សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយតំណាងពិសេសរបស់ប្រធានាធិបតី Donald Trump ក្រៅកិច្ចប្រជុំកំពូលអាស៊ាន


(បាងកក,ថៃ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឆ្លៀតពេលវេលាដ៏មមាញឹក នៃកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ ជួបសំណេះសំណាល និងពិភាក្សាជាមួយតំណាងពិសេសរបស់ប្រធានាធិបតី Donald Trump គឺលោក Robert C. O’Brien (រ៉ូប៊ែរ អូប្រៀន) នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន។

ការជួបពិភាក្សារបស់សម្តេចតេជោ ហ៊ុន សែន និង តំណាងពិសេសរបស់ប្រធានាធិបតី Donald Trump ធ្វើឡើងក្នុងពេលសម្រាកក្នុងបន្ទប់រង់ចាំ ដែលរៀបចំសម្រាប់បណ្តាមេដឹកនាំនៃប្រទេសនានា ដែលអញ្ជើញមកចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ានបូក។

ការជួបសំណេះសំណាល និងពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន និងលោក រ៉ូប៊ែរ អូប្រៀន តំណាងពិសេសរបស់ប្រធានាធិបតី Donald Trump បានបង្ហាញនូវទំនាក់ទងល្អ ការរាប់អាន និងភាពជិតស្និទ្ធរវាងប្រមុខដឹកនាំកម្ពុជា និងអាមេរិក។

សូមជម្រាបថា ក្នុងឱកាសសម្រាករង់ចាំកិច្ចប្រជុំនានា នៃកិច្ចប្រជុំកំពូលអាស៊ាន សម្តេចតេជោ ហ៊ុន សែន ក្រៅពីជួបសំណេះសំណាល និងពិភាក្សាជាមួយតំណាងរបស់សហរដ្ឋអាមេរិក សម្តេចតេជោ ក៏បានសំណេះសំណាលជាមួយមេដឹកនាំប្រទេសផ្សេងៗទៀត ដូចជា នាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ, ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូជីអ៊ីន, នាយករដ្ឋមន្ត្រីរុស្សី លោក Dmitry Medvedev និងប្រមុខរដ្ឋនៃប្រទេសអាស៊ានផងដែរ៕