ឯកឧត្តម ថោង ខុន៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ពិតជាបានដើរតួនាទីសំខាន់ ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា


(សៀមរាប)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ការពង្រឹងប្រព័ន្ធផ្សព្វផ្សាយនានា ពិសេសតាមរយៈប្រព័ន្ធឌីជីថល ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍កម្ពុជា ក៏ដូចជារួមចំណែកជំរុញកំណើន និងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយបានចូលរួមអប់រំប្រជាជនឱ្យបានយល់ដឹងអំពីវិស័យទេសចរណ៍។

ឯកឧត្តម ថោង ខុន បានថ្លែងយ៉ាងដូច្នេះធ្វើឡើង ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីគេហទំព័រ និងកម្មវិធីទូរស័ព្ទឆ្លាត នៃទេសចរណ៍ក្នុងស្រុក Visit Cambodia និងការអនុវត្តការចុះបញ្ជីស្នាក់ នៅទេសចរណ៍អនឡាញ សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលបានរៀបចំឡើងនៅសណ្ឋាគារសុខា ខេត្តសៀមរាប នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា សេដ្ឋកិច្ចឌីជីថល បាននិងកំពុងធ្វើឱ្យរបៀបរបបធ្វើការងារ មានភាពផ្លាស់ប្តូរជាច្រើន នៅតាមបណ្តាឧស្សាហកម្មនានា ដូចជាសេវាកម្មហិរញ្ញវត្ថុសេវាកម្មសុខភាព សេវាកម្មទេសចរណ៍ សេវាកម្មកម្សាន្ត មធ្យោបាយដឹកជញ្ជូន និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។

ផ្អែកលើស្មារតីនេះ វិស័យទេសចរណ៍ក៏ត្រូវធ្វើការសិក្សា និងពង្រីកបន្ថែមទីផ្សារទេសចរណ៍ឱ្យកាន់តែទូលាយ តាមរយៈការជំរុញឱ្យមានការបង្កើតផលិតផលទេសចរណ៍ ដែលមានគុណភាព និងទាក់ទាញ ពិសេសជំរុញការផ្សព្វផ្សាយទេសចរណ៍តាមរយៈប្រព័ន្ធឌីជីថល ដែលផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ ក្នុងការស្វែងរកព័ត៌មានអំពីគោលដៅទេសចរណ៍នានា នៅកម្ពុជាឱ្យកាន់តែប្រសើរ។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ទៀតថា តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ក៏បានចូលរួមអប់រំដល់ប្រជាជនកម្ពុជា ឱ្យបានយល់ដឹងអំពីអត្ថប្រយោជន៍ ដ៏មានតម្លៃនៃវិស័យទេសចរណ៍ ពោលគឺអត្ថប្រយោជន៍នេះ មិនត្រឹមតែបានផ្សព្វផ្សាយ ទៅដល់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែក៏បានទៅដល់ភ្ញៀវទេសចរដទៃទៀត តាមរយៈការទទួលបានបទពិសោធន៍ ការទទួលស្វាគមន៍ ពិសេសការប្រាស្រ័យទាក់ទងជាមួយនឹងប្រជាជនមូលដ្ឋានកាន់តែប្រសើរ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានដាក់ចេញនូវអនុសាសន៍គន្លឹះចំនួន ៥ចំណុច រួមមាន៖

ទី១៖ ពាក់ព័ន្ធនឹងគេហទំព័រ និងកម្មវិធីទូរស័ព្ទវៃឆ្លាត «Visit Cambodia» លោកបានស្នើឲ្យផ្នែកឯកជនដែលជាប្រតិបត្តិករទេសចរណ៍ចូលរួមផ្តល់ព័ត៌មាន ក៏ដូចជាកម្មវិធីបញ្ចុះតម្លៃពិសេសណាមួយ ក្នុងគោលបំណងពង្រឹង និងពង្រីកសក្តានុពលទេសចរណ៍នៅខេត្តសៀមរាបឱ្យបានល្អប្រសើរ និងបង្កើនកំណើនភ្ញៀវទេសចរទៅកម្សាន្តឱ្យបានកាន់តែច្រើន ក្នុងន័យធ្វើយ៉ាងណាជំរុញការស្វែងរកគោលដៅ និងសេវាកម្មទេសចរណ៍នានាដែលក្នុងខេត្តសៀមរាប សំដៅបំផុសចលនាទេសចរណ៍ទៅកាន់ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រដ៏ល្អរបស់កម្ពុជា។

ទី២៖ ពាក់ព័ន្ធនឹងកញ្ចប់ទស្សនកិច្ចក្នុងស្រុក ពិសេសខេត្តសៀមរាប ដើម្បីចូលរួមក្នុងការអភិវឌ្ឍកញ្ចប់ទស្សនកិច្ចទេសចរណ៍ និងជំរុញកំណើនភ្ញៀវទេសចរទៅកាន់គោលដៅខេត្តសៀមរាប លោកបានស្នើឲ្យមានការចូលរួមពីសំណាក់ប្រតិបត្តិករទេសចរ ពិសេសម្ចាស់គ្រប់គ្រងអាជីវកម្មទេសចរណ៍ និងមូលដ្ឋានអាជីវកម្មថ្មីៗ ក្នុងកម្មវិធីបង្កើតកញ្ចប់ទស្សនកិច្ចពិសេសនេះ តាមរយៈកម្មវិធីនានា ឬការបញ្ចុះតម្លៃពិសេសទៅលើសេវាកម្មរបស់ខ្លួន ដើម្បីងាយស្រួលដល់ការជ្រើសរើសគោលដៅ ក៏ដូចជាកញ្ចប់ទស្សនកិច្ចរបស់ភ្ញៀវទេសចរ។

ទី៣៖ ពាក់ព័ន្ធនឹងប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍អនឡាញ លោកបានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ ពិសេសប្រតិបត្តិករទេសចរណ៍ នៅក្នុងផ្នែកសេវាកម្មស្នាក់នៅទេសចរណ៍ចូលរួមអនុវត្តរាល់ភារកិច្ច ដែលពាក់ព័ន្ធនឹងដំណើរប្រតិបត្តិការរបស់ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍ សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ (www.accommodationregistrar.net)។

ទី៤៖ លោកបានអំពាវនាវដល់អាជ្ញាធរ និងរដ្ឋបាលខេត្តសៀមរាប សូមយកចិត្តទុកដាក់បន្ថែមលើការងារសម្អាត និងថែរក្សាអនាម័យទីក្រុង (សៀមរាបផ្ទះខ្ញុំ) ក៏ដូចជាទីប្រជុំជន និងគោលដៅទេសចរណ៍សំខាន់។ កន្លងមក រដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា បានខិតខំស្តារនិងអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ជុំវិញខេត្ត និងគោលដៅទេសចរណ៍សំខាន់ៗ លោកក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ និងផ្នែកឯកជនពាក់ព័ន្ធនានាមេត្តាចូលរួម និងបន្តផ្តល់សេវាកម្មប្រកប ដោយការទទួលខុសត្រូវ និងចូលរួមដល់គ្រប់យុទ្ធនាការថែរក្សាអនាម័យស្អាតរបស់ខេត្តសៀមរាប ដើម្បីជាទុនបន្ថែមក្នុងការទាក់ទាញកំណើនភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប និងតំបន់អង្គរ។

ទី៥៖ អំពាវនាវដល់រដ្ឋបាលខេត្ត អាជ្ញាធរពាក់ព័ន្ធ ផ្នែកឯកជន និងប្រជាពលរដ្ឋចូលរួមក្នុងយុទ្ធនាការពិសេសក្នុងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ទាំងអស់ រាប់ទាំងសេវាដឹកជញ្ជូន ស្នាក់នៅ ហូបចុក មគ្គទ្ទេសក៍ទេសចរណ៍ ហាងលក់វត្ថុអនុស្សាវរីយ៍។ យុទ្ធនាការពិសេសនេះ អាចជាការប្រឡងប្រណាំងពិសេសដោយឡែក សម្រាប់ខេត្តសៀមរាប ក្នុងគោលដៅជំរុញការអភិវឌ្ឍ និងកំណើនភ្ញៀវទេសចរមកទស្សនាតំបន់បេតិកភណ្ឌ ដ៏វិសេសវិសាលមួយនេះ៕