាពេលដែលប្រទេសនានាលើពិភពលោក កំពុងប្រឡងប្រណាំងប្រជែងគ្ នាដើម្បីកសាងសេដ្ឋកិច្ចរបស់ប្រទេសគេរៀងៗខ្លួន ក្នុងនោះក៏មានកម្ពុជាដែរ។ ដូច្នេះនេះជាពេលវេលាដែលកម្ពុជា ត្រូវកសាងធនធានមនុស្សជំនាន់ក្រោយឲ្យបានរឹងមាំ ដើម្បីអនុញ្ញាតឲ្យមេដឹកនាំជំនាន់មុន ដែលមានវ័យកាន់តែចាស់ទៅហើយនោះបានផ្ទេរអំណាច និងការទទួលខុសត្រូវដល់អ្នកបន្តវេនរបស់ខ្លួន ហើយពួកគេក៏អាចមានពេលឈប់សម្រាក និងអង្គុយចាំតម្រែតម្រង់អ្នកបន្តវេនរបស់ខ្លួនផង។
ទី៤៖ គេក៏គួរដឹងដែរថា ពេលនេះប្រជាពលរដ្ឋខ្មែរត្រូវការសន្តិភាព និងភាពសម្បូរសប្បាយនិងចង់ឃើញកូនចៅរបស់ខ្លួន រស់ក្នុងស្ថានភាពបែបនេះទៅថ្ងៃអនាគត។ ដូច្នេះ គ្មានអ្នកណាចង់ឃើញ ប្រទេសជាតិរបស់ខ្លួនធ្លាក់ ក្នុងសភាពវឹកវរវិលទៅរកអតីតកាលដ៏ឈឺចាប់វិញ តាមការញុះញង់របស់លោក សម រង្ស៊ី នោះឡើយ។
ទី៥៖ ងាកមកមើលស្ថានភាពលោក សម រង្ស៊ី វិញ ! បច្ចុប្បន្ន គាត់ជាអ្ននយោបាយគ្មានបក្ស គ្មានអ្នកគាំទ្រច្រើន ដូចគាត់បានអះអាងនោះឡើយ ទាំងនៅក្នុងស្រុក និងក្រៅស្រុកពីព្រោះកម្លាំងរបស់លោក សម រង្ស៊ី បានបែកបាក់ខ្ទេចខ្ទីស្ទើរអស់ទៅហើយ។ ដោយឡែកពាក្យថា «សម រង្ស៊ី-កឹម សុខាជាមនុស្សតែមួយ» នោះវាគ្រាន់តែជាល្បែងថ្ពឹនភ្នែកលើគោក ដើម្បីបោកប្រាស់អ្នកគាំទ្រមួយគ្រាៗសម្រាប់ដោះទាល់តែប៉ុណ្ណោះ។ តែធាតុពិត កឹម សុខា និងសម រង្ស៊ី បែកគ្នាបាត់ទៅហើយ និងក៏គ្មានថ្ងៃចូលគ្នាវិញបានឡើយប្រៀបបានទឹក និងប្រេង។ ស្ថិតក្នុងស្ថានភាពបែបនេះ បើសិនជាលោក សម រង្ស៊ី ហ៊ានតែប្រថុយឈានជើងចូលជាន់ដីកម្ពុជា សមត្ថកិច្ចពិតជានឹងចាប់ខ្លួនលោក សម រង្ស៊ី ញាត់គុកដោយងាយបំផុត ប្រៀបដូចជាការចាប់ឆ្កែចចកញាត់ ក្នុងទ្រុងដើម្បីកុំឲ្យវាបន្តដើរព្រូសក្នុងព្រៃនាំឲ្យរំខាន ឮត្រចៀកគេឯងតទៅទៀត។
មានមតិយោបល់ខ្លះយល់ថា រដ្ឋាភិបាលភ្នំពេញមិនចង់ឲ្យ សម រង្ស៊ីវិលចូលស្រុក ព្រោះខ្លាចប្រឈមនឹងបញ្ហាផ្សេងៗ ក្រោយចាប់សម រង្ស៊ី ដាក់គុក។ ប៉ុន្តែ ខ្ញុំមិនយល់ស្របតាមទស្សនៈនេះទេ ពីព្រោះជំហានដើររយៈពេលជាង៤០ឆ្នាំ របស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ពិតជាបានផ្តល់នូវមេរៀន និងបទពិសោធន៍យ៉ាងសម្បូរបែប និងគ្រប់គ្រាន់ពេកក្នុងការប្រឈមមុខដោះស្រាយបញ្ហាដែលកើតឡើង កុំថាឡើយត្រឹមរឿងចាប់ និងក្រោយចាប់លោក សម រង្ស៊ី ញាត់គុក ឬក្រោយពីអស់លោក សម រង្ស៊ី ពីឆាកនយោបាយកម្ពុជាជាយថាហេតុ។
