មហាគ្រួសារខ្មែរនៅប្រទេសគូវ៉ែត ជួបជុំគ្នាពិសាអំបុក ក្នុងឱកាសអបអរសាទរ​ ពិធីបុណ្យឯករាជ្យជាតិខ្មែរលើកទី៦៦


(គូវ៉ែត)៖ ក្នុងឱកាសអបអរសាទរពិធីបុណ្យឯករាជ្យជាតិលើកទី ៦៦ ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ធ្វើពិធីពិសាអំបុក យ៉ាងសប្បាយរីករាយគគ្រឹកគគ្រេងកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញនេះ។ ដោយឡែកស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋគូវ៉ែត ឯណោះវិញក៏បានរៀបចំពិធីពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ បានយ៉ាងសប្បាយរីករាយផងដែរ។

នៅល្ងាចថ្ងៃទី ០៩ ខែ វិច្ចកា ឆ្នាំ ២០១៩ (ម៉ោងនៅគូវ៉ែត) ឯកឧត្តម ហ៊ុន ហាន ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋគូវ៉ែត បានដឹកនាំមន្ត្រីការទូត បុគ្គលិកស្ថានទូត និងសិស្សនិស្សិតខ្មែរជាង ៣០នាក់ ដែលកំពុងបន្តការសិក្សាក្នុងប្រទេសគូវ៉ែត រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៦ ទិវាបុណ្យឯករាជ្យជាតិ និងពិធីអកអំបុកសាមគ្គីជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយបរិយាកាសយ៉ាងសប្បាយរីករាយ។

សិស្សនិស្សិតខ្មែរ ដែលបានចូលរួមពិធីបុណ្យនេះ បានសម្តែងចំណាប់អារម្មណ៍ថា ពិធីបុណ្យឯករាជ្យឆ្នាំនេះ គឺអ៊ូអរសប្បាយរីករាយ និងពិសេសជាងរាល់ឆ្នាំ។ ពិសេសនៅត្រង់ថា ឆ្នាំនេះមានពិធីពិសាអំបុកជុំគ្នា ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ។ ជាមួយគ្នានោះដែរ ពួកគេក៏បានប្តេជ្ញាចិត្តការពារ និងគាំទ្រយ៉ាងពេញទំហឹងលើសម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តដឹកនាំប្រទេសជាតិ ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រីនបន្ថែមទៀត៕