សភាពាណិជ្ជកម្មអាមេរិកនៅតែរឹតចំណងធុរកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា ខណៈកម្ពុជាជំរុញឱ្យអាមេរិកមកមើលបរិយាកាសធុរកិច្ចដោយផ្ទាល់


សភាពាណិជ្ជកម្មអាមេរិកបានបញ្ជាក់ជាថ្មីថា នេះជាពេលវេលាដ៏ល្អដែលអាមេរិកត្រូវតែរឹតចំណងធុរកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា រីឯរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ ក៏ហ៊ានធានាអះអាងពីបរិយាកាសពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជាយ៉ាងជឿជាក់ផងដែរ ដោយជំរុញឱ្យសភាពាណិជ្ជកម្មអាមេរិកមកពិនិត្យដោយផ្ទាល់។

ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ នៅទីស្ដីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ចន ហ្គយ័រ (John Goyer) នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអាមេរិក (US Chamber of Commerce) បានរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំរវាងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AMCHAM) និងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក (US Chamber of Commerce) ដោយភាគីទាំងពីរក៏យល់ដូចគ្នាដែរថា «នេះជាពេលវេលាល្អ ដើម្បីរឹតបន្តឹងចំណងធុរកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ»។

លោក ហ្គយ័រ បានលើកឡើងទៀតថា កិច្ចការបន្ទាប់ដែលសភាពាណិជ្ជកម្មអាមេរិកត្រូវធ្វើ គឺលើកទឹកចិត្តឱ្យធុរកិច្ចអាមេរិកយល់ច្បាស់បន្ថែមពីបរិយាកាសធុរកិច្ចនៅកម្ពុជា។

ទាក់ទងនឹងការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ បានជូនជាយោបល់ថា «ធុរជនអាមេរិកគួរតែចុះមកពិនិត្យបរិយាកាសធុរកិច្ចកម្ពុជាដោយផ្ទាល់ ទើបអាចយល់កាន់តែច្បាស់»។

ម្យ៉ាងទៀត ធុរជននិងវិនិយោគិនអាមេរិកគួរតែយល់ថា ការវិនិយោគនៅកម្ពុជា គឺមិនមែនសម្រាប់តែធ្វើធុរកិច្ចនៅកម្ពុជាប៉ុណ្ណោះទេ គឺដើម្បីធ្វើធុរកិច្ចនៅក្នុងអាស៊ានទាំងមូល ហើយជាមួយនឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ដែលនឹងឈានមកដល់ដំណាក់កាលបញ្ចប់ខាងមុខនេះ។

ឯកឧត្តមថា ទោះបីជាមិនមានប្រទេសឥណ្ឌាចូលរួមក៏ដោយ ក៏នៅតែជាទីផ្សារមួយដ៏ធំទូលំទូលាយដែរ ហើយដោយកម្ពុជាស្ថិតនៅចំកណ្ដាលអាស៊ាន ទីតាំងកម្ពុជានឹងផ្ដល់អត្ថប្រយោជន៍ក្នុងការក្លាយជាទីតាំងផលិត ដើម្បីផ្គត់ផ្គង់ទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់តំបន់។

អនុសាសន៍មួយទៀតដែលលោករដ្ឋមន្ត្រីលើកឡើងបន្ថែមនោះ គឺការពង្រឹងការទំនាក់ទំនង និងកិច្ចពិភាក្សារវាងសមាគមធុរកិច្ចអាមេរិក និងរាជរដ្ឋាភិបាល ដោយឯកឧត្តមរដ្ឋមន្ត្រីយល់ថា ភាគីទាំងពីរអាចមានយន្តការពិភាក្សាប្រចាំឆ្នាំ ដោយភាគីអាមេរិកដឹកនាំដោយលោកឯកអគ្គរដ្ឋទូតអាមេរិក ដើម្បីដោះស្រាយបញ្ហាបច្ចេកទេស។

ក្នុងករណីចាំបាច់ក្រុមហ៊ុន ឬសភាពាណិជ្ជកម្មអាមេរិក ក៏អាចចូលរួមក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន ក្រោមការដឹកនាំដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ, នេះជាការបញ្ជាក់បន្ថែមរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា៕