ឯកឧត្ដមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ អញ្ជើញ ចូលរួមកម្មវិធីបើកវេទិកាហ្សាកាត់ពិភពលោក នៅសាធារណរដ្ឋឥណ្ឌូនេស៊ី


ក្រុងបាន់ដុង ឥណ្ឌូណេស៊ី៖ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួមកម្មវិធីបើកវេទិកាហ្សាកាត់ (ទ្រព្យបរិច្ចាគទាន) ពិភពលោក នៅទីក្រុងបាន់ដុង សាធារណរដ្ឋឥណ្ឌូនេស៊ី។

វេទិការ លើកទី ៨ នេះ មានរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ នៅទីក្រុងបាន់ឌុង សាធារណៈរដ្ឋឥណ្ឌូណេស៊ី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាស្ត្រាចារ្យ បណ្ឌិត MA’RUF AMIN អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។ ប្រធានបទសំខាន់ៗ នឹងត្រូវយកមកពិភាក្សា ដូចជា ការពង្រឹងតួនាទីនៃវេទិកាហ្សាកាត់ពិភពលោក តាមរយៈយុគសម័យឌីជីថល តួនាទីរបស់ធនាគាអភិវឌ្ឈន៍ឥស្លាម ក្នុងការជួយគាំទ្រការអភិវឌ្ឈហ្សាកាត់ឌីជីថល ការគ្រប់គ្រងហ្សាកាត់ឌីជីថល តួនាទីឌីជីថលហ្សាកាត់​ នៅក្នុងគម្រោងជាតិសម្រាប់ការអភិវឌ្ឈសេដ្ឋកិច្ចឥស្លាម និងកាទូតហ្សាកាត់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការមនុស្សធម៌ពហុភាគី។​ វេទិកានេះមានអ្នកចូលរួមចំនួន ប្រមាណ ៣៥០ នាក់រួមមាន វាគ្មិន អ្នកស្រាវជ្រាវ ថ្នាក់ដឹកនាំស្ថាប័នហ្សាកាតផ្សេងៗ មកពី ៣៥ ប្រទេស ។

ជាមួយនេះ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តី នឹងអញ្ជើញធ្វើជាវាគ្មិន នៅក្នុងវេទិកានេះផងដែរ។

គួរជម្រាបជូនថាវេទិកានេះ បានបង្កើតឡើងជាផ្លូវការនៅឆ្នាំ ២០១០ ក្នុងគោលបំណង ជួយសម្របសម្រួលស្ថាប័នហ្សាកាត់ ក្នុងការគ្រប់គ្រង ហ្សាកាត់ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌ ជាពិសេសដើម្បីសុក្រិត្យភាព ក្នុងការគ្រប់គ្រង និងផ្ដល់ជូន ហ្សាកាត់ តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។

ហ្សាកាត់ គឺជាកាតព្វកិច្ចទី ៤ របស់សាសនាឥស្លាម សម្រាប់អ្នកកាន់សាសនាឥស្លាមទូទាំងពិភពលោក ពោលគឺអ្នកដែលមានទ្រព្យសម្បត្តិគ្រប់ចំនួនដែលត្រូវដកហ្សាកាត់ក្នុងរយៈពេលមួយឆ្នាំ ត្រូវដកចំនួន ២.៥% នៃទ្រព្យសម្បត្តិដែលខ្លួនមានទៅតាមក្បួនច្បាប់ឥស្លាម ជូនដល់ជនក្រីក្រ ស្ត្រីមេម៉ាយ ក្មេងកំព្រា ចាស់ជរា និង អ្នកដែលមានសិទ្ធិទទួលបានហ្សាកាត់

ឯកឧត្តមទេសរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្នុងឱកាសនៃការស្នាក់នៅទីនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី នឹងជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយអនុប្រធានាធិបតីឥណ្ឌូណេស៊ី ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នសំខាន់ៗផងដែរ៕