កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩-កម្ពុជា បានអំពាវនាវឱ្យមានចក្ខុវិស័យតំបន់ថ្មីមួយក្នុងសហគមន៍អាស៊ីប៉ាស៊ីហ្វិក ដែលមានភាពជាដៃគូរវាងរដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីបង្កើត «សហភាពអាស៊ីប៉ាស៊ីហ្វិក» ដែលមានបេសកកម្មលើកកម្ពស់វិស័យវប្បធម៌និងសង្គម សំដៅពង្រឹងត និងពង្រីកចំណងមិត្តភាពនៅក្នុងសង្គមអាស៊ីទាំងមូល។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញចេញផ្សាយថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
អង្គការសហព័ន្ធសន្តិភាពសកល ដោយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាវប្បធម៌អាស៊ី វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងសមាគមអន្តរជាតិនៃសមាជិកសភាដើម្បីសន្តិភាព រៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩ នៅកម្ពុជា ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ«ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល» ដោយមានវត្តមានចូលរួមដោយប្រមុខរដ្ឋនិងរដ្ឋាភិបាល អតីតប្រមុខរដ្ឋនិងរដ្ឋាភិបាល ប្រធានសភា រដ្ឋមន្រ្តី តំណាងរាស្រ្ត រួមទាំងអង្គការជំនឿសាសនា សង្គមស៊ីវិល យុវជន និងប្រព័ន្ធផ្សព្វផ្សាយ។ ក្នុងសេចក្ដីថ្លែងការណ៍បានកោតសរសើរដោយស្មោះស្ម័គ្រ ចំពោះការគាំទ្រយ៉ាងពេញទំហឹងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការរៀបចំកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនេះ ដែលបានដំណើរការដោយរលូន និងប្រកបដោយជោគជ័យគួរជាទីមោទនៈ និងសូមអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែល បានទទួល «ពានរង្វាន់ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» របស់អង្គការសហព័ន្ធសន្តិភាពសកល។ ទន្ទឹមនេះ អ្នកចូលរួមទាំងអស់សូមថ្លែងអំណរគុណ និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហព័ន្ធសន្តិភាពសកល ដែលបង្កើតឡើងដោយបណ្ឌិត សាន់ ម្ញុង មូន និងភរិយា បណ្ឌិត ហាក់ ចាហាន់ មូន ដើម្បីចូលរួមចំណែកកសាងពិភពលោកមួយដែលប្រកបដោយសន្តិភាព សុភមង្គល ភាពសុខដុមរមនា និងវិបុល បង្កើតគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យ និងលើកកម្ពស់ភាពជាអ្នកដឹកនាំប្រកបដោយភាពក្លាហាន ដើម្បីដោះស្រាយបញ្ហាសំខាន់ៗនៃយុគសម័យរបស់យើង។
ជាមួយគ្នានេះ គណៈប្រតិភូដែលអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក២០១៩-កម្ពុជា បានធ្វើការអះអាងបញ្ជាក់ថា ១- សហគមន៍អន្តរជាតិត្រូវចាត់វិធានការជាបន្ទាន់និងប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុនិងបញ្ហាបរិស្ថានដទៃទៀត ដែលគំរាមកំហែងដល់ការរស់នៅរបស់មនុស្សជាតិនិងភពផែនដីរបស់យើង។ ២-កិច្ចប្រជុំកំពូលនេះបានកត់សម្គាល់ដោយក្តីកង្វល់ អំពីការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះសន្តិភាពនិងសន្តិសុខពិភពលោក ដោយសារបុព្វហេតុសង្គម នយោបាយ និងសេដ្ឋកិច្ច និងបានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការអត់ឱនគ្នា ការយល់ដឹងពីគ្នា ការរស់នៅ និងការទទួលស្គាល់តួនាទីរបស់សង្គមស៊ីវិលក្នុងការចូលរួមចំណែកដោះស្រាយជម្លោះ និងការធានាឱ្យពិភពលោកមានសន្តិភាព សមធម៌ និងបរិយាប័ន្នកាន់តែប្រសើរឡើង ដោយទទួលស្គាល់តួនាទីដ៏សំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការចូលរួមចំណែកឱ្យសម្រេចបានគោលដៅនេះ។ ៣- គូស្វាមីនិងគ្រួសារមានសារៈសំខាន់ណាស់ ដើម្បីទទួលបាននូវសន្តិភាពនិងសុភមង្គលយូរអង្វែង ដែលជាកត្តាចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងបានកត់សម្គាល់នៅក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលបានកំណត់ថា «ក្រុមគ្រួសារគឺជាក្រុមធម្មជាតិនិងមូលដ្ឋានគ្រឹះនៃសង្គម» ដែល «មានសិទ្ធិទទួលការការពារពីសង្គមនិងរដ្ឋ»។ ៤- វាជាការចាំបាច់ក្នុងការលើកកម្ពស់តួនាទីរបស់ស្ត្រី ដែលទទួលរងអំពើហិង្សាក្នុងគ្រួសារ ការរើសអើងនៅកន្លែងធ្វើការ ការទទួលការអប់រំនៅមានកម្រិត និងការកាត់ផ្តាច់ពីការទទួលឱកាសផ្សេងៗ ជាពិសេសត្រូវលើកទឹកចិត្តឱ្យស្រ្តីចូលរួមក្នុងការងារសង្គមជាតិគ្រប់លំដាប់ថ្នាក់ ដើម្បីលើកកម្ពស់សមភាពយេនឌ័រនៅក្នុងសង្គម ដោយធ្វើការស្វែងយល់ពីលក្ខណៈចុះសម្រុងគ្នា និងលក្ខណៈសម្បត្តិនៃស្រ្តីនិងបុរស។ ៥- វាមានភាពចាំបាច់ក្នុងការបញ្ចូលយុវជននិងនិស្សិតទៅក្នុងតួនាទីជាអ្នកដឹកនាំ ដោយអំពាវនាវឱ្យយុវជននិងនិស្សិតចូលរួមក្នុងការអនុវត្តកាតព្វកិច្ចសង្គម សុចរិតភាពផ្នែកសីលធម៌ និងត្រូវទទួលខុសត្រូវក្នុងការកសាងវប្បធម៌សន្តិភាព តាមរយៈការបង្កើតឱ្យមានជាផ្នត់គំនិតសាធារណៈ។ ៦- វាមានសារៈសំខាន់ណាស់ក្នុងការទទួលស្គាល់ និងការគោរពចំពោះគំនិតផ្តួចផ្តើមសន្តិភាពដោយរដ្ឋាភិបាល វិស័យឯកជន និងបុគ្គលផ្សេងទៀត ដោយកត់សម្គាល់អំពីយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដែលបានផ្តួចផ្តើមឡើងសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានធានាដល់ស្ថិរភាពនយោបាយនិងសង្គម កំណើនសេដ្ឋកិច្ច និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។ ៧- ឧត្តមគតិនៃការរស់នៅដើម្បីបំពេញប្រយោជន៍អ្នកដទៃ គឺជាមធ្យោបាយដ៏មានប្រសិទ្ធិភាពក្នុងការលើកកម្ពស់ការរស់នៅដោយចេះសម្របសម្រួលចំពោះគ្នាទៅវិញទៅមក លុបបំបាត់ការបាក់បែកសាមគ្គីនៃទំនាក់ទំនងទាំងនៅកម្រិតគ្រួសារ សង្គមជាតិ និងពិភពលោក និងអាចជំរុញការផ្សះផ្សា ដើម្បីបង្កើតវប្បធម៌គ្រួសារសកលតែមួយ។ ៨- ក្នុងន័យនេះ កិច្ចប្រជុំកំពូលបានគូសបញ្ជាក់អំពីតម្រូវការក្នុងការពង្រឹងតួនាទីគ្រួសារសម្រាប់ប្រជាជាតិនីមួយៗនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ និង ពង្រីកបរិយាកាសនៃទំនុកចិត្តចំពោះគ្នាទៅវិញទៅមក និងភាពសុខដុមរមនាក្នុងសង្គម ដើម្បីឈានទៅរកសន្តិភាព និងវិបុលភាពសកល។ កិច្ចប្រជុំកំពូលក៏បានកោតសរសើរ និងកត់សម្គាល់អំពីមតិយោបល់ និងសំណូមពរនានា ដែលបានលើកឡើងដោយអ្នកចូលរួមនៅក្នុងកម្មវិធីប្រជុំកំពូលនេះ ជាពិសេសអនុសាសន៍សម្រាប់ធ្វើការតាមដាន និងបន្តការងារដ៏មានសារៈសំខាន់សម្រាប់មនុស្សជាតិ៕