អាជ្ញាធររាជធានីភ្នំពេញ វាយតម្លៃថា ការគ្រប់គ្រងសំរាមក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ បានល្អប្រសើរយ៉ាងខ្លាំង


ផ្តើមចេញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ធ្វើឲ្យការគ្រប់គ្រងសំរាម និងបរិស្ថានក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩នេះ ទទួលបានលទ្ធផលល្អប្រសើរយ៉ាងខ្លាំងសំរាប់រយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យនេះ។

ក្នុងឱកាសប្រារព្ធពិធីអបអរសាទរ ទិវាអនាម័យនិងបរិស្ថានជាតិ នៅថ្ងៃទី១៣ ខែវិច្ឆិកានេះ ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានវាយតម្លៃថា «បុណ្យអុំទូកឆ្នាំនេះយើងគ្រប់គ្រងសំរាម និងសំណល់ផ្សេងៗបានល្អដោយសារមានការចូលរួម និងការយល់ដឹងពីប្រជាពលរដ្ឋក៏ដូចជា ការចូលរួមពីផ្នែកពាក់ព័ន្ធ ក្នុងនោះមានយុវជនស្ម័គ្រចិត្ត, សហភាពសហពន្ធ័យុវជនកម្ពុជា, អាជ្ញាធរដែនដី និងមានការឃោសនាផ្សព្វផ្សាយជាប្រចាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្កើនការយល់ដឹងពីផលប៉ះពាល់បរិស្ថាន និងសោភណ្ឌភាពទីក្រុងដោយសារសំរាម»។

ជាមួយគ្នានេះ ដោយសារតែការខិតខំប្រឹងប្រែងរបស់អាជ្ញាធររាជធានីភ្នំពេញ តាមរយៈការរៀបចំផែនការច្បាស់លាស់លើការកែលំអរសោភណ្ឌភាពទីក្រុង ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការពង្រឹង សន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈបានល្អ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូកដ៏ច្រើនកុះករនៅមុខព្រះបរមរាជវាំង និងដើរលេងកំសាន្តតាម រមណីដ្ឋាននានា បានសប្បាយរីករាយដោយមិនមានការព្រួយបារម្មណ៍ និងរីករាយក្នុងសុខ សន្តិភាព។

 ឯកឧត្តម ហួត ហៃ ថ្លែងទៀតថា «ដើម្បីធានាបាននូវគុណភាពបរិស្ថាន សោភណ្ឌភាពទីក្រុង និងសុខភាពសាធារណៈ យើងចាំបាច់ត្រូវយកចិត្តទុកដាក់លើក កំពស់គ្រប់គ្រងសំណល់រឹង សំរាមឲ្យបានត្រឹមត្រូវ ដោយត្រូវចេះវេចខ្ចប់ និងញែកសំរាមទៅតាមប្រភេទដូចជា សំណល់អាចកែឆ្នៃបាន សំណល់សរីរាង្គ សំណល់ផ្ទុកសារធាតុគ្រោះថ្នាក់ និងសំណល់ផ្សេងៗ ដើម្បីប្រែក្លាយសំណល់មួយចំនួនឲ្យមានតម្លៃសេដ្ឋកិច្ច និងកាត់បន្ថយបរិមាណកាកសំណល់នៅតាមទីលានចាក់សំរាម»។

បើតាមអភិបាលរងរូបនេះ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា មានគោលបំណងចលនាឲ្យប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និសិ្សតគ្រប់ភូមិសិក្សាឲ្យចូលរួមធ្វើអនាម័យកែលំអរសោភណ្ឌភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិដ្ឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារសំដៅរួមចំណែក កសាងសង្គមកម្ពុជាឲ្យិមានបរិស្ថានល្អស្អាត និងមានភាពស្រស់បំព្រង។

ការធ្វើអនាម័យនេះត្រូវបានបែងចែកជា ៩គោលដៅ ដើររើសសំរាមតាមដងផ្លូវ, តាមសួនច្បារទីសាធារណៈដើម្បីបំផុសស្មារតីប្រជាពលរដ្ឋឲ្យចូលរួមលើកកំពស់សោភណ្ឌភាព អនាម័យបរិស្ថានទីក្រុងឲ្យកាន់តែប្រសើរឡើង។

ដោយឡែកអាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា ម៉ូតូកង់បីដឹកសំរាមដែលជាអំណោយរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបានចែកជូនសង្កាត់ទាំង១១ ក្នុងខណ្ឌ បានចេញប្រមូលសំរាម នៅតាមធុងសំរាម ដែលដាក់នៅតាមផ្លូវថ្នល់ លើសួនច្បារនានាក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ។

រដ្ឋបាលខណ្ឌដូនពេញ សូមថ្លែងអំណរអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញមកលេងកម្សាន្តយ៉ាងសប្បាយរីករាយនៅក្នុងព្រះរាជពិធីបុណ្យអុំទូកនារយៈពេល៣ថ្ងៃនេះ និងបានចូលរួមថែរក្សានូវអនាម័យបរិស្ថាន ដោយរក្សាទុកសំរាមនៅក្នុងធុងសំរាម បានយ៉ាងត្រឹមត្រូវដោយ មិនចោលពាសវាលពាសកាលតាមទីសាធារណៈនានាដែលធ្វើឲ្យប៉ះពាល់ដល់ សោភ័ណ្ឌភាពនៅក្នុងទីក្រុង៕