ប្រធានប្រតិភូបង់ក្លាដេស អរគុណកងទ័ពកម្ពុជា ក្នុងការចែករំលែក និងផ្តល់បទពិសោធន៍ ល្អៗ គណៈប្រតិភូនាយទាហានសេនាធិការនិងសិក្ខាកាមកងទ័ពបង់ក្លាដេស


ឯកឧត្ដម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ​នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យគណៈប្រតិភូនាយទាហានសេនាធិការ និង សិក្ខាកាម នៃមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ព សាធារណរដ្ឋប្រជាមានិតបង់ ក្លាដេស ដឹកនាំដោយវរសេនីយ៍ទោ ម៉ូហាមម៉ាដ ទូហ្វីក ហាមីដ ប្រធានប្រតិភូនាយទាហាន សេនាធិការ និងសិក្ខាកាមចំនួន១៩នាក់ ចូលជួបសម្តែងការគួរសម កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បន្ទាប់ពីសិក្ខាកាមមកបំពេញ ទស្សនកិច្ចសិក្សាឈ្វេងយល់ អំពីនយោបាយ ឈ្នះ-ឈ្នះ ដែលនាំឱ្យប្រទេសកម្ពុជា និងកង យោធពលខេមរភូមិន្ទ ដែលមានការវិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ។

ក្នុងជំនួបនាឱកាសនោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសម្តែងនូវការ​ស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចសិក្សាឈ្វេងយល់ពីភាពរីកចម្រើនរបស់កម្ពុជា និងកងយោធពលខេមរភូមិន្ទ ពីសំណាក់ប្រតិភូនាយទាហានសេនាធិការ និងសិក្ខាកាម​ នៃ​មហាវិទ្យាល័យបញ្ជាការ សេនាធិការកងទ័ព នៃសាធារណរដ្ឋប្រជាមានិត បង់ក្លាដេស នៅ​កម្ពុជា​។ ឯកឧត្ដម នាយឧត្តមសេនីយ៍បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចសិក្សាឈ្វេ​ង ​​យល់ពីសំណាក់ប្រតិភូនាយទាហានសេនាធិការ និងសិក្ខាកាមកងទ័ពបង់ក្លាដេស នៅកម្ពុជា ដែលនឹងនាំមកនូវការផ្លាស់ប្ដូរបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក ក្នុងការកសាងកងទ័ព​មួយ ដើម្បីសមាហរណកម្មកងទ័ពនៅក្នុងតំបន់ ឱ្យកាន់តែមានសមត្ថភាព គុណភាព លើ​ភារកិច្ចការពារជាតិរបស់ខ្លួន និងការពារសន្តិសុខ សន្តិភាពក្នុងតំបន់។

លោកវរសេនីយ៍ទោ ម៉ូហាមម៉ាដ ទូហ្វីក ហាមីដ បានសម្ដែងនូវអំណរគុណ​យ៉ាងជ្រាល​ជ្រៅចំពោះនាយឧត្តមសេនីយ៍ និងនាយទាហានគ្រប់ជាន់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ចំពោះការទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍ប្រកបដោយភាពស្និទ្ធស្នាល រាក់ទាក់ ដល់ប្រតិ ភូ​នាយទាហានសេនាធិការ និងសិក្ខាកាម នៃមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ព បង់ក្លាដេសនៅកម្ពុជាលើកនេះ ព្រមទាំងបានផ្ដល់នូវបទបង្ហាញអំពីបទពិសោធន៍ល្អៗ របស់​កងយោធពលខេមរភូមិន្ទ ជូនដល់ប្រតិភូសិក្ខាកាម នៃមហាវិទ្យាល័យបញ្ជាការសេនាធិការ​កងទ័ព​បង់ក្លាដេស ដើម្បីបានសិក្សារៀនសូត្រ ហើយសរសេរ​សារណាបញ្ចប់​វគ្គក្រោយ​ពេលមាតុភូមិនិវត្តន៍ ទៅដល់ប្រទេសបង់ក្លាដែសវិញ។ លោកវរសេនីយ៍ទោបានគោរព អញ្ជើញ ដល់ថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ ពិសេសឯកឧត្ដម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ទៅបំពេញដំណើរទស្សនកិច្ចជាលក្ខណៈផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋ​ប្រជាមានិតបង់ក្លាដេស ទៅតាមពេលវេលាសមស្របណាមួយ។

ជាការឆ្លើយតប ឯកឧត្ដម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់នឹងថ្លែងការ​អរគុណចំពោះការអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសបង់ក្លាដេស ហើយក៏សូម​ថ្លែង​នូវអំណរអរគុណ ចំពោះរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងអគ្គសេនាធិ​ការ​កង​ទ័ពបង់ក្លាដេស ដែលកន្លងមកបានផ្ដល់នូវអាហារូបករណ៍ដល់កងទ័ពកម្ពុជា។ ឯកឧត្ដម នាយឧត្តមសេនីយ៍បានគូសបញ្ជាក់ថា កងទ័ពកម្ពុជារីករាយស្វាគមន៍ និងផ្ដល់នូវ​បទ​ពិសោធន៍តាមរយៈនៃការធ្វើបទបង្ហាញស្ដីពីការរីកចម្រើន របស់កងយោធពលខេមរភូមិន្ទ និងការវិវត្តរីកចម្រើនរបស់កម្ពុជាឱ្យដល់សិក្ខាកាមរបស់ប្រទេសបង់ក្លាដេស ដើម្បីបានសិក្សា​ឈ្វេងយល់បន្ថែមឱ្យកាន់តែច្បាស់ថែមទៀត នូវអ្វីដែលកងយោធពលខេមរភូមិន្ទ បានបំពេញ​សម្រាប់ប្រទេសជាតិរបស់ខ្លួន និងនៅក្នុងតំបន់ និងលើសកលលោក៕