ឯកឧត្តម ផៃ ស៊ីផាន បានឲ្យដឹងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ថា “អ្វីដែលលោកសម រង្ស៊ី លើកឡើងដដែលថា នឹងមកកម្ពុជា តាមការគ្រោងទុកនៅថ្ងៃទី៩ វិច្ឆិកាខាងមុខនេះ គឺជាសង្គ្រាមចិត្តសាស្ត្រតែប៉ុណ្ណោះ ហើយបង្កើតបរិយាកាសញុះញង់បង្អើរ ។ អ្វីដែលគាត់ធ្វើនោះ គ្មានឥទ្ធិពលមកលើរាជរដ្ឋាភិបាលទេ” ។
ជាមួយគ្នានេះ ឯកឧត្តម ផៃ ស៊ីផាន ក៏បានស្នើសុំប្រជាពលរដ្ឋទាំងអស់ កុំមានភាពភ្ញាក់ផ្អើល ក្នុងការចូលរួមធ្វើរដ្ឋប្រហារ ដែលជាសកម្មភាពក្បត់ជាតិ ជាមួយលោក សម រង្ស៊ី ។
ទោះបីលោក សម រង្ស៊ី អះអាងនឹងមកកម្ពុជា តាមកំណត់ក្តី ក៏អ្នកនាំពាក្យរដ្ឋាភិបាលថា បើមកតាមផ្លូវអាកាសក៏មិនអាចដែរ ព្រោះតាមផ្លូវអាកាស មានកិច្ចព្រមព្រៀងរួចហើយ រវាងយន្តហោះពាណិជ្ជ គឺគេមិនយកបញ្ហានយោបាយ ទៅលូកឡំជាមួយនឹងដំណើរការ ពាណិជ្ជកម្មនោះទេ ។
ឯកឧត្តមបន្តថា ចំពោះនគរបាលអាំងទែបូល ក៏គេពិនិត្យដែរចំពោះឈ្មោះ សម រង្ស៊ី ព្រោះដឹងថា បុគ្គលនេះ គឺជាឧក្រិដ្ឋជនមួយ ដែលកំពុងតាមរកចាប់ខ្លួន យកមកផ្តន្ទាទោស ។ ប្រសិនបើយន្តហោះណាមួយ ដឹកជនឧទ្ទាម ឬឧក្រិដ្ឋជនមកត្រូវយកទៅកន្លែងដើមវិញ ។ ជាក់ស្តែងលោកស្រី មូរ សុខហួរ ស្រាប់ហើយ គឺគេយកទៅកន្លែងដើមវិញ បន្ទាប់ពីចង់មកចតនៅទឹកដីថៃ។
ឯកឧត្តម ផៃ ស៊ីផាន ពន្យល់ថា ព្រលានយន្តហោះជាកន្លែងអន្តរជាតិ ប៉ុន្តែបើជនដែលគេហាមឃាត់នោះ មិនអាចជាន់ទឹកដីគេបានទេ ដូច្នេះគេត្រូវដេញទៅកន្លែងដើមវិញ បើមិនដូច្នេះទេ យន្តហោះនឹងត្រូវទិញសំបុត្រ ឲ្យជននោះទៅកន្លែងផ្សេងវិញ ៕