ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់កោះអន្លង់ចិន អំពាវនាវពលរដ្ឋកុំឱ្យចាញ់បោកការញុះញង់របស់ក្រុមឧទ្ទាមក្រៅច្បាប់


(កណ្ដាល)៖ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់កោះអន្លង់ចិន ឯកឧត្តម នួន ផា បានអំពាវនាវប្រជាពលរដ្ឋ កុំឱ្យចាញ់បោកការញុះញង់ របស់ក្រុមឧទ្ទាមក្រៅច្បាប់ និងបក្សពួក ក្នុងការចូលរួមសកម្មភាពខុសច្បាប់ ដែលនាំឱ្យមានទោសដល់ខ្លួន។

ការអំពាវនាវបែបនេះរបស់ឯកឧត្តម នួន ផា បានធ្វើឡើងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលឯកឧត្តម រួមជាមួយក្រុមការងារ បានចុះផ្សព្វផ្សាយសភាពការថ្មីៗនៅកម្ពុជា ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ឯកឧត្តម បានបន្តថា ការចូលរួមជាមួយក្រុមឧទ្ទាមក្រៅច្បាប់ និងបក្សពួក ក្នុងការផ្ដួលរំលំររាជរដ្ឋាភិបាលស្របច្បាប់ គឺជាអំពើខុសដែលត្រូវមានទោស បើតាមផ្លូវច្បាប់ គឺជាអំពើឧបឃាត ត្រូវផ្តន្ទាទោសជាប់គុកពី១៥ឆ្នាំ ទៅ៣០ឆ្នាំ យោងតាមមាត្រា៤៨១ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ហើយអ្នកចូលរួមក៏មានទោសដែរ គឺជាប់គុកពី៥ឆ្នាំ ទៅ២០ឆ្នាំ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ។

ឯកឧត្តម  នួន ផា ក៏បានសំណូមពរប្រជាពលរដ្ឋ នាំគ្នាចូលរួមអបអរសាទរពិធីបុណ្យឯករាជ្យជាតិ ការចូលរួមសប្បាយរីករាយ ក្នុងព្រះរាជពីធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក នាំគ្នាចូលរួមពិសារអំបុកឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៩ វិច្ឆិកា ដើម្បីរួបរួមគ្នា ថែជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់មូលដ្ឋានរៀងៗខ្លួន។

បន្ទាប់ពីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជូនប្រជាពលរដ្ឋរួចមក ឯកឧត្តម នួន ផា បានចុះសួរសុខទុក្ខ លោកចៅសង្កាត់កោះអន្លង់ចិន ដែលជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយលោកបានឧបត្ថម្ភថវិកា សម្រាប់ព្យាបាលចំនួន១០០ដុល្លារផងដែរ៕