ពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ


ព្រះសីហនុ’៖ នារសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩  ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមគមអតីតយុទ្ធជនកម្ពុជា(ស.អ.ក.) បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ និងទទួលស្គាល់ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ។

តាមសេចក្តីសម្រេច ស្តីពីការទទួលស្គាល់ប្រធានកិត្តិយស នៃគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ លេខ០៩៦/ស.អ.ក/២០១៩ សម្រេចទទួលស្គាល់ឯកឧត្ត ម គួច ចំរើន ជាប្រធានកិត្តិយស ស.អ.ក. ខេត្តព្រះសីហនុ ។ សេចក្តីសម្រេចលេខ ៣១៨/តត/ស.អ.ក ស្តីពីការទទួលស្គាល់ ឯកឧត្តម នូវ សំអុល ជាប្រធានគណ:កម្មាធិការ និងជាប្រធានគណ: អចិន្ត្រៃយ៍គណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ ។

ឯកឧត្តម នូវ សំអុល ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ បានបេជ្ញាចិត្តថា ១-គោរពច្បាប់ បទបញ្ជា លក្ខន្តិក:របស់សមាគមអតីតយុទ្ធជនកម្ពុជា។ ២-ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីគាំទ្រឱ្យបានពេញលេញទៅលើជីវភាពរស់នៅ ក៏ដូចជាអត្ថប្រយោជន៍ស្របច្បាប់នានារបស់សមាជិកសមាគមអតីតយុទ្ធជន។ ៣-បន្តបើកប្រាក់មរណ: សង្គ្រោះ និងប្រាក់គោលនយោបាយផ្សេងៗជូនគ្រួសារសពឱ្យបានគ្រប់ចំនួន និងទាន់ពេលវេលា។ ៤-យកចិត្តទុកដាក់លើសុខទុក្ខ ដោយតាមដានដោះស្រាយបញ្ហាប្រឈមនានារបស់សមាជិក សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ដើម្បីឆ្លើយតបតាមគោលនយោបាយរបស់សមាគមអតីតយុទ្ធជនកម្ពុជា។ ៥អនុវត្តន៍តាមអនុសាសន៍ និងសេចក្តីណែនាំរបស់សមាគមអតីតយុទ្ធជនកម្ពុជាថ្នាក់ជាតិ និងជាពិសេសរបស់ថ្នាក់ដឹកនាំតាមឋានានុក្រម ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានកោតសរសើរប្រធានសមាគមចាស់ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អ ដោយសារសហការលើការងារសន្តិសុខ សុវត្ថិភាពសាធារណ:ជូនប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន ក៏ដូចជាការចូលរួមដោះស្រាយកង្វល់របស់អតីតយុទ្ធជននាពេលកន្លងមក។ ក្នុងនោះមានអតីតយុទ្ធជន ១៣គ្រួសារ មានដីតែខ្វះផ្ទះស្នាក់នៅ អតីតយុទ្ធជន ៤៨គ្រួសារ គ្មានផ្ទះគ្មានដី និង ១៣គ្រួសារ រស់នៅលើដីសាធារណ:។ដូច្នេះយើងត្រូវធ្វើការដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា ព្រោះយើងមានកញ្ចប់ថវិកាក្នុងដៃ ត្រូវធ្វើគម្រោងសាងសង់ និងដោះស្រាយបញ្ហាប្រឈមនានា បានទាន់ពេលវេលា ។ ចំពោះដី និងផ្ទះដែលរដ្ឋបាលខេត្ត បានធ្វើការប្រគល់ជូនអតីតយុទ្ធជនកន្លងមក ៨០គ្រួសារ នៅស្រុកស្ទឹងហាវ តាមការពិនិត្យជាក់ស្តែង មានអតីតយុទ្ធជនរបស់យើងរស់នៅតែ ៩គ្រួសារ ។ យើងត្រូវធ្វើការពិនិត្យ សិក្សាវាយតម្លៃ ដើម្បីដកផ្ទះ និងដីយកមកចែកជូនអតិតយុទ្ធជនរបស់យើងដែលគ្មានដី ផ្ទះស្នាក់នៅពិតប្រាកដ ស្របតាមគោលនយោបាយរបស់រាជ រដ្ឋាភិបាល ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ ប្រសិនបើពួកគាត់រស់នៅបាន ៥ឆ្នាំ ត្រូវចេញប្លង់កម្មសិទ្ធិជូនគាត់ ។ ត្រូវធ្វើការស្នើរសុំឱ្យគណ:កម្មាធិការ អាជ្ញាធរស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ បន្តចុះពិនិត្យ ស្វែងរកដីសម្បទាសង្គមកិច្ច ដើម្បីចែកជូនអតីតយុទ្ធជនរបស់យើងមានប្រមាណជា ១.០០០នាក់។

ឯកឧត្តម គួច ចំរើន ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ បានបញ្ជាក់ថា នឹងខិតខំប្រមូលផ្តុំស្វែងរកជំនួយជួយគាំទ្រដល់អតីតយុទ្ធជនខេត្តព្រះសីហនុ និងបន្តរកដីសម្បទាសង្គមកិច្ច ចែកជូនអតីតយុទ្ធជន របស់យើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ៕