សម្តេចតេជោ ហ៊ុន សែន បន្តរំលឹកពីការឈឺចាប់ និងសោកស្តាយកូនប្រុសដំបូង ដែលស្លាប់ក្នុងរបបខ្មែរក្រហម


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃនេះបន្តបង្ហោះសាររៀបរាប់ និងលាតត្រដាងពីការសោកស្តាយ និងទំហំនៃការឈឺចាប់មិនអាចគណនា ចំពោះការបាត់បង់កូនប្រុសជាលើកដំបូងនៃមរតកចំណងស្នេហ៍ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រោះតែការធ្វេសប្រហែសរបស់ឆ្មបក្នុងរបបនោះ។

បើទោះបីព្រឹត្តិការណ៍នៃការព្រាត់ប្រាស់កូនប្រុសជាទីស្រឡាញ់បានកើតរហូតដល់ជាង៤០ឆ្នាំទៅហើយក្តី តែព្រឹត្តិការណ៍ដ៏សែនឈឺចាប់មិនអាចរសាត់បាត់ពីការចង់ចាំរបស់សម្តេចតេជោនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន តែងតែបង្ហោះរៀបរាប់បង្ហាញការឈឺចាប់ និងការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបាននេះរៀងរាល់ថ្ងៃទី១០ ខែវិច្ឆិកា ដែលជាថ្ងៃនៃការស្លាប់របស់ទារក «ហ៊ុន កំសត់»។ ប៉ុន្តែដោយសារតែឆ្នាំនេះថ្ងៃទី១០ ខែវិច្ឆិកា ចំថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចយកមកបង្ហោះនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះជំនួសវិញ។

ជាមួយនឹងការដាក់ចំណងជើងសំណេរថា «ការឈឺចាប់ដែលមិនអាចបំភ្លេចបាន» សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «អាស្រ័យដោយឆ្នាំនេះថ្ងៃ១០ វិច្ឆិកា ត្រូវចំថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ខ្ញុំមិនចង់យករឿងឈឺចាប់របស់ខ្ញុំរៀបរាប់នាថ្ងៃសប្បាយរីករាយនោះឡើយ។ ដូចនេះខ្ញុំជ្រើសរើសយកថ្ងៃ៨ វិច្ឆិកា ដើម្បីបង្ហោះអត្ថបទដែលខ្ញុំបង្ហោះជារៀងរាល់ឆ្នាំជំនួសវិញ»។

ខាងក្រោមនេះជាសំណេរដើមទាំងស្រុងបង្ហាញពីព្រឹត្តិការណ៍នៃការស្លាប់របស់ទារក «ហ៊ុន កំសត់» និងការរៀបរាប់ពីទំហំចិត្តនៃក្តីឈឺចាប់ដ៏សែនធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះការបាត់បង់កូនដំបូង។ សំណេរនេះតែងតែបង្ហោះរៀងរាល់ឆ្នាំនៅក្នុងថ្ងៃខួបនៃការស្លាប់របស់ទារក «ហ៊ុន កំសត់»។

កូនប្រុសដ៏កំសត់របស់ពុកនៅសល់តែ២ថ្ងៃទៀតគឺដល់ខួប ៤៣ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់កូន នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០១៨)។ ពុក និងម៉ែកូន មិនដែលភ្លេចទេនូវសោកនាដកម្មដែលបានកើតឡើងចំពោះរូបកូន ព្រមទាំងពុកនិងម៉ែនោះទេ។ ការរៀបចំឡើងនូវផ្នូររបស់កូន និងចម្រៀង «អនិច្ចារកូនកំសត់ប្រវត្តិម្ដាយកម្ម» «ទំនួញកំសត់ប្រវត្តិវិទ្យាល័យ» និង «ព្រលឹងកំសត់» ដែលពុកម៉ែបានធ្វើឡើងក្នុងបំណងរំលឹកដល់វិញ្ញាណក្ខន្ឋកូន និងការឈឺចាប់នាពេលនោះ។

