សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជេីញចូលរួមកិច្ចប្រជុំកំពូលអាស៊ានអង្គការ-សហប្រជាជាតិលើកទី១០


នៅរសៀលថ្ងៃទី០៣​ វិច្ឆិកា​ ២០១៩​ ដដែលនេះ​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជេីញចូលរួមកិច្ចប្រជុំកំពូលអាស៊ានអង្គការ-សហប្រជាជាតិលើកទី១០ ដែលបានប្រារព្វពិធីបើកនៅមជ្ឈមណ្ឌលពិពណ៌ និងសន្និបាតអ៊ីមផែន ព្រះរាណាចក្រថៃ។

នៅក្នុងពិធីបេីកកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១០​នាពេលនេះ​ គឺមានការយាង​ និងអញ្ជេីញចូលរួមពីប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន​ អង្គការសហប្រជាជាតិ ព្រមទាំងបានសំដែងនូវការស្វាគមន៍ចំពោះវឌ្ឍនភាពដ៏ល្អប្រសើរ ក្នុងការអនុវត្តផែនការសកម្មភាពអាស៊ាន-អង្គការសហប្រជាជាតិ ២០១៦-២០២០ ក្នុងស្មារតីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។

មេដឹកនាំអាស៊ាន-អង្គការសហប្រជាជាតិ បានចាត់ទុកថា អាស៊ាន និងអង្គការសហប្រជាជាតិ ត្រូវតែបន្ត និងជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀត រួមទាំងពង្រឹងទំនាក់ទំនងរវាងលេខាធិការដ្ឋានអាស៊ាន និងលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ដើម្បីពិនិត្យមើលនូវការអនុវត្ត សកម្មភាពបំពេញបន្ថែមទៅវិញទៅមក ដែលអាចគាំទ្រដល់ការអនុវត្តផែនការកសាងសហគមន៍អាស៊ាន ២០២៥ និងរបៀបវារ:ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

អាស៊ាន និងអង្គការសហប្រជាជាតិ គួរខិតខំជំរុញអនុវត្តឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវផែនការសកម្មភាពស្តីពីបរិស្ថាន និងការបម្រែបម្រួលអាកាសធាតុ ២០១៧-២០២០ ។ ដូចគ្នានឹងសុន្ទរកថារបស់មេដឹកនាំអាស៊ាន អង្កការសហប្រជាជាតិ សម្តេចតេជោ​ នាយករដ្ឋមន្រ្តី បានថ្លែងថាកម្ពុជានិងប្រទេសអាស៊ានទាំងអស់ នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាព ជាមួយអង្គការសហប្រជាជាតិ និងទីភ្នាក់ងារនានារបស់អង្កការសហប្រជាជាតិ ដើម្បីជំរុញអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

នៅក្នុងសុន្ទរកថាគន្លឹះទៅកាន់បណ្តាមេដឹកនាំអាស៊ាន-អង្កការសហប្រជាជាតិ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ដែរថា ចំពោះបញ្ហាអំពើហិង្សាជ្រុលនិយម និងអំពើភេរវកម្ម កម្ពុជាស្នើអាស៊ាន និងអង្កការសហប្រជាជាតិ បន្តខិតខំប្រឹងប្រែងរួមគ្នាថែមទៀត ក្នុងការទប់ស្កាត់សកម្មភាពភេរវកម្មអន្តរជាតិ តាមរយ:ផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានជំនាញចាំបាច់ ដែលមន្រ្តីអង្កការសហប្រជាជាតិអាចធ្វើបានជាមួយអាស៊ាន។ បន្ទាប់ពីបានពិភាក្សាយ៉ាងផុសផុលរួចមក មេដឹកនាំអាស៊ាន-អង្កការសហប្រជាជាតិ បានឈានទៅចេញផ្សាយនូវសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន អង្គការសហប្រជាជាតិលើកទី១០ និងបានធ្វើការកត់សំគាល់ផែនទីចង្អុល សម្រាប់ការបំពេញបន្ថែម២០២០-២០២៥៕