មហាជន៖ «សម រង្ស៉ី លេងប៉ាហ៊ីកណ្តាលក្រុងប៉ារីស បោកប្រាស់អ្នកគាំទ្រ»


(ភ្នំពេញ)៖ ដូចការទស្សន៍ទាយមែន ផែនការ៩ វិច្ឆិកា របស់លោក សម រង្ស៉ី បានទទួលបរាជ័យមុនថ្ងៃកំណត់។ លោក សម រង្ស៉ី បានចេញមុខមកប្រកាស ជាសាធារណៈនៅល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ដោយបញ្ជាក់ថា ផែនការត្រូវពន្យារពេលដោយមូលហេតុក្រុមហ៊ុនយន្តហោះថៃ មិនឲ្យជិះ។ រហូតដល់ថ្ងៃទី០៨ ខែវិច្ឆិកានេះ លោក សម រង្ស៉ី នៅទីក្រុងប៉ារីសនៅឡើយ ដោយអះអាងថា នឹងទិញសំបុត្រយន្តហោះថ្មីពីក្រុមហ៊ុនអាកាសចរណ៍ថ្មី។

ការប្រកាសរបស់លោក សម រង្ស៊ី គ្មានអ្វីចម្លែកទេពីព្រោះគេបានដឹងជាមុនរួចហើយថា លោក សម រង្ស៉ី នឹងប្រើលេសបែបនេះ ដើម្បីពន្យល់មូលហេតុដែលខ្លួន មិនបានទៅដល់កម្ពុជានៅថ្ងៃទី០៩ វិច្ឆិកា ដូចការគ្រោងទុក។ និយាយឲ្យស្រួលស្តាប់ លោក សម រង្ស៉ី មិនហ៊ានមកទេ ប៉ុន្តែគ្រាន់តែសម្តែងថាចង់មកតែប៉ុណ្ណោះ។

ជាក់ស្តែង អ្វីៗដែលកើតឡើងប៉ុន្មានថ្ងៃចុងក្រោយនេះ គឺជាឆាកល្ខោនដែលលោក សម រង្ស៉ី រៀបចំសម្តែងដើម្បីបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនទាំងអស់។ ការបង្ហោះសំបុត្រយន្តហោះ, ការបង្ហោះរូបរៀបចំវ៉ាលី និងការថតរូបពេល ទៅដល់ព្រលានយន្តហោះសាលដឺហ្គោលប្រទេសបារាំង គឺសុទ្ធសឹងតែជា ឈុតឆាកសម្តែងទាំងអស់។ តាមពិតលោក សម រង្ស៉ី មិនបានកក់សំបុត្រយន្តហោះអ្វីទាំងអស់។

សារព័ត៌មានបរទេសជាច្រើនដូចជា AP, New York Times, Bangkok Post, ABC News, The Strait Online ជាដើមសុទ្ធតែបានសរសេរថា ការដែលក្រុមហ៊ុនអាកាសចរណ៍ថៃអ៊ែវ៉េ មិនអនុញ្ញាតឲ្យលោក សម រង្ស៊ី ឡើងយន្តហោះពីព្រោះតែបញ្ហាសំបុត្រយន្តហោះ ពោលលោក សម រង្ស៊ី មិនបានកក់សំបុត្រយន្តហោះនោះទេ។ នេះវាជារឿងអាម៉ាស់ធំបំផុតសម្រាប់លោក សម រង្ស៊ី។

ទោះជាត្រូវសារព័ត៌មានបរទេសល្បីៗ បកអាក្រាតការពិតយ៉ាងនេះក៏ដោយ ក៏លោក សម រង្ស៊ី នៅតែមុខក្រាសដោយបែរជាឆ្លើយតបថា មានអ្នកលួចប្តូរ សំបុត្រយន្តហោះរបស់ខ្លួន។ ការនិយាយបែបនេះ ជារឿងគួរឲ្យអស់សំណើច ពីព្រោះគ្មានអ្នកណាផ្សេងអាចទៅប្តូរសំបុត្រយន្តហោះ ជំនួសអ្នកទិញបានទេ ដូចការបញ្ជាក់របស់ក្រុមហ៊ុនអាកាសចរណ៍ថៃថា គ្មានអ្នកណាអាចកែ និងដូរសំបុត្រយន្តហោះបានក្រៅតែសាមីខ្លួនឯងប៉ុណ្ណោះ។