គួរកត់សម្គាល់ថា ការស្តារប្រទេសឡើងវិញចេញពីគំនរផេះផង់ ក្រោយការផ្តួលរំលំរបបខ្មែរក្រហម មិនត្រឹមតែបានធ្វើឡើងដោយមានតែបាតដៃទទេសុទ្ធសាធប៉ុណ្ណោះទេ ប៉ុន្តែ ដំណើរការកសាងប្រទេសពេលនោះ បានធ្វើឡើងក្រោមសម្ពាធ និងការហ៊ុព័ទ្ធទាំងនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិយ៉ាងធ្ងន់ធ្ងរទៀតផង។ ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា នៅតែអាចជម្នះបានឧបសគ្គដ៏មហាសែនលំបាកទាំងនោះ រហូតកសាងប្រទេសបានដូចសព្វថ្ងៃ។
ក្នុងចន្លោះពេលនោះទៀតសោត មានព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដែលរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានឆ្លងកាត់ដោយជោជ័យ។ ជាក់ស្តែង ព្រឹត្តិការណ៍ ៥ និង ៦ កក្កដា ឆ្នាំ ១៩៩៧ ដែលជាការតទល់ជាមួយកម្លាំងប៉ុនប៉ង ធ្វើរដ្ឋប្រហាររបស់សម្តេចក្រុមព្រះ ដោយមានទាំងការប្រើប្រាស់កម្លាំងខ្មែរក្រហមជាជំនួយផង ក៏ប៉ុន្តែការប៉ុនប៉ងនេះត្រូវបរាជ័យក្រោមកណ្តាប់ដៃដែក របស់រដ្ឋាភិបាលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រៅពីនោះ កម្ពុជាក៏ត្រូវប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសាកលធំៗពីរដែលកើតមានឡើងកាលពីឆ្នាំ១៩៩៧ និងឆ្នាំ ២០០៧-២០០៨ ប៉ុន្តែកម្ពុជានៅតែអាចទប់ទល់បានយ៉ាងល្អ។
យុទ្ធសាស្ត្រឌីហ្វីត (Divide – Isolate – Finish – Integrate – Develop) ដើម្បីបំផ្លាញអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរ្រហមកាលពីឆ្នាំ ១៩៩៨ ក៏ធ្វើឡើងក្រោមគំនិតដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ។ និងចុងក្រោយនេះគេក៏មិនត្រូវភ្លេចដែរ នូវព្រឹត្តិការណ៍ក្រោយការបោះឆ្នោត ឆ្នាំ២០១៣ដែលក្រុម លោក សម រង្ស៊ីបានប្រើប្រាស់កម្លាំងមហាជន ដើម្បីផ្តួលរំលំដ្ឋាភិបាលជាប់ឆ្នោត ប៉ុន្តែកម្លាំងនេះក៏ត្រូវបរាជ័យទាំងស្រុងក្រោមកណ្តាប់ដៃ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ចុះឥឡូវ ត្រឹមតែចាប់ចចកព្រៃពីរបីក្បាល ដែលកំពុងតែបែកហ្វូងមកដាក់ក្នុងទ្រុង ខ្ញុំយល់ថាដូចជាគ្មានអ្វីគួរឲ្យពិបាក ទាល់តែសោះខណៈដែលចចកព្រៃទាំងនោះ បានប្រកាសវិលចូលស្រុកវិញដោយខ្លួនឯង។
