ឯកឧត្តម ចាន់ យុត្ថា បានអញ្ជើញចុះពិនិត្យការងារបង្កបង្កើនផលស្រូវប្រាំង ( លើកទី ២ ) ចំនួនជាង ៣ ម៉ឺនហិកតា នៅក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ


នៅព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានមុខព្រួញខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ បានអញ្ជើញចុះពិនិត្យការងារបង្កបង្កើនផលស្រូវប្រាំង ( លើកទី ២ ) ចំនួនជាង ៣ ម៉ឺនហិកតា នៅក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។

លោក ជា ទី មេឃុំសឿ និងលោក រ៉ាត វីរ: អភិបាលរងស្រុកមង្គលបូរី បានជម្រាបជូនឯកឧត្តមរដ្ឋលេខាធិការថា យោងតាមការជូនព័ត៌មានរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានបង្ហាញថា ស្រុកមង្គលបូរី មានប្រភពទឹកសម្រាប់ការបង្កបង្កើនផលស្រូវប្រាំង ចំនួន ៧.០០០ ហិកតា ។ ផ្អែកលើសក្តានុពលទឹកដែលមាននេះ អាជ្ញាធរស្រុក ឃុំ បានធ្វើការប្រជុំផ្សព្វផ្សាយជាបន្តបន្ទាប់ជូនដល់ប្រជាពលរដ្ឋ ។ ប៉ុន្តែ លើស្ថានភាពជាក់ស្ដែង បងប្អូនប្រជាកសិករទូទាំងស្រុក បានផលិតស្រូវប្រាំងលើកទី ១ រហូតដល់ទៅជាង ៣ មុឺនហិកតា និងបានប្រមូលផលទុកដាក់រួចរាល់អស់ហើយ ។ បន្ទាប់ពីប្រមូលផលស្រូវប្រាំងលើកទី១ បងប្អូនក៏ចាប់ផ្ដើមបង្កបង្កើនផលស្រូវប្រាំងលើកទី២ បន្តទៀត ។ ចំពោះមុខស្ថានភាពនេះ អាជ្ញាធរស្រុក ឃុំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យធ្វើការបង្កបង្កើនផលលើកប្រាំងលើកទី២ ព្រោះបើតាមមន្ទីរជំនាញបញ្ជាក់ថានិងមានការខ្វះខាតទឹក ប៉ុន្តែបងប្អូននៅតែបន្តធ្វើដដែល ហើយបច្ចុប្បន្ន ស្រូវប្រាំងលើកទី ២ នេះ មួយចំនួន កំពុងមានការប្រឈមមែន ។

ក្រោយពីបានចុះពិនិត្យលើស្ថានភាពជាក់ស្ដែង និងស្ដាប់របាយការណ៍របស់អាជ្ញាធរស្រុក ឃុំ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាដល់ឯកឧត្តម ក៏ដូចជាមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ត្រូវប្រឹងប្រែងឲ្យអស់លទ្ធភាពដែលអាចធ្វើទៅបាន ក្នុងការជួយសង្គ្រោះស្រូវរបស់បងប្អូនប្រជាពលរដ្ឋ ហើយក្នុងនោះ ក៏ត្រូវគិតគួរឲ្យបានម៉ត់ចត់ផងដែរ ដល់ប្រភពទឹក ដែលត្រូវរក្សាទុក សម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនារដូវប្រាំងខាងមុខ ៕