អ្វីដែលគួរឲ្យកត់សម្គាល់ម្យ៉ាងទៀត សម រង្ស៊ី និង មូរ សុខហួរ និយាយផ្ទុយគ្នាអំពីផែនការវិលត្រឡប់របស់ សម រង្ស៉ី។ ខណៈដែលលោក សម រង្ស៉ី ប្រកាសពន្យារពេល លោកស្រី មូរ សុខហួរ ឯណោះនៅតែប្រកាសថា ផែនការ ៩ វិច្ឆិកា នៅតែបន្ត។ លោកស្រីមូរ សុខហួរ ដែលត្រូវអាជ្ញាធរម៉ាឡេស៊ី ចាប់ឃុំខ្លួនជាង១០ម៉ោង ហើយបានដោះលែងវិញក្នុងលក្ខខណ្ឌ មិនឲ្យធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលភ្នំពេញ និងត្រូវចេញពីប្រទេសម៉ាឡេស៊ីនៅថ្ងៃទី១២ វិច្ឆិកាជាចាំបាច់។

នេះសបញ្ជាក់ថា ក្រុមលោក សម រង្ស៊ី កំពុងបោកប្រាស់អ្នកគាំទ្រឡើងឡប់អាចម៍ខ្សៀ។ ប្រសិនបើលោក សម រង្ស៊ី ពិតមានសេចក្តីក្លាហាន ហើយមិនកំសាក ដែលជាសារជាតិពីកំណើតរបស់ខ្លួនមែននោះ ម្តេចមិនធ្វើដំណើរតាមជើងយន្តហោះផ្សេង រួចហើយទៅចុះចតនៅឌូបៃ ឬប្រទេសណាផ្សេង មុននឹងឆ្លងចូលកម្ពុជា? ហេតុអ្វីចាំបាច់ទៅសម្តែង ធ្វើជាចង់ទៅថៃដែលខ្លួនដឹងច្បាស់ហើយថា គេមិនឲ្យចូលផងនោះ? នេះសបញ្ជាក់ថា សម រង្ស៉ី គ្មានចេតនាវិលមកវិញដូចការអះអាងទេ តែគាត់គ្រាន់តែសម្តែងដើម្បីបោកប្រាស់ និងបោកប្រាក់អ្នកគាំទ្រតែប៉ុណ្ណោះ។

រហូតមកដល់ថ្ងៃនេះទៅហើយ កុំថាឡើយដល់ទៅជាន់ដីកម្ពុជា សូម្បីតែជាន់ដីប្រទេសក្នុងតំបន់ក៏ សម រង្ស៊ី មិនអាចធ្វើបានផង។ ការប្រកាសបរាជ័យ មុនថ្ងៃកំណត់របស់លោក សម រង្ស៉ី បានបង្ហាញពីលទ្ធផលជាក់ស្តែង នៃកំហុសខាងយុទ្ធសាស្ត្រដ៏ធ្ងន់ធ្ងរ ដូចដែលគេបានឃើញ និងដឹងលឺគ្រប់គ្នារួចទៅហើយ។ អាចនិយាយបានថា នេះជាលទ្ធផលនៃនយោបាយអត្តឃាត ឬនយោបាយជីករណ្តៅកប់ខ្លួនឯងរបស់ លោក សម រង្ស៊ី និងភាពកំសាករបស់គាត់។

ផ្ទុយទៅវិញ បរាជ័យនេះក៏បានបង្ហាញឲ្យឃើញពីប្រៀបខ្លាំងរបស់សម្ដេចតេជោ ហ៊ុន សែន ទាំងនៅក្នុងផ្ទៃប្រទេស ក៏ដូចជានៅលើនយោបាយការទូត ដែលគេអាចនិយាយបានថា «ជោគវាសនារបស់លោក សម រង្ស៉ី ស្ថិតក្នុងកណ្តាប់ដៃសម្ដេចតេជោ ហ៊ុន សែន ទាំងស្រុង»។

ដើម្បីបញ្ជាក់ពីបញ្ហានេះ យើងត្រូវមើលចំណុចសំខាន់ៗ និងជាកត្តាសត្យានុម័តដូចខាងក្រោម៖

ទី១៖ សម្ដេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំដែលមានឥទ្ធិពលខ្លាំង ទាំងនយោបាយក្នុងប្រទេស និងនយោបាយការទូត។ នៅក្នុងប្រទេស សម្ដេចតេជោ អាចក្តាប់បានយ៉ាងណែននូវកម្លាំងជាតិទាំងមូល ទាំងកម្លាំងមហាជន ទាំងមន្ត្រីរាជការ និងទាំងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ ជាក់ស្តែង ការរៀបចំឲ្យមានពីធីជួបជុំហូបអំបុកថ្ងៃ៩ វិច្ឆិកា ត្រូវគេរំពឹងថា នឹងមានមហាជនចូលរួមយ៉ាងកុះករនៅគ្រប់ទិសទី។

