ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអេហ្ស៉ីប ដឹកនាំមន្ត្រីការទូត បុគ្គលិកស្ថានទូត និងនិស្សិតកម្ពុជា រៀបចំពិធីពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ


នៅល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអេហ្ស៉ីប ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអេហ្ស៉ីប បានដឹកនាំមន្ត្រីការទូត បុគ្គលិកស្ថានទូត និងនិស្សិតកម្ពុជាកំពុងសិក្សានៅប្រទេសអេហ្ស៉ីប រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ និងពិធីអកអំបុកសាមគ្គី ថែជាតិ សាសនា ព្រះមហាក្សត្រ និងពិសាកម្មវិធីអាហារសាមគ្គីផងដែរ។

ការរៀបចំពិធីអកអំបុកថ្ងៃនេះ គឺដើម្បីអបអរសាទរដល់បុណ្យឯករាជ្យជាតិ ក៏ដូចជា បង្ហាញអំពីការសាមគ្គី របស់ប្រជាពលរដ្ឋ ក្នុងការទទួលទានអំបុកដើម្បី ការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ។ ការទទួលទានអំបុកនេះ ក៏ជាការឆ្លើយតប ចំពោះក្រុមក្បត់ជាតិ ដែលចង់បំផ្លិចបំផ្លាញដល់សន្តិភាព ដោយបង្ហាញថា ប្រជាពលរដ្ឋស្រលាញ់សន្តិភាព មិនចាញ់ឧបាយកលជនក្បត់ជាតិឡើយ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចលនា ទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ លោក សម រង្ស៉ី ឱ្យប្រជាពលរដ្ឋបះបោផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