អាជ្ញាធរជាតិអប្សរាកាត់ដកហូតដើមស្រឡៅ៣ដើមដែលមានហានិភ័យដល់ប្រាសាទព្រះខ័ន្ត


ក្នុងគោលបំណងអភិរក្សប្រាសាទផង និងគិតគូរផងអំពីការបញ្ជៀសហានិភ័យផ្សេងៗដល់ប្រាង្គប្រាសាទនិងមនុស្ស ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានចុះកាត់ដកហូតដើមឈើចំនួន៣ដើមដែលមានហានិភ័យខ្ពស់ចំនួន៣ដើមស្ថិតនៅបរិវេណខាងក្នុងនៃប្រាសាទព្រះខ័ន្ត។

មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើរបស់អាជ្ញាធរជាតិអប្សរា លោក ហែ ហ៊ត បានឱ្យដឹងថា ដើមឈើដែលមានហានិភ័យខ្ពស់នោះ គឺដើមស្រឡៅព្រោះដើមស្រឡៅទាំងនេះមានកម្ពស់ខ្ពស់ នៅគៀកប្រាសាទ មានសភាពទ្រេតខ្លាំង ដីមានសភាពជ្រាយ អាចងាយរលំពេលមានខ្យល់ខ្លាំងម្ដងៗ។ ដូច្នេះដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗជាយថាហេតុទាំងប្រាង្គប្រាសាទនិងមនុស្ស ក្រុមការងារបានសុំគោលការណ៍ធ្វើការកាត់ដកហូតនេះតែម្ដង។

លោក ហែ ហ៊ត បានបញ្ជាក់ទៀតថា ការដកហូតដើមឈើទាំង៣ដើមនេះមិនមែនជាករណីងាយស្រួលនោះទេ ព្រោះក្រុមការងារបានចំណាយពេលជាង២ខែហើយ ដោយត្រូវប្រើបច្ចេកទេសឲ្យបានត្រឹមត្រូវ រួមទាំងការតម្លើងរន្ទាឡើងកាត់ផង៕