រដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat) នៅប្រទេសថៃ ពិភាក្សាគ្នាលើសន្តិសុខនៅក្នុងតំបន់


បញ្ជាសន្តិសុខនៅក្នុងតំបន់ត្រូវបានលើកយកមកធ្វើការពិភាក្សាគ្នា នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន- នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជាចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន រួមនឹងកិច្ចប្រជុំដែលពាក់ព័ន្ធមួយចំនួនទៀតនៅទីក្រុងបាងកក។

ថ្លែងបើកកិច្ចប្រជុំនាឱកាសនោះ លោក ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រីថៃ បានសម្ដែងការកោតសរសើរ សមាជិកប្រទេសអាស៊ាន ចំពោះការបន្តការចូលរួមក្នុងការពង្រឹងកិច្ចសហប្រតិការអាស៊ាន ដែលអាចធ្វើឲ្យមានលទ្ធផលជាក់ស្ដែងទៅលើតួនាទីជាស្នូលរបស់អាស៊ាន ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ក្នុងអាស៊ាន។

លោក ប្រាវីត វង្សសុវណ្ណ បានថ្លែងអំណរគុណប្រទេសអាស៊ានទាំងអស់ ក្នុងការដោះស្រាយបញ្ហា និង ចូលរួមធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗដូចជា ប្រឆាំងភេរវកម្ម សន្តិសុខលម្ហរសមុទ្រ សង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាកសាងជំនឿទុកចិត្តគ្នា ជាមួយប្រទេសបូក ។ លោកសង្ឃឹមថា៖ កិច្ចសហប្រតិបត្តិការនេះ ជំរុញឲ្យអាស៊ានអាចរក្សាបាននូវសន្តិសុខ និង ស្ថេរភាព ប្រកបដោយចីរភាព ។

ក្នុងកិច្ចប្រជុំនោះ បណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ានទាំងអស់ ក៏បានចែករំលែក និង ផ្លាស់ប្តូរទស្សនៈគ្នាទៅវិញ ទៅមកជុំវិញបញ្ហាសន្តិសុខតបន់ និង អន្តរជាតិ ។

ថ្លែងទៅកាន់កិច្ចប្រជុំក្នុងឱកាសនោះដែលសម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា៖ការ វិវឌ្ឍឥតឈប់ឈរនៃភូមិសាស្រ្តនយោបាយ និងភូមិសាស្រ្តសេដ្ឋកិច្ច ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបាននាំមកនូវបញ្ហាប្រឈមផ្នែកសន្តិ-សុខជាច្រើន។ ទន្ទឹមនឹងបញ្ហាសន្តិសុខបែបប្រពៃណីដែលនៅតែបន្តចោទជាបញ្ហា យើងឃើញមានការលេចឡើងបន្តបន្ទាប់នូវបញ្ហាសន្តិ-សុខមិនមែនប្រពៃណីដែលមានភាពស្មុគស្មាញដែលប៉ះពាល់គ្រប់វិស័យហើយដែលប៉ះពាល់ទៅលើសុខុមាលភាពនិងការរស់នៅរបស់ប្រជាជនយើង។ ក្នុងន័យនេះ សម្តេចពិជ័យសេនា បានលើកយកបញ្ហារួមធំៗចំនួនពីរធ្វើការអត្ថាធិប្បាយ ដែលក្នុងនោះទី ១៖ ទាក់ទងទៅនឹងការគំរាមកំហែងនៃភេរវកម្ម ដែលនៅក្នុងតំបន់នៅតែមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការរីកសាយភាយនៃអំពើភេរវកម្ម ក៏ដូចជាផលប៉ះពាល់នៃសកម្មភាពទាំងនេះ មកលើសង្គមរបស់យើង។ យើងនៅតែមានការព្រួយបារម្ភចំពោះការត្រលប់មកវិញនៃជនសកម្មប្រយុទ្ធនិងការផ្សព្វផ្សាយមនោគមវិជ្ជាជ្រុលនិយម ក៏ដូចជាឥទ្ធិពលមកលើក្រុមបណ្តាញភេរវកម្មក្នុងតំបន់។ ភាពងាយស្រួលក្នុងការទាញយកនិងប្រើប្រាស់បច្ចេកវិទ្យាសំខាន់ៗមួយចំនួនដូចជា បច្ចេកវិទ្យាភាពព័ត៌មានវិទ្យា គ្រឿងយន្ត និង បច្ចេកវិទ្យាជីវសាស្រ្ត បានក្លាយជាការព្រួយបារម្ភសម្រាប់បរិយាកាសសន្តិសុខក្នុងតំបន់។ ការផ្សព្វផ្សាយដែលបណ្តាលឱ្យមានភាពភ័យខ្លាចនិងការឃោសនាឱ្យមានការស្អប់ខ្ពើមតាមបណ្តាញសង្គមនានា គឺជាការយកបច្ចេកវិទ្យាធម្មតាមកប្រើប្រាស់ ក្នុងសកម្មភាព ភេរវកម្ម ហើយដែលអាចបង្កអោយមានភាពខូចខាតយ៉ាងច្រើន។

ចំពោះបញ្ហាទីពីរ សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖គឺការប្រកួតប្រជែងនៃប្រទេសមហាអំណាច។ គ្រឹះនៃសណ្តាប់ធ្នាប់ពិភពលោកហាក់ចាប់ផ្តើមរង្គោះរង្គើ ហើយអនាគតរបស់ពិភពលោកហាក់ស្ថិតក្នុងភាពមិនច្បាស់លាស់។ សង្គ្រាមពាណិជ្ជកម្ម អាចបង្កអោយមានផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។ នៅពេលដែលសេដ្ឋកិច្ចពិភពលោកអន់ថយ វានឹងជះឥទ្ធពលដល់យើងទាំងអស់គ្នា។ ប្រសិនបើភាពតានតឹងនេះនៅតែបន្តឬកាន់តែដុនដាប វានឹងបង្កអោយបាត់បង់ជំនឿចិត្តនិងទំនុកចិត្តរវាងគ្នា។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់នូវឆន្ទៈក្នុងការបំពេញការងាររួមគ្នាជាមួយសមាជិកអាស៊ានទាំងអស់ក្នុងនិម្មាបនកម្មសន្តិសុខបច្ចុប្បន្ន។ ក្នុងស្មារតីអាស៊ាន យើងនឹងរួមគ្នារក្សាឯកភាព និងសាមគ្គីភាពក្នុងការពិភាក្សានិងធ្វើការងារជាមួយដៃគូក្រៅតំបន់ដើម្បីធានាអោយបាននូវសន្តិភាព ស្ថេរភាព សុវត្ថិភាព អភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់៕