ដោយយោងលើអំណះអំណាង ដូចបានលើកឡើងខាងដើម ខ្ញុំយល់ឃើញថា គេមិនគួរទុកឲ្យកម្ទេចភ្លើងតូចតាច បង្កជាផ្សែងនាំឲ្យខូចបរិយាកាសកសាងប្រទេស អូសបន្លាយតទៅទៀតនោះឡើយ ពោលគឺ ដល់ពេលដែលរដ្ឋាភិបាល ត្រូវតែកម្ចាត់ចោលកូនបន្លាក្នុងបាតជើងនេះហើយ។ តាមការវិភាគរបស់ខ្ញុំ ប្រសិនបើលោក សម រង្ស៊ី ហ៊ានប្រថុយចូលស្រុកថ្ងៃទី៩ វិច្ឆិកាមែននោះ លទ្ធផលមានតែ២គត់៖ ទី១ គឺជាប់គុក និងទី២ គឺអាចត្រូវបាតដៃទី៣ ឆក់យកជីវិតដូចអ្វី ដែលបានកើតឡើងនៅហ្វីលីពីន កាលពីឆ្នាំ ១៩៨៣។ មិនថាជោគវាសនារបស់លោក សម រង្ស៊ី ជួបប្រទះនឹងហេតុការណ៍ណាមួយក៏ដោយ ក្នុងចំណោមលទ្ធផលទាំងពីរ ក៏រដ្ឋាភិបាលគណបក្សប្រជាជន នៅតែអាចគ្រប់គ្រងសភាពការណ៍បានដដែល ព្រោះវាពិតជាមិនមែនជារឿងថ្មី និងពិបាកពិបាកដោះស្រាយនោះឡើយ សំរាប់បុរសខ្លាំងកម្ពុជាដែលមានបទពិសោធន៍ នយោបាយយ៉ាងជោគជាំ ហើយដែលបច្ចុប្បន្នកំពុងកាន់អំណាចណែនក្នុងដៃ តាំងពីជាង៤០មកហើយ។
សម្រាប់លោក សម រង្ស៊ី វិញ មិនថាត្រូវជាប់គុក ឬត្រូវអស់ជីវិតដោយសារបាតដៃទី៣ឡើយ ជីវិតនយោបាយរបស់លោក សម រង្ស៊ី នឹងត្រូវចប់ជាស្ថាពរ ពីព្រោះបើអស់ពីលោក សម រង្ស៊ី និងគូកនគាត់ប៉ុន្មាននាក់នេះទៅ អ្នកប្រឆាំងដែលនឹងបន្តវេននឹងច្បាស់ ជាមានជម្រើសនយោបាយល្អប្រសើរជាងលោក សម រង្ស៊ី ជាក់ជាមិនខាន។ ដូច្នេះ តើការជម្រះបញ្ជីឲ្យដាច់ស្រឡះជាមួយលោក សម រង្ស៊ី នៅថ្ងៃទី៩ វិច្ឆិកា មិនមែនជាជម្រើសល្អជាងទុកបណ្តោយឲ្យលោក សម រង្ស៊ី បន្តបង្កាត់ភ្លើងបក់ផ្សេង មកឲ្យគ្រប់គ្នាហិតក្នុងរយៈពេលយូរតទៅទៀតទេឬ? អ្វីដែលយើងគួរចងចាំគឺសកម្មភាពនយោបាយ និងមនោគមវិជ្ជារបស់លោក សម រង្ស៊ី រយៈពេលជាង ២០ ឆ្នាំមកនេះ គឺប្រៀបដូចជាមេរោគដំបៅមហារីកមួយដ៏គ្រោះថ្នាក់ សម្រាប់សង្គមខ្មែរ។ ដូច្នេះការវះកាត់ដុំសាច់មហារីកមួយដុំនេះគ្រវាត់ចោល គឺជាការចាំបាច់ណាស់បើទោះបីជាត្រូវរងការឈឺចាប់ខ្លះក៏ដោយ តែវាល្អជាងការទុកដុំសាច់មួយដុំតូចនេះ ឲ្យវាបង្កជាជំងឺមហារីក។ សម្រាប់ខ្ញុំ មានតែវិធីនេះទេដែលគណបក្សប្រជាជន អាចកសាងគ្រិះដ៏រឹងមាំសំរាប់ «ការបន្តវេនដែលមិនបន្តទំនាស់»៕
ដោយ៖ សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមខេត្តកំពង់ចាម