ព្រឹទ្ធសភា នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ មានរបៀបវារៈចំនួន៦


ព្រឹទ្ធសភាកម្ពុជា នាថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដោយមានរបៀបវារៈចំនួន៦។ នេះបើយោងតាម សេចក្តីជូនដំណឹងដែលអង្គភាពព័ត៌មាន ទទួលបាន។

សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឲ្យដឹងថា របៀបវារៈចំនួន៦នោះ មានដូចខាងក្រោម៖

១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៤ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែម លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤។

២៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៤។

៣៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ស្តីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់
នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្របសម្រួលការដឹកជញ្ជូនទំនិញឆ្លងកាត់ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៤។

៤៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៤។

៥៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៣ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិក នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី ការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៤។

៦៖ កំណត់របៀបវារៈ និងកាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៤៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៖