ស្ថានទូតកម្ពុជាស្នើឱ្យអាជ្ញាធរឥណ្ឌូណេស៊ី ចាប់ខ្លួនលោកស្រី មូរ សុខហួរ បញ្ជូនមកកាន់កម្ពុជាជាបន្ទាន់


(ឥណ្ឌូនេស៊ី)៖ អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានស្នើឱ្យអាជ្ញាធរឥណ្ឌូនេស៊ីចាប់ខ្លួន លោកស្រី មូរ សុខហួរ មេដឹកនាំម្នាក់របស់ក្រុមពួកឧទ្ទាម ដែលប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈសេចក្តីប្រកាសរបស់ខ្លួន ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សាធារណរដ្ឋឥណ្ឌូណេស៊ី និងកម្ពុជា គឺជាមិត្តជិតស្និទ្ធនឹងគ្នាអស់រយៈពេល៦០ឆ្នាំមកហើយ។ ដូច្នេះស្ថានទូតកម្ពុជាប្រចាំនៅហ្សាការតា សូមស្នើឲ្យអាជ្ញាធរឥណ្ឌូណេស៊ីធ្វើការចាប់ខ្លួន លោកស្រី មូរ សុខហួរ ហើយបញ្ជូនលោកស្រីមកកាន់កម្ពុជាជាបន្ទាន់ នៅក្រោមស្មារតីពិតរបស់អាស៊ាន»។

ស្ថានទូតកម្ពុជាបានបញ្ជាក់ថា លោកស្រី មូរ សុខហួរ គឺជាអនុប្រធានគណបក្សសង្រ្គោះជាតិកម្ពុជា (CNRP) ដែលត្រូវបានតុលាការកំពូលនៃប្រទេសកម្ពុជា សម្រេចរំលាយចោល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ គណបក្សលោកស្រីសព្វថ្ងៃ គឺជាបក្សខុសច្បាប់នៅកម្ពុជា។ លោកស្រី គឺជាជនល្មើសដែលរត់គេចខ្លួន ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាចាប់ខ្លួនលោកស្រី កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ ពាក់ព័ន្ធការប៉ុនប៉ង ផ្តួលរំលំរដ្ឋាភិបាលដែលជាប់ឆ្នោតស្របច្បាប់។

ស្ថានទូតបានបន្តថា៖ ជាជាងមកប្រឈមមុខតាមផ្លូវច្បាប់ លោកស្រី មូរ សុខហួរ បានភៀសខ្លួនចេញពីប្រទេសកម្ពុជា ហើយលោកស្រីកំពុងជ្រកកោននៅសហរដ្ឋអាមេរិក។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់សំណើទៅកាន់បណ្តារដ្ឋជាសមាជិកអាស៊ានទាំងអស់ឲ្យចាប់ខ្លួន និងបញ្ជូនលោកស្រី មូរ សុខហួរ មកកាន់ប្រទេសកម្ពុជា ប្រសិនបើលោកស្រីឈានជើងជាន់ទឹកដីរបស់ពួកគេ។

ស្ថានទូតកម្ពុជាក៏បានបញ្ជាក់ទៀតថា ក្រោមស្មារតីពិតនៃសមាគមអាស៊ាន រាជរដ្ឋាភិបាលនៃប្រទេសថៃ បានបណ្តេញលោកស្រី មូរ សុខហួរ កាលពីថ្ងៃទី២០ ខែតុលា កន្លង មកនេះឲ្យទៅទីក្រុងគូឡាឡាំពួវិញ នៅពេលលោកស្រីបានទៅដល់អាកាសយានដ្ឋានសុវណ្ណភូមិ នៃទីក្រុងបាងកក។ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធរម៉ាឡេស៊ីបានចាប់ឃាត់ខ្លួនសកម្មជនកម្ពុជា២នាក់ ដែលព្យាយាមឡើងយន្តហោះឆ្ពោះទៅកាន់ ទីក្រុងបាងកក ខណៈពួកគេ គឺជាអ្នកគាំទ្រអតីតគណបក្ស CNRP របស់លោកស្រី មូរ សុខហួរ។

សូមបញ្ជាក់ថា លោក សម រង្ស៉ី និងបក្ខពួក បានប្រកាសធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ ទន្ទឹមនឹងការប្រកាសធ្វើរដ្ឋប្រហារនេះ លោកបានប្រកាសរៀបចំថវិកាសម្រាប់ឧបត្ថម្ភដល់កងទ័ព ដែលផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ដើម្បីចូលរួមការផ្តួលរំលំនេះ ព្រមទាំងអំពាវនាវដល់ព្រះមហាក្សត្រឱ្យដាក់រាជថែមទៀត។

ពាក់ព័ន្ធនឹងសកម្មភាពរបស់ លោក សម រង្ស៉ី និងបក្ខពួកនេះ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថា ជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូនេស៊ី៖