ប្រតិភូជាងពីរពាន់នាក់ មកពីជុំវិញពិភពលោក នឹងចូលរួមកិច្ចប្រជុំកំពូលអាស៉ីប៉ាស៉ីហ្វិក នៅកម្ពុជា


ឯកឧត្តម ឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៉ីប៉ាស៉ីហ្វិកលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ នឹងមានប្រតិភូមកពីបណ្តាប្រទេសនានាជុំវិញពិភពលោកជាង ២,០០០នាក់ឯណោះ។

ការបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ បានធ្វើឡើងក្នុងឱកាសដែលរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានស្តីពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

កិច្ចប្រជុំកំពូលអាស៉ីប៉ាស៉ីហ្វិក២០១៩ ឬ Asia Pacific Summit 2019 នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ នៅរាជធានីភ្នំពេញ។ តាមការគ្រោងទុក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំមួយនេះ។

បើតាមឯកឧត្តម ឯក ថា ប្រតិភូដែលនឹងចូលរួមកិច្ចប្រជុំកំពូលលក្ខណៈសកលមួយនេះ រួមមាន ប្រធានាធិបតី នាយករដ្ឋមន្ត្រី អតីតថ្នាក់ដឹកនាំប្រទេស រដ្ឋសភា ព្រឹទ្ធសភា អង្គការក្រៅរដ្ឋាភិបាល ធុរកិច្ចជន សាកលវិទ្យាល័យ អង្គភាពសារព័ត៌មាន អ្នកសិល្បៈ និងស្ថាប័ននានាជាច្រើនទៀត។

លោកបណ្ឌិត Julius Malicdem នាយកសហព័ន្ធសន្តិភាពសកល (UPF) ប្រចាំតំបន់អាស៉ីអាគ្នេយ៍ ដែលជាស្ថាប័នមួយសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជា រៀបចំកិច្ចប្រជុំកំពូលអាស៉ីប៉ាស៉ីហ្វិក ឆ្នាំ២០១៩ ធ្លាប់ប្រាប់ឲ្យដឹងថា ប្រធានបទនៅក្នុងកិច្ចប្រជុំកំពូលអាស៉ីប៉ាស៉ីហ្វិកឆ្នាំនេះ ទាក់ទងនឹងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន សន្តិភាព ការផ្សះផ្សារជាតិ ការពឹងអាស្រ័យគ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃជាសកលផងដែរ។

ជាមួយគ្នានេះ លោក ឯក នាថ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ UDF បានអះអាងថា ប្រតិភូអន្តរជាតិទាំងអស់ បានចាប់អារម្មណ៍ចង់ទស្សនាកម្សាន្ត នៅតំបន់ទេសចរណ៍នានា នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ ប្រាសាទអង្គរវត្ត ដែលជាប្រាសាទល្បីល្បាញលើពិភពលោក ស្ថិតនៅខេត្តសៀមរាប គឺជាគោលដៅសំខាន់មួយ ដែលប្រតិទាំងនោះចង់ទៅលេងកម្សាន្តបំផុត។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៉ីប៉ាស៉ីហ្វិកលើកទី១ ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៨ នៅប្រទេសនេប៉ាល់ ក្រោមអធិបតីភាពលោក KP Sharma Oli នាយករដ្ឋមន្ត្រីនេប៉ាល់។ កាលនោះមានប្រតិភូជាង ១៥០០នាក់ មកពី ៤៥ប្រទេស៕