ងាកមកមើលកម្លាំងប្រដាប់អាវុធវិញ ពួកគេបានត្រៀមជាស្រេចចាំស្តាប់បទបញ្ជា ដើម្បីចាត់វិធានការការពារជាតិ សាសនា ព្រះមហាក្សត្រ។ នៅលើនយោបាយការទូតវិញ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសជិតខាង និងក្នុងតំបន់ ដែលធ្វើឲ្យសម្ដេចមានទឹកមាត់ប្រៃ ក្នុងការធ្វើឲ្យប្រទេសទាំងនោះផ្តល់កិច្ចសហការណ៍យ៉ាងល្អជាមួយកម្ពុជា។ ចំណាត់ការរបស់ថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ចំពោះសម រង្ស៉ី និងគូកន គឺជាឧទាហរណ៍ជាក់ស្តែងស្រាប់។

ទី២៖ ងាកទៅមើលលោក សម រង្ស៊ី និងគូកនវិញ ពួកគេទទួលបរាជ័យទាំងស្រុងទាំងយុទ្ធសាស្ត្រ ទាំងនយោបាយការទូត។ នរណាក៏មើលឃើញដែរថា លោក សម រង្ស៉ី ជាអ្នកនយោបាយគ្មានយុទ្ធសាស្ត្រ ដោយប្រើនយោបាយដើរមួយជំហានគិតមួយជំហាន ហើយជំហានដែល សម រង្ស៊ី ដើរទៀតសោត គឺខុសគ្រប់ជំហាន។

ការប្រកាសទិញទឹកចិត្តកងទ័ព ឲ្យបែរចុងកាណុងប្រឆាំងរដ្ឋាភិបាល, ការប្រមាថមាក់ងាយអង្គព្រះមហាក្សត្រ, ការប្រើប្រាស់សកម្មជនជាឈ្នាន់ ដើម្បីឲ្យទទួលទោសជំនួស, និងការប្រកាសចូលមកចាប់សម្ដេចតេជោ ហ៊ុន សែន រហូតដល់ការប្រកាសឲ្យមហាជន ងើបបះបោរផ្តួលរំលំរដ្ឋាភិបាល ដោយហិង្សា និងមិនប្រជាធិបតេយ្យ។ល។ និង។ល។ សុទ្ធសឹងជាកំហុសធំៗ បំផុតដែលធ្វើឲ្យ សម រង្ស៊ី បាត់បង់ការគាំទ្រទាំងផ្ទៃក្នុងរបស់ខ្លួន ទាំងសហគមន៍អន្តរជាតិ និងបានហុចដងកំបិតឲ្យសម្ដេចតេជោ ហ៊ុន សែន ទាំងស្រុង។

នៅលើនយោបាយការទូតវិញ សម រង្ស៊ី បានអួតក្តែងៗថា ខ្លួនបានបញ្ចុះបញ្ចូលឲ្យអន្តរជាតិជួយ តាំងពីសហគមន៍អឺរ៉ុប សហរដ្ឋមេរិក រហូតដល់អាស៊ាន។ លើសពីនេះ សម រង្ស៊ី ក៏អួតអាងទៀតថា មានតំណាងរាស្ត្របរទេសជាច្រើន នឹងដង្ហែមកកម្ពុជា ប៉ុន្តែទីបំផុតទៅ ស្ងាត់ឈឹងមិនឃើញមានបរទេសណាម្នាក់មកក្បែរ សម រង្ស៊ី ឡើយ ជាពិសេសនៅពេលវត្តមាន សម រង្ស៊ី សម្តែងឆាកល្ខោននៅវាលយន្តហោះប្រទេសបារាំង ពីម្សិលមិញនេះ ហើយក៏គ្មានប្រទេសណាមួយចេញមុខគាំទ្រ ឬអន្តរាគមន៍ជួយសម រង្ស៊ី ដែរ គឺឃើញតែប្រទេសដែលបណ្តេញ សម រង្ស៊ី និងគូកន និងហាមមិនឲ្យចូលប្រទេសគេ ឬឲ្យចូលដែរតែត្រូវស្ថិតក្រោមការត្រួតពិនិត្យ ដោយមិនអនុញ្ញាឲ្យធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលកម្ពុជាឡើយ។

នេះបង្ហាញច្បាស់ថា សម រង្ស៊ី នៅសល់តែម្នាក់ឯង និងមនុស្សមួយដំបរស្វានៅជុំវិញខ្លួនតែប៉ុណ្ណោះ ហើយមនុស្សទាំងនោះទៀតសោតរាប់ទាំងលោក សម រង្ស៊ី ខ្លួនឯងផងត្រូវស្ថិតក្នុងទ្រុង ដោយមិនអាចធ្វើសកម្មភាពអ្វីតាមចិត្តបានឡើយ។ ពិតជាគួរឲ្យអាម៉ាស់ខ្លាំងណាស់ តែនេះជាលទ្ធផលធម្មតា សម្រាប់អ្នកដែលចូលចិត្ត ដើរត្រាច់រង្គត់តាមសំយ៉ាបផ្ទះគេ ពីព្រោះតែដុតផ្ទះខ្លួនឯងដើម្បីស្ងោពងមាន់ស៊ីមួយចម្អែត។

ទី៣៖ ការរៀបចំផែនការវិលត្រឡប់របស់លោក សម រង្ស៊ី ជារឿងរាក់កំភែល។ បើស្តាប់ពីការប្រកាសរៀបចំគណៈកម្មការ, ការប្រមូលលុយ និងការចាត់ចែងផ្សេងៗ ជាពិសេសការរៀបចំផែនការលម្អិត ដែលត្រូវប្រកាសនៅថ្ងៃទី៦ វិច្ឆិកា ប៉ុន្តែ តាមការពិតគ្មានផែនការអ្វីទាំងអស់។

អ្វីដែលគួរឲ្យកត់សម្គាល់ នៅពេលជួបឧបសគ្គ លោក សម រង្ស៉ី និងគូកនគ្មានវិធីដោះស្រាយតាមផែនការទី១ ទី២ ឬទី៣ អ្វីទាំងអស់ ពោលពេលដើរដល់ផ្លូវទាល់ គឺចប់ទៅមុខលែងរួចតែម្តង។ ទង្វើនេះ ធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមកាន់តែខ្លាំង និងជួបក្តីអាម៉ាស់ម្តងហើយម្តងទៀត។

ទី៤៖ យោងទៅលើស្ថានការណ៍ចុងក្រោយនេះ ខ្ញុំយល់ឃើញថា ជោគវាសនារបស់លោក សម រង្ស៊ី ពិតជាស្ថិតនៅក្នុងកណ្តាប់ដៃសម្ដេចតេជោ ហ៊ុន សែន យ៉ាងពិតប្រាកដ ពោលគឺច្រកសម្រាប់លោក សម រង្ស៊ី មានតែមួយគត់គឺ ការសុំទោសសម្ដេចតេជោ ហ៊ុន សែន ដើម្បីទទួលបានការសម្របសម្រួល ឲ្យចូលស្រុក។ ប្រសិនបើគ្មានភ្លើងខៀវពីសម្ដេចតេជោ ហ៊ុន សែន ទេលោក សម រង្ស៊ី គ្មានថ្ងៃអាចចូលស្រុកបានឡើយ។ ដូច្នេះ លោក សម រង្ស៉ី ដែលមានអាយុ៧០ឆ្នាំទៅហើយនោះ គ្មានជម្រើសច្រើនទេសម្រាប់ជីវិតនយោបាយរបស់ខ្លួន។

តើលោក សម រង្ស៉ី ត្រូវបន្តរស់នៅស្រុកបារាំង រហូតដល់ចាស់ជរាចោលឆ្អឹងស្រុកគេ ដោយគ្មានវាសនាអាចបានចូលស្រុកវិញរហូត ឬក៏ត្រូវអង្វរសុំទោស សម្ដេចតេជោ ហ៊ុន សែន ដើម្បីអាចចូលស្រុកបាន? គឺជាជម្រើសដ៏ពិបាកបំផុតសម្រាប់លោក សម រង្ស៊ី តែគ្មានសល់ជម្រើសណាល្អប្រសើរ ជាងនេះទៀតឡើយ សម្រាប់អ្នកនយោបាយជើងមិនជាប់ដី ក្បាលមិនជាប់មេឃដូច សម រង្ស៊ី ពីព្រោះជោគវាសនារបស់គាត់ត្រូវបានចារឲ្យស្ថិតក្រោមកណ្តាប់ដៃបុរសខ្លាំង ឈ្មោះ ហ៊ុន សែន ជារៀងរហូត។

ដូច្នេះតើអ្នកគាំទ្រ សម រង្ស៊ី ទាំងឡាយគួរផ្ញើវាសនាប្រថុយជាប់គុកជំនួស សម រង្ស៊ី តទៅទៀតដែរឬទេ បើពួកគេដឹងច្បាស់ហើយថា លោក សម រង្ស៉ី នឹងមិនមកកម្ពុជានៅថ្ងៃទី៩ វិច្ឆិកា ដូចដែលគាត់អះអាងផងនោះ?៕

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