សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីគុណបំណាច់នយោបាយឈ្នះឈ្នះ ហើយអះអាងថា ការលុបបំបាត់ទ័ពព្រៃមិនមែនជារឿងងាយស្រួល


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះបានរំលឹកជាថ្មី អំពីគុណបំណាចនៃនយោបាយឈ្នះឈ្នះរបស់សម្តេច ដែលបានរំលាយជាស្ថាព័រនូវទ័ពព្រៃរបស់ខ្មែរក្រហម កាលពីឆ្នាំ១៩៩៨។ សម្តេចបានបញ្ជាក់ថា ការលុបបំបាត់ទ័ពព្រៃ គឺមិនមែនងាយស្រួលនោះទេ ហើយប្រទេសមួយចំនួនពេលនេះ ក៏មិនទាន់អាចលុបបំបាត់ទ័ពព្រៃផងដែរ។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្ដេចអនុញ្ញាតឲ្យប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការរិនីប្រមាណ ៤០០នាក់ ចូលជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ណែនាំមួយចំនួនពីសម្ដេច នៅវិមានសន្ដិភាព មុនអត្តពលិកកម្ពុជា ចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ។

នៅក្នុងឱកាសនោះ សម្តេចបានពន្យល់អំពីប្រវត្តិសាស្រ្តកម្ពុជា ដែលមានការបែកបាក់គ្នាជាហូរហែ ដោយសារតែការដណ្តើមអំណាចក្នុងរាជវង្ស ជូនដល់កីឡាករទាំងនោះ ហើយបន្ទាប់ពីនោះ សម្តេចបានលើកឡើងអំពីនយោបាយឈ្នះឈ្នះ ដែលបានធ្វើឱ្យការបែកបាក់របស់កម្ពុជា នៅដំណាក់សង្គ្រាមស៊ីវិលចុងក្រោយនេះ រស់នៅក្នុងដំបូលកម្ពុជាតែមួយឡើងវិញ។

សម្តេចតេជោ បានរំលឹកអំពីការចូលរួមរបស់ ព្រះបរមរតនកោដ្ឋ ក្នុងការឡាយព្រះហស្ថលេខាបើកផ្លូវឱ្យ លោក អៀង សារី ទាញមេដឹកនាំខ្មែរក្រហមផ្សេងទៀត ឱ្យចូលទៅក្នុងនយោបាយឈ្នះឈ្នះ។ សម្តេចថ្លែងថា បើគ្មានការឡាយព្រះហស្ថលេខារបស់ព្រះអង្គទេ ក៏មិនអាចធ្វើឱ្យខ្មែរក្រហមព្រមចុះចាញ់ឡើយ ទោះពីជាមានការផ្តាច់ខ្លួនដោយ មេទ័ពខ្មែរក្រហម២រូបក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការអនុវត្តនយោបាយឈ្នះឈ្នះមានភាគីច្រើនណាស់ ដែលមានការគាំទ្រក្នុងហ្នឹងក៏មានព្រះមហាក្សត្រដែលដឹកនាំ។ រឿងទ័ពព្រៃមិនមែនជារឿងងាយទេ»

សម្តេចបានបញ្ជាក់ថា ឥឡូវនៅប្រទេសខ្លះទ័ពព្រៃនៅសេសសល់ ក្នុងនោះក៏មានផងដែរ នៅបណ្តាប្រទេសអាស៊ានផ្សេងទៀត៕