សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបើកអង្គមិន្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ ទិវាកំណើតកងយោធលខេមរភូមិន្ទ


នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីបើកអង្គមិន្ទីញអបអរសាទរខួប អនុស្សាវរីយ៍លើកទី៦៦ ទិវាកំណើតកងយោធលខេមរភូមិន្ទ (៩-១១-១៩៥៣/៩-១១-២០១៩។

អង្គមិន្ទីញនេះបានប្រារព្ធធ្វើឡើងនៅសាកលវិទ្យាល័យការពារជាតិ ដោយមានការអញ្ជើញចូលរួមពី សំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ ព្រមទាំងបណ្តាថ្នាក់ដឹកនាំអង្គភាព ទ័ពយ៉ាងច្រើនផងដែរ។

គួរជម្រាបថា កងយោធពលខេមរភូមិន្ទ ត្រូវបានបង្កើតឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជកិច្ចដឹកនាំរបស់អតីតព្រះករុណា សម្ដេច ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដោយបានបំពាក់បំប៉នច្បាស់លាស់ លើគោលដៅតួនាទីភារកិច្ចរបស់ខ្លួនផ្សាភ្ជាប់សាច់ឈាមជាមួយប្រជាពលរដ្ឋ ដោយធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុ សន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ការពារកសាងព្រះរាជាណាចក្រកម្ពុជា លើគ្រប់វិស័យ។

ក្នុងដំណាក់កាលនោះ កងយោធពលខេមរភូមិន្ទ បានបង្ហាញពីវីរភាព អង់អាចក្លាហាន មោះមុត ក្នុងប្រតិបត្តិកាសិក រំដោះតំបន់ខ្លះ ពីកណ្ដាប់ដៃអាណានិគមបរទេស និងពួកឧទ្ទមដោយការពារ បាននៅអធិបតេយ្យភាពបូរណភាពទឹកដីបានយ៉ាងរឹងមាំ។ ឆ្លងកាត់របទនយោបាយជាច្រើនជំនាន់ ក្រោមឥទ្ធិពលសង្គ្រាមដែលបានអូសបន្លាយអស់ជាងបីទសវត្សរ៍ចាប់ពីក្រោយថ្ងៃរដ្ឋប្រហារ ០៨ មីនា ឆ្នាំ១៩៧០ ប្រទេសកម្ពុជា បានធ្លាក់ក្នុងវិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងរ។

សង្គ្រាមផ្ទៃក្នុងបានផ្ទុះឡើងនៅក្នុងប្រទេសបង្កគ្រោះមហន្តរាយ ការឈឺចាប់ខ្លោចផ្សា ពិសេសក្នុងអំឡុងឆ្នាំ១៩៧០ នៃរបបសាធារណរដ្ឋខ្មែរ ដែលដឹកនាំដោយសេនាប្រមុខ លន់ ណុល ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ បានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធជាតិ និងព្រលឹងជាតិ ស្ទើររលាយសាបសូន្យ។

ចាប់តាំងពីពេលនោះមក កងយោធពលខេមរភូមិន្ទត្រូវបានបាត់បង់លក្ខណៈសម្បត្តិ អត្ដសញ្ញាណ និងឈ្មោះជាកងយោធពលខេមរភូមិន្ទ។ ដោយអនុវត្តតាមស្មារតីបង្រួបបង្រួមជាតិ និងតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងក្រោយថ្ងៃបោះឆ្នោតសកល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយអាជ្ញាធរអ៊ុនតាក់ កម្ពុជាបង្កើតបាននូវរដ្ឋធម្មនុញ្ញ ស្ថាប័នព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ឡើងវិញ។ ក្នុងនោះកងយោធពលខេមរភូមិន្ទ ត្រូវបានដំណើរការកសាងឡើងវិញនៅថ្ងៃទី ១៤ ខែមិថុនា ក្នុងឆ្នាំ ១៩៩៣។

ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខកងយោធពលខេមរភូមិន្ទបានបំពេញតួនាទី របស់ខ្លួនជាកម្លាំងអព្យាក្រឹត្យចូលរួមយ៉ាងសកម្មអនុវត្តរាល់កម្មវិធី គោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសអនុវត្តនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាគោលដៅចំបងដើម្បីបញ្ចប់ការ បង្ហូរឈាមគ្នា ធ្វើការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ស្វែងរកសន្តិភាពពេញបរិបូណ៍ ជូនប្រទេសជាតិ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៩៨។

លើសពីនេះទៀត កងយោធពលខេមរភូមិមិន្ទ បានបំពេញតួនាទីភារកិច្ចស្នូល របស់ខ្លួនក្នុងភារកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ រួមចំណែកការពារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សង្គមជាតិ រក្សាសុខសន្តិភាព និងភាពសុខដុមរមនាសម្រាប់ជាតិមាតុភូមិ និងប្រជាជន៕