គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រៀមការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យឯករាជជាតិ និងព្រះរាជពិធីបុណ្យអុំទូក


ដើម្បីចូលរួមអបអរសាទរក្នុងឱកាសឱកាសបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ចេវ ហាក់ ស្នងការងនគរបាលរាជធានី ដាក់ចេញជាវិធានការ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ព្រមទាំងចូលទប់ស្កាត់ពួកឧទ្ទាមក្រៅច្បាប់ឱ្យខាងតែបាន។

កិច្ចប្រជុំនេះបានធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធចំណុះ ឱ្យគណៈបញ្ជាការឯកភាពរាជធានី ដើម្បីមានវិធានការធ្វើយ៉ាងណា ឱ្យព្រះរាជពិធីខាងលើប្រព្រឹត្តិទៅដោយរលូន ទទួលបានជោគជ័យ និងប្រជាពលរដ្ឋទទួលបានភាពរីករាយ។

នៅក្នុងកិច្ចប្រជុំនេះ បានដាក់ចេញជាវិធានការ ដើម្បីការពារសន្តិសុខសុវត្ថិភាព ក្នុងឱកាសពិធីខួបលើកទី៦៦ ទិវាបុណ្យឯករាជជាតិ ០៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩។

បើតាមលោក ចេវ ហាក់ បានលើកឡើងពីវិធានការជុំវិញកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ការបញ្ជៀសចរាចរណ៍រថយន្តធុនធំ។ ការរៀបចំខួបលើកទី៦៦ ទិវាបុណ្យឯករាជជាតិ ០៩ វិច្ឆិកា និងកំណើតកងយោធពលខេមរភូមិន្ទ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។

លោកបានបន្តថា ការត្រៀមរៀបចំកន្លែងស្នាក់នៅសម្រាប់កីឡាករអុំទូកស្នាក់នៅ និងការរៀបចំទីលានប្រឆាំងទូក។ ការដាក់ចេញ នូវផែនការសង្គ្រោះទូកលិច ការសង្គ្រោះអ្នកជំងឺ និងផែនការ ទទួលទានអំបុក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ ការរៀបចំតុបតែងលំអរសោភណ្ឌ អនាម័យ បរិស្ថាន និងអគ្គិសនី។ ក្រៅពីនោះក៏បានពិភាក្សាលើការងារមួយចំនួនទៀត ជាមួយអាជ្ញាធរខណ្ឌទាំង១៤។

 ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ឆ្នាំនេះខុសប្លែកពីបណ្តាលឆ្នាំកន្លងទៅ ដោយសារតែឆ្នាំនេះ ទិវាបុណ្យឯករាជជាតិ ០៩ វិច្ឆិកា និងកំណើតកងយុទ្ធពលខេមរភូមិន្ទ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០១៩ នៅជាប់គ្នា។ ដូច្នេះទេការងារនេះ យើងត្រូវប្រើប្រាស់កម្លាំងទ្វេដង ទាំងកិច្ចការពារសន្តិសុខនិងកិច្ចការពារព្រះរាជពិធីបុណ្យ ការរៀបចំសណ្តាប់ធ្នាប់បរិស្ថាន។

 ឯកឧត្តមបានបន្តថា កិច្ចប្រជុំនេះយើងមានទិសដៅតែមួយ គឺការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏ដូចជាពិធីបុណ្យឯករាជជាតិ ០៩ វិច្ឆិកា ហើយទិសដៅសំខាន់មួយទៀត គឺការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលពួកឧទ្ទាមក្រៅច្បាប់ចង់ផ្តួលរំលំ ដែលយើងគ្រប់គ្នាបានជ្រោតជ្រៀបហើយ យើងដាច់ខាតត្រូវការពារឱ្យបាននូវសប្បាយភាពរបស់បងប្អូនប្រជាពលរដ្ឋយើង។ លោកបញ្ជាក់ផងដែរថា យើងបានបែងចែកភារកិច្ច និងកំណត់ទិសដៅរួចហើយ ពោលគឺយើងមានអនុគណៈកម្មាធិការចំនួន៥ ដែលបានបែងចែករួច។

គួរបញ្ជាក់ថា សម្រាប់ពិធីទទួលទានអំបុក នៅថ្ងៃទី០៩ ខែវិច្ឆិកានោះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើនៅរមណីយដ្ឋានវត្តភ្នំ។ ដោយឡែកសម្រាប់ខណ្ឌ និងមន្ទីរផ្សេងៗទៀត ក៏នឹងត្រូវប្រារព្ធពិធីនេះឡើងផងដែរ ដោយមានការចូលរួមពីប្រជាពលរដ្ឋមិនតិច ជាង១០ម៉ឺននាក់ នោះទេ និងមានចំនួនប្រមាណជាង ៩០០ទីតាំង៕