សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំបំផុតថ្វាយ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្ដិយស កាកបាទក្រហមកម្ពុជា ចំពោះការយាងចូលព្រះទិវង្គតនៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ។
សារលិខិតនោះមានខ្លឹមសារថា «បពិត្រ សម្តេចព្រះវររាជមាតា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ! ខ្ញុំម្ចាស់ និងសហការី នៃកាក បាទក្រហមកម្ពុជា មានក្តីក្តុកក្តួលខ្សឹកខ្សួលរំជួលចិត្តឥតឧបមា ចំពោះការយាងចូលព្រះទិវង្គត នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១២ម៉ ៣០នាទី ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយ ព្រះរោគាពាធ»។
ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ «ខ្ញុំម្ចាស់សូម ចូលរួម រំលែក នូវព្រះមរណទុក្ខ យ៉ាងក្រៀមក្រំបំផុត ជាមួយសម្តេចព្រះវររាជមាតា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយក្តីសង្វេគ សោកស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថា ការបាត់បង់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី គឺជាការបាត់បង់ដ៏ធំធេងបំផុត នូវតួអង្គពហុជំនាញក្នុង វិស័យ វប្បធម៌ អរិយធម៌ ជាតិខ្មែរ ជាទេពនាថវដ្តីឯក និងជាមរតកមនុស្សរស់របស់កម្ពុជាក្នុងរបាំព្រះរាជទ្រព្យ លើកតម្កើងវប្បធម៌ពណ្ណារាយជាតិថ្កើងថ្កាន ល្បីល្បាញរន្ទឺទូទាំងសកល លោក »។
«ខ្ញុំម្ចាស់ និងសហការី នៃកាក បាទក្រហមកម្ពុជា សូមវន្ទាឧទ្ទិសដល់ ដួងព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រី ព្រះរៀមនរោត្តម បុប្ផាទេវី បានយាងយោនយកកំណើតបដិសន្ធិក្នុងសុគតិ ភពគ្រប់ៗព្រះជាតិ កុំបីឃ្លៀងឃ្លាតឡើយ ។សូមសម្តេចព្រះវររាជមាតា ជាអម្ចាស់ ជាទីគោរពសក្ការៈ ទ្រង់ស្តេចទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូកត វេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំម្ចាស់»៕
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ៖