សេចក្តីថ្លែងការណ៍៖ ជោគជ័យរាជរដ្ឋាភិបាលនៃការទប់ស្កាត់ផែនការ ៩ វិច្ឆិការបស់ សម រង្ស៉ី គឺមិនអាចកាត់ផ្តាច់ និងមិនអាចខ្វះបានពីការចូលរួមចំណែកដ៏សំខាន់របស់ប្រជាជនកម្ពុជាទូទាំងប្រទេស


(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់តាមសេចក្តីថ្លែងការណ៍ថា ប្រជាជនកម្ពុជាទូទាំងប្រទេសបានបង្ហាញសាមគ្គីភាពយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចការពារថែរក្សាសន្តិភាព ស្ថិរភាពសង្គម ព្រមទាំងបានបង្ហាញ នូវស្វាមីភក្តិដ៏ជ្រាលជ្រៅបំផុតចំពោះ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃជាតិខ្មែរ ចំពោះរបបរាជានិយម ដែលបានរារាំងមិនឱ្យផែនការ រដ្ឋប្រហារផ្ដលរំលំរាជរដ្ឋាភិបាល ថ្ងៃទី០៩ ខែវិច្ឆិកា របស់ក្រុមឧទ្ទាម សម រង្ស៉ី ឱ្យទទួលបរាជ័យទាំងស្រុង។

សេចក្តីថ្លែងការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជោគជ័យនេះ ក៏មិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកដ៏សំខាន់ និងមិនអាចខ្វះបានរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលបាន បង្ហាញនូវសាមគ្គីភាពរឹងមាំជាមួយរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចការពារ និងថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ជាពិសេសបានបង្ហាញ នូវស្វាមីភក្តិ ដ៏ជ្រាលជ្រៅបំផុតចំពោះ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃជាតិខ្មែរ និងចំពោះរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា»

នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ តាមរយៈសេចក្តីចេញសេចក្តីថ្លែងការណ៍មួយរាជរដ្ឋាភិបាលបានបង្ហាញប្រាប់ប្រជាពលរដ្ឋ សាធារណជនជាតិ និងអន្តរជាតិ អំពីភាពបរាជ័យដ៏អាម៉ាស់នៃផែនការរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលរៀបចំឡើងដោយ មេឧទ្ទាម សម រង្ស៉ី កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវពាវដល់ប្រជាពលរដ្ឋស្លូតត្រង់ទាំងអស់ដែលចាញ់បោកឧបាយកលក្រុមឧទ្ទាម ឱ្យវិលត្រឡប់ចូលមាតុប្រទេសវិញ ដោយមិនមានទោសពៃរ៍ ដើម្បីរួមរស់ជាមួយក្រុមគ្រួសារ ក្រោមដំបូលនៃសុខសន្តិភាព បន្ទាប់ពីផែនការរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលរៀបចំដោយមេឧទ្ទាម សម រង្ស៉ី បានបរាជ័យទាំងស្រុង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

តាមរយៈសេចក្តីថ្លែងការណ៍នេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញតួនាទីរបស់ខ្លួន ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការធានារក្សាការពារសុខសន្តិភាព និងស្ថិរភាពសង្គម ជាពិសេសការសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ ក្នុងការបំផ្លាញចោលទាំងស្រុង នូវផែនការរបស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៉ី។

រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំលើទឹកចិត្តស្នេហាជាតិរបស់ប្រជាជនកម្ពុជា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការពារ និងថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព៕

សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចេញនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩៖