គណបក្សហ៊្វុនស៊ិនប៉ិច អំពាវនាវបងប្អូនប្រជាពលរដ្ឋកុំជឿការឃោសនារបស់ទណ្ឌិត សម រង្ស៉ី ដែលប៉ុនប៉ងផ្ដូលរំលំព្រះរាជបល្ល័ង្គ


គណបក្សហ៊្វុនស៊ិនប៉ិច ដែលមានសម្ដេចក្រុមព្រះ នរោត្តម រណឫទិ្ធ ជាព្រះប្រធាន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ បានបង្ហាញការគាំទ្រចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ចលនាក្រៅច្បាប់ដែលដឹកនាំដោយ ទណ្ឌិត សម រង្ស៉ី ដើម្បីញុះញង់ បំផុស បំភាន់ ប្រជាពលរដ្ឋឲ្យធ្លាក់ក្នុងគ្រោះថ្នាក់ជាថ្មីម្តងទៀត។

តាមរយៈសេចក្តីប្រកាសរបស់ខ្លួន គណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់៣ចំណុចដូចតទៅ៖
១៖ គណបក្សហ៊្វុនស៊ិនប៉ិច សូមប្រកាសថ្កោលទោសទណ្ឌិតសមរង្សី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់ ព្រះករុណា ព្រះមហាក្សត្រ និងប៉ុនប៉ងផ្តួលរំលំ ព្រះរាជបល្ល័ង្គជាទីគោរពសក្ការៈនៃប្រជារាស្ត្រខ្មែរ ដែលជានិច្ចកាលគណបក្សហ៊្វុនស៊ិនប៉ិច តែងតែការពារ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ ព្រះករុណា ព្រះមហាក្សត្រ និងព្រះរាជបល្ល័ង្គ តាំងពីដើមរៀងរហូតមក។

២៖ គណបក្សហ៊្វុនស៊ិនប៉ិច សូមស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះក្រុមឧទ្ទាមក្រៅច្បាប់ខាងលើ ដែលតែងតែមានចេតនាទុច្ចរិត បំផ្លាញនូវ សុខសន្តិភាពសណ្តាប់ធ្នាប់ និងស្ថិរភាពសង្គមកម្ពុជាក្រោមម្លប់ដ៏ត្រជាក់ នៃព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់នៃយើង។

៣៖ គណបក្សហ៊្វុនស៊ិនប៉ិច សូមអំពាវនាវដល់បងប្អូនជនរួមជាតិ សូមរក្សាសុវត្ថិភាពផ្ទាល់ខ្លួន កុំលុះលង់ជឿការឃោសនាអូសទាញ បញ្ចុះបញ្ចូលនាំទៅរកផ្លូវខុសច្បាប់ ប្រឆាំងចំពោះរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។ សូមបងប្អូនជនរួមជាតិចូលរួម ការពារថែររក្សាព្រះរាជបល្ល័ង្គ និងសុខសន្តិភាព ស្ថិរភាព ដែលកំពុងមានសព្វថ្ងៃនេះ និងសូមចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែត ព្រះទីប អកអំបុកសំពះព្រះខែ ដោយសេចក្តីសប្បាយរីករាយ ជួបជុំមហាគ្រួសារខ្មែរឲ្យបានច្រើនកុះករ តាមគន្លងប្រពៃណីជាតិខ្មែរយើង តាំងពីបុរាណកាលតរៀងមក។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល ស្ថាប័ន និងក្រសួងមានសមត្ថកិច្ច កំពុងមានចំណាត់ការលើ សមាជិកក្រុមឧទ្ទាមដែលដឹកនាំដោយ លោក សម រង្ស៉ី ដែលរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដោយក្នុងនោះ បានចាប់ខ្លួនជនពាក់ព័ន្ធជាបន្តបន្ទាប់។ ប៉ុន្តែទោះជាយ៉ាងនេះក្តីសម្រាប់អ្នកដែលសារភាព ក៏ត្រូវបានរួចផុតពីទោសផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គណបក្សហ៊្វុនស៊ិនប៉ិច៖