សម្តេចតេជោ ហ៊ុន សែន បង្គាប់ឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា និងតុលាការ ដើម្បីដោះលែងអ្នកចាញ់បោកក្រុមឧទ្ទាមឱ្យនៅក្រៅឃុំ ក្រោយផែនការរដ្ឋប្រហារបរាជ័យទាំងស្រុង


(ភ្នំពេញ)៖ បន្ទាប់ពីផែនការរដ្ឋប្រហារខុសច្បាប់ ៩ វិច្ឆិកា បានបរាជ័យទាំងស្រុងហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្គាប់ឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា និងតុលាការ ដើម្បីឈានទៅដល់ការដាក់ឱ្យអ្នកចាញ់បោកក្រុមឧទ្ទាម ដែលត្រូវឃាត់ខ្លួនទាំងអស់ នៅក្រៅឃុំជាបណ្តោះអាសន្ន។

ការអះអាងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នូវ រោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង នៅព្រឹកទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទុង ខេត្តកំពត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «អ្នកដែលយើងបានចាប់ខ្លួន ខ្ញុំសូមឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយនឹងព្រះរាជអាជ្ញា ធ្វើការជាមួយតុលាការ ដើម្បីដោះលែងឱ្យនៅក្រៅឃុំ តាមរយៈនៃការស្នើសុំរបស់សាមីខ្លួន របស់មេធាវី ឬរបស់ក្រុមគ្រួសារ ព្រោះបើគ្មានការស្នើសុំទេ យើងមិនអាចដោះលែងឱ្យនៅក្រៅឃុំទេ»

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា នេះជាកិច្ចការចាំបាច់ដែលរាជរដ្ឋាភិបាលត្រូវតែធ្វើ ក្នុងគោលដៅបង្រួបបង្រួមជាតិ រក្សាសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ព្រោះអ្នកទាំងនោះ ចាញ់បោកគេទេ។

ទណ្ឌិត សម រង្ស៉ី និងបក្ខពួក បានប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈដំណើរមាតុភូមិនិវត្តន៍របស់លោក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយធ្វើចលនាចេញពីទឹកដីថៃ ទម្លុះព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចូលមកកម្ពុជា ដើម្បីទាមទារទម្លាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញពីតំណែង។ ប៉ុន្តែទោះជាយ៉ាងនេះក្តី រយៈពេលពេញ១ថ្ងៃ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកពុំបានត្រឡប់មកកាន់ប្រទេសកម្ពុជា ដូចអ្វីដែលលោកប្រកាសនោះទេ ហើយផ្ទុយទៅវិញ លោក សម រង្ស៉ី បានប្រកាសពន្យារពេលដោយមិនកំណត់ ដោយប្រើប្រាស់លេសមួយចំនួន។

ការបរាជ័យរបស់ លោក សម រង្ស៉ី ត្រូវបានអ្នកគាំទ្រ និងសកម្មជនរបស់លោកវាយប្រហារយ៉ាងខ្លាំង ដោយចាត់ទុកថាជាមេដឹកនាំដែលនិយាយហើយតែមិនអាចធ្វើបាន ព្រមទាំងបានធ្វើឱ្យអ្នកគាំទ្រ ជាប់ពន្ធនាគារកាន់តែច្រើនថែមទៀតផង។

ក្នុងពិធីសម្ពោធរោងចក្រស៊ីម៉ងត៍នោះ សម្តេចតេជោ ហ៊ុន សែន បានស្តីបន្ទោសទៅអ្នកនយោបាយ ដែលបានដើរហួសបន្ទាត់ក្រហម ហើយរុញឱ្យអ្នកគាំទ្រកាន់តែគ្រោះថ្នាក់។ សម្តេចបញ្ជាក់ថា៖ «អាមេខ្លោងវារុញយើងឱ្យស្លាប់ ដំបូងរុញអ្នកនៅក្នុងប្រទេសឱ្យងាប់ បន្ទាប់ទៅរុញពលករពីប្រទេសថៃ ឱ្យឆ្លងកាត់ទល់ដែនឱ្យនាំវាចូលស្រុក ហើយវានៅខាងក្រោយរុញគេ បានសេចក្តីថា អានេះប្រុងប្រើញើសឈាមប្រជាពលរដ្ឋ ដើម្បីនឹងបម្រើមមហិច្ឆតាអំណាចរបស់វា គិតទៅវាខូចមែន ខូចនៅតែខូច បោកនៅតែបោក ភូតនៅតែភូត»

ចំពោះការជំរុញឱ្យមានការដោះលែងអ្នកជាប់ឃុំ ក្នុងសំណុំរឿងរដ្ឋប្រហារ៩វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យចាប់ផ្តើមអនុវត្តមុនគេនៅខេត្តកំពត ហើយការធ្វើការដើម្បីដោះលែងនៅក្រៅឃុំនេះ ត្រូវធ្វើនៅថ្ងៃនេះតែម្តង ដើម្បីជំរុញឱ្យសម្តីនាយករដ្ឋមន្រ្តីមានប្រសិទ្ធភាព។

សម្តេចបានបញ្ជាក់ថា ការដោះលែងឱ្យនៅក្រៅឃុំនេះ អនុវត្តតែចំពោះសំណុំពាក់ព័ន្ធនឹងរដ្ឋប្រហារថ្ងៃ០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុណ្ណោះ ចំណែករឿងបទល្មើសផ្សេងៗ ដូចគ្រឿងញៀន ឬរំលោភពសេពសន្ថវៈ គឺមិនអាចដោះលែងទេ៕