សម រង្ស៊ី ងាកពីប្រមាថព្រះមហាក្សត្រ​បែរមកមួលបង្កាច់​វិទ្យុបារាំងអន្តរជាតិ RFI ​បន្ទាប់ពីទទួលសំណួរ​អុកគូថ


(ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៉ី បានបង្ហាញការឈឺចិត្តនឹងសំណួរត្រង់ៗ របស់វិទ្យុបារាំងអន្ដរជាតិ RFI។ ក្រោយចប់កិច្ចសម្ភាសន៍ដោយលោក គួច គន្ធារ៉ា គឺទណ្ឌិត សម រង្ស៉ី បានបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយចោទប្រកាន់វិទ្យុបារាំងអន្តរជាតិ RFI ថា គ្មានវិជ្ជាជីវៈ។

ទំព័រហ្វេសប៊ុក សម រង្ស៉ី នៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ ពោលគឺមិនបានប៉ុន្មាន ម៉ោងក្រោយបទសម្ភាសន៍បានសរសេរដូច្នេះថា៖ «បទសម្ភាសន៍លោក សម រង្ស៊ី កាលពីម្សិលមិញ ជាមួយវិទ្យុបារាំងអន្តរជាតិ (RFI)។ វិទ្យុ RFI នេះជាភាសាខ្មែរ ស្ថិតក្រោមការគ្រប់គ្រងដោយមនុស្សមួយក្រុម ដែលលំអៀងទៅខាងរបប ហ៊ុន សែន»។

ជុំវិញការចោទប្រកាន់បែបនេះ ប្រធានគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ RFI លោក ហ្សង់ ហ្រ្វង់ ស្វ័រតាន់ បាននិងកំពុងពិចារណាថា នឹងត្រូវពន្យល់លោក សម រង្ស៊ី វិញឬយ៉ាងណា? តែប្រហែលជាមិនចាំបាច់ដោយលោកយល់ថា នេះមិនមែនជាលើកទីមួយទេដែលលោក សម រង្ស៊ី មួលប្រកាច់វិទ្យុបារាំងបែបនេះ។

កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ វិទ្យុបារាំងអន្ដរជាតិ RFI បានបង្ហោះវីដេអូសម្ភាសន៍ទាំងស្រុង នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយក្នុងនោះ លោក គួច គន្ធារ៉ា បានសួរនូវសំណួរត្រង់ៗប្រកបដោយវិជ្ជាជីវៈ ប៉ុន្តែបែរជាលោក សម រង្ស៉ី បង្ហាញទឹកមុខខឹង និងចោទវិទ្យុបារាំងថា គ្មានវិជ្ជាជីវៈទៅវិញ។

គួរកត់សម្គាល់ថា ស្ថានភាពទណ្ឌិត សម រង្ស៊ី ដែលសក់ស្កូវច្រើនមុខកាន់តែយ៉ាប់ទៅហើយនោះ កន្លងមកក៏ធ្លាប់បានបើកការវាយប្រហារមិនរើសមុខ រួមទាំងព្រះមហាក្សត្រផងដែរ។ ឥឡូវនេះ ទណ្ឌិត សម រង្ស៊ី បានងាកមកវាយប្រហារវិទ្យុបារាំង ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង។ នេះបង្ហាញថា ទណ្ឌិត សម រង្ស៊ី ជាជនផ្តាច់ការ មួលបង្កាច់ លាបពណ៌ ទាំងខ្លួនឯងមិនទាន់មានអំណាចផង ដោយសារការក្រពុលមុខ នឹងកំហុសនៃការដាក់ចេញផែនការនយោបាយរបស់ខ្លួនបរាជ័យ ហើយងាកមកវៃអ្នកកាសែតដែលសួរសំណួរចំៗ ត្រង់ៗ និងពិបាកគេច។ មួយវិញទៀត ទណ្ឌិត សម រង្ស៊ី យល់ថា នេះជារឿងអាម៉ាសខ្លាំងទើបងាកមកវៃប្រហារវិទ្យុបារាំងបែបនេះ។

សូបជម្រាបដែរថា អ្វីដែលទណ្ឌិត សម រង្ស៊ី លើកឡើងនេះ មជ្ឈដ្ឋានអ្នកសារព័ត៌មានជាច្រើនមិនគាំទ្រនោះឡើយនិងចាត់ទុកថា សម្តីរបស់ សម រង្ស៊ី គឺជាការមួលបង្កាច់ លាបពណ៌ ដោយប្រើអារម្មណ៍ផ្ទាល់ខ្លួនដោយឆោតល្ងង់។ អ្នកកាសែតមិនគាំទ្រអ្វីដែល លោក សម រង្ស៊ី លើកឡើងនោះទេ។ អ្នកនយោបាយជើងមិនជាប់ដី ពិតជាមិនយល់ពីប្រជាជន និងមិនទទួលការគាំទ្រឡើយ។ ភាពឯកោនិងភាពបរាជ័យនៃនយោបាយខុសឆ្គងរបស់ទណ្ឌិត សម រង្ស៊ី នឹងចប់ត្រឹមម៉ោង១២ ថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩។ «៩វិច្ឆិកា» នៅតែជាថ្ងៃប្រវត្តិសាស្ត្ររបស់កម្ពុជាដែលឈ្នះលើបារាំង រួមទាំងឈ្នះលើ សម រង្ស៊ី ជាឧទ្ទាមចំណាកស្រុកនៅបារាំងផងដែរ៕