ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០


បន្ទាប់ពីដំណើរការអស់រយះពេល២ថ្ងៃ នៅរសៀលថ្ងៃអង្គារ ៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ក្រសួងបរិស្ថានបានប្រារព្ធពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថានបានឡើងរាយការណ៍នូវរបាយការណ៍សន្និបាតអំពីបញ្ហាប្រឈម និងសំណូមពរនានារបស់អគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពតាមរយះសិក្ខាសាលាបច្ចេកទេសចំនួន៩គឺ
១-ការបង្កើនប្រសិទ្ធភាពនៃការអនុវត្តរដ្ឋបាលទំនើប
២-យុទ្ធសាស្រ្ត និងវិធានការធ្វើអោយប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន
៣-ការពង្រឹងការគ្រប់គ្រង និងអភិរក្សប្រព័ន្ធតំបន់ការពារធម្មជាតិ
៤-ជម្រុញការចូលរួមក្នុងការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព
៥-ការត្រួតពិនិត្យលទ្ធផលការងារ អភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០
៦-ការប្រែក្លាយចំណេះដឹងបរិស្ថាន អោយទៅជាការប្រតិបត្តិបរិស្ថានល្អ
៧-ភាពចាំបាច់នៃការផ្លាស់ប្តូរជាយុទ្ធសាស្រ្ត ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ដោយចីរភាព
៨-លទ្ធផលការងារស្រ្តី យុវជន យេនឌ័រ និងកុមារក្នុងវិស័យបរិស្ថានឆ្នាំ២០១៩ និងលើកទិសដៅការងារបន្ត
៩-ការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងកិច្ចដំណើរវិម្ឈការ និងសហវិម្ឈការ។ថ្លែងនៅក្នុងឱកាសបិទសន្និបាតនាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានដាក់ចេញនូវទិសដៅ និង យុទ្ធសាស្រ្តគន្លឹះដល់អគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពដើម្បីដោះស្រាយ និងពិនិត្យកែលម្អរអោយកាន់តែប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍន៍ដោយចីរភាព ស្របទៅតាមតថភាពពិតរបស់សង្គមកម្ពុជាដែលកំពុងមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយក្នុង១ឆ្នាំ សុខសន្តិភាពពេញលេញ និងស្ថេរភាពនយោបាយ។ឯកឧត្តមរដ្ឋមន្រ្តីបន្តថា កម្ពុជាតាមរយះកំណើនសេដ្ឋកិច្ច ជីវភាពប្រជាជនមានការរីកចំរើន សង្គមកម្ពុជាប្រែក្លាយជាសង្គមស៊ីវីល័យ ដូចនេះតំរូវការនៃការគិតគូរបញ្ហាបរិស្ថានកាន់តែខ្ពស់ជាងមុន នេះឆ្លុះបញ្ចាំងនូវភាពចាំបាច់ និងវិសាលភាពនៃតួនាទីភារកិច្ចរបស់ក្រសួងបរិស្ថាន ភាគីពាក់ព័ទ្ធទាំងអស់រួមគ្នា ក្នុងការផ្លាស់ប្តូរនូវផ្នត់គំនិត និងឥរិយាបថរបស់អ្នករិះគន់ពីបញ្ហាបរិស្ថាន ប្រែក្លាយជាសកម្មភាពចូលរួម និងដោះស្រាយទាំងអស់គ្នា អោយកាន់តែមានប្រសិទ្ធិភាព។នៅក្នុងឱកាសនោះ ឯករដ្ឋមន្រ្តីក៏បានផ្តល់នូវវិញ្ញាបនបត្រ និងបណ្តសរសើរដល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យបរិស្ថានឆ្នាំ២០១៩ចំនួន២០ស្ថាប័ន មកនាយកដ្ឋានចំណុះទីស្តីការក្រសួងបរិស្ថាន មន្ទីរបរិស្ថាន រាជធានី-ខេត្ត តំបន់ការពារធម្មជាតិ និងសហគមន៌តំបន់ការពារធម្មជាតិ ។