ពុកនៅចាំបានយ៉ាងច្បាស់ថា ក្រោយម៉ោង៦ព្រឹក ថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ១៩៧៦ ក្រោយពេលកូនប្រសូត្រចាកផ្ទៃម្តាយកូន គ្រូពេទ្យបានធ្វើឱ្យកូនរបូតធ្លាក់ពីដៃត្រូវនឹងជ្រុងគ្រែធ្វើឱ្យកូនបាក់ឆ្អឹងខ្នងធ្លាក់ដល់ដីគាប់ជួនពុកបានធ្វើដំណើរពីភូមិកោះថ្មឃុំទន្លូង ទៅដល់មន្ទីរពេទ្យតំបន់ដែលតាំងនៅអតីតអនុវិទ្យាល័យស្រុកមេមត់។ ម្តាយកូនឆ្លងទន្លេម្នាក់ឯងដោយមិនមានពុកនៅមើលថែទេ។ ពុកមិនបានបំពេញការងារជាប្តី ជាឪពុកទេ ព្រោះពេលនោះមិនថាតែពុកនោះទេ គឺប្រជាជនទូទាំងប្រទេសមានសិទ្ឋិតិចជាងសត្វឆ្កែឬឆ្មាទៅទៀត។ ឆ្កែ ឆ្មាវាមានសិទ្ឋិការពារកូនវាច្រើនជាងមនុស្ស។ តែដូចទេវតាបានជួយរៀបចំឱ្យពុកបានធ្វើដំណើរជាមួយមេបញ្ជាការទៅកាន់ស្រុកត្បូងឃ្មុំនាពេលនោះ ដែលពុកមានឱកាសចូលមើល ម្តាយកូននៅមន្ទីរពេទ្យប្រចាំស្រុកមេមត់។

ភាពតក់ស្លុតបានកើតឡើងចំពោះរូបពុកនៅពេលដែលពុកឈានជើងចូលដល់មន្ទីរពេទ្យ ហើយត្រូវអ្នកជំងឺដែលសម្រាកជាមួយម្តាយកូនស្រែកប្រាប់ថា «រ៉ានីឆ្លងទន្លេ ហើយកូនស្លាប់ហើយ»។ ពុកប្រឹងរត់ទៅរកកូនឃើញឈាមកូនកំពុងហូរចេញតាមមាត់ ពុកប្រឹងស្រែកឱ្យគេជួយដើម្បីសង្គ្រោះជីវិតកូន ក្នុងពេលដែលម្តាយកូនសន្លប់មិនទាន់ដឹងខ្លួន និងមិនទាន់ដឹងថាកូនស្លាប់នៅឡើយ អាស្រ័យដោយនៅបន្ទប់នៅផ្សេងគ្នា។

ពុកអត់ធ្វើអ្វីបានទេកូន ពុកបានសុំមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់នឹងនៅមើលថែទាំ ម្តាយកូនក្រោយឆ្លងទន្លេ។ មិនត្រឹមតែមិនបានទទួលការអនុញ្ញាតប៉ុណ្ណោះទេ តែពុកត្រូវរងនូវការប្រមាថយ៉ាងធ្ងន់ធ្ងរទៀតផង «កម្មសិទ្ឋិមនោសញ្ចេតនាក្រាស់» «មិត្តឯងមិនមែនគ្រូពេទ្យទេ» «បើមិត្តឯងនៅ ក៏អាកូននេះមិនរស់ឡើងវិញដែរ» «មានពេទ្យយកខ្មោចកូននេះទៅកប់ហើយ មិនបាច់កប់ខ្លួនឯងទេ» «ការងារអង្គការសំខាន់ជាងការងារបុគ្គល»។ល។

ឈឺចាប់ណាស់កូន តែពុកត្រូវទ្រាំអត់ធ្មត់ព្រោះការងារដែលពុកត្រូវធ្វើ គឺរំដោះប្រជាជនកម្ពុជាទូទាំងប្រទេសចេញពីរបបឃោរឃៅនេះ។ ពុកពុំមានអ្វីផ្តល់ឱ្យកូនក្រៅតែពីក្រម៉ា១ ដែលដោះចេញពីកពុកដើម្បីរុំខ្មោចកូននោះទេ។ ពុកខំប្រឹងទៅរកម្តាយកូនដែលទើបដឹងខ្លួនបន្ទាប់ពីសន្លប់ ហើយប្រាប់គាត់ថា កូនស្លាប់ហើយនឹងដាក់ឈ្មោះកូនថា «កំសត់»។ ឈ្មោះនេះនៅជាប់ជានិច្ចក្នុងវិញ្ញាណពុក ហើយកូន កំសត់នេះហាក់តាមថែរក្សាពុកម៉ែគ្រប់ពេលវេលា។

ពួកគេបង្ខំឱ្យពុកចាកចេញពីម្តាយកូននិងខ្មោចកូនទាំងការឈឺចាប់ជាមួយទឹកភ្នែករាប់ម៉ឺនដំណក់។ ៣ថ្ងៃក្រោយមកទើបពុកបានការអនុញ្ញាតទៅជួបម្តាយកូនសារជាថ្មីដែលកំពុងមានជម្ងឺជាទម្ងន់ ដែលខ្មែរយើងនិយមហៅថា «សល់សុក»។ ពុកត្រូវយកម្តាយកូនចេញពីពេទ្យដើម្បីឱ្យឆ្មបបុរាណខ្មែរកាយទម្លាក់សុកចេញ ទើបសង្គ្រោះជីវិតម្ដាយកូនបាន។ ពុកសុំទោសកូន ដែលពុកមិនដឹងថា សាកសពកូនគេយកទៅកប់ ឬបោះចោលនៅទីណា ព្រោះការងារបន្ទាន់របស់ពុក គឺត្រូវយកម្តាយកូនចេញពីមន្ទីរពេទ្យទៅព្យាបាលតាមបែបបុរាណវិញ។ ពុកពុំមានពេលស្វែងរកសាកសពកូននៅពេលនោះទេ សង្ឃឹមថាកូនយោគយល់ ហើយមកនៅផ្នូរដែលពុកម៉ែបានសាងសង់សំរាប់កូនតាំងពីទសវត្សឆ្នាំ១៩៨០ មក។

រៀងរាល់ពេលដែលពុកនឹកដល់រឿងដ៏ឈឺចាប់នេះ ទឹកភ្នែកពុកតែងតែហូរចេញមក នេះជាទឹកភ្នែកនឹកដល់កូនកំសត់ ជាទឹកភ្នែកនឹកដល់ការឈឺចាប់លើសពីការអត់ធ្មត់បានរបស់មនុស្ស ជាទឹកភ្នែកនឹកដល់ប្រជាជនកម្ពុជារាប់លាននាក់ដែលត្រូវពួកប៉ុលពត សម្លាប់ និងធ្វើបាបដូចក្រុមគ្រួសារយើងដែរ។

កន្លងមកប្អូនប្រុសប្អូនស្រី និងក្មួយៗរបស់កូនបានទៅដល់ផ្នូរកូន ហើយពុកម៉ែក៏បានរៀបចំបង្សុកូលឱ្យ កូនផងដែរ។ កូន កំសត់ សូមព្រលឹងកូនបន្តតាមថែរក្សាពុក ម៉ែ ប្អូនៗ និងក្មួយៗរបស់កូនតទៅទៀត។

ពុកនៅតែសូមការយោគយល់ពីកូនដែលមិនបានយកសពកូនទៅបញ្ចុះដោយខ្លួនឯង។ ពុកត្រូវអត់ធ្មត់ និងធ្វើតាមបញ្ជាររបស់ពួកឃាតករ តែការអត់ធ្មត់នោះហើយដែលរក្សាជីវិតពុក និងម៉ែកូន ព្រមទាំងផ្តល់ឱកាសឱ្យពុករួមចំណែកដឹកនាំចលនាតស៊ូរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងកសាងប្រទេសបានរីកចម្រើនរហូតសព្វថ្ងៃ៕