សូមកោតសរសើរ! កុមារី ហ៊ុន ពេជ្រមុន្នីលីណា ចៅស្រីសម្តេចតេជោ ហ៊ុន សែន បន្តដណ្តើមបានលេខ១ ក្នុងការប្រកួតប្រជែងគណិតវិទ្យាប្រចាំតំបន់អាស៊ី ក្នុងចំណោមសិស្ស១០០នាក់


កុមារី ហ៊ុន ពេជ្រមុន្នីលីណា ចៅស្រីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តដណ្តើមបានលេខ១ ក្នុងការប្រកួតប្រជែងគណិតវិទ្យា ប្រចាំតំបន់អាស៊ី ក្នុងចំណោមសិស្ស១០០នាក់ (Asia’a Top 100 Students) នេះបើយោងតាមតារាងពិន្ទុដែលអង្គភាព ទទួលបាននៅយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ។

លទ្ធផលដែលបង្ហាញនៅលើគេហទំព័រប្រឡងគណិតវិទ្យាកម្រិតតំបន់អាស៊ី បានបង្ហាញថា កុមារី ហ៊ុន ពេជ្រមុន្នីលីណា បានឈរនៅលើកំពូលតារាងជាមួយពិន្ទុ ១៣,៦៤៩ ខណៈលេខ២ បានទៅលើសិស្សមកពីប្រទេសជាមួយពិន្ទុ ៤៦៤០។

កុមារី ហ៊ុន ពេជ្រមុន្នីលីណា ជាកូនស្រីទី២របស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី។ តាមរយៈគេហទំព័រប្រកួតប្រជែងគណិតវិទ្យាកម្រិតថ្នាក់អាស៊ី និងពិភពលោកនេះ កុមារី ហ៊ុន ពេជ្រមុន្នីលីណា តែងតែបានចូលរួមប្រកួតប្រជែងសមត្ថភាពជារឿយៗ ហើយតែងតែទទួលបានចំណាត់ថ្នាក់ល្អៗផងដែរ។

នេះមិនមែនលើកទី១ទេ ពោលគឺច្រើនដងណាស់ដែលកុមារីរូបនេះ បានដណ្តើមតំណែងកំពូលតារាងនៃកម្មវិធីប្រកួតប្រជែងគណិតវិទ្យានេះទាំងនៅតំបន់អាស៊ី និងលើពិភពលោក។

ជាមួយការដណ្តើមបានចំណាត់ថ្នាក់កំពូលតារាងរបស់កុមារី ហ៊ុន ពេជ្រមុន្នីលីណា បានធ្វើឲ្យរូបសញ្ញាទង់ជាតិរបស់កម្ពុជា ត្រូវបានបង្ហាញលើកំពូលតារាងគេហទំព័រ «Mathletics Hall of Fame» ដែលជាគេហទំព័រមួយ មានការប្រកួតប្រជែងគណិតវិទ្យារបស់កុមារា កុមារី មកពីប្រទេសជាច្រើននៅលើពិភពលោក។

លទ្ធផលនេះក៏បានលើកតម្លៃអប់រំនៅកម្ពុជានាពេលបច្ចុប្បន្ន ហើយបានបង្ហាញថា ភាពវៃឆ្លាតរបស់កុមារកម្ពុជា មិនចាញ់កុមារនៅលើពិភពលោកនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា ភាពវ័យឆ្លាតរបស់មនុស្សមិនស្ថិតនៅលើមនុស្សនោះកើតក្នុងប្រទេសធំ ប្រទេសមានសេដ្ឋកិច្ចរុងរឿង ឬប្រទេសនោះជាប្រទេសតូច ឬមានសេដ្ឋកិច្ចមិនរីកចម្រើននោះឡើយ ពោលមនុស្សជាតិកើតក្នុងប្រទេសតូច ប្រទេសក្រីក្រ ក៏មានសមត្ថភាពឆ្លាតវៃដូច ឬឆ្លាតជាងប្រទេសមានសេដ្ឋកិច្ចរុងរឿង ប្រទេសធំផងដែរ